×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3644

Print this page

ឯកឧត្តម ហេង សួរ នាំយកឱកាសការងារពិសេសទាំងក្នុងនិងក្រៅប្រទេសជូនអតីតពលករនិងយុវជននៅក្នុងខេត្តឧត្តរមានជ័យ

 Saturday, 09 May 2026 15:04  |    Written by MLVT  |  1746 times

(ឧត្តរមានជ័យ)៖ អ្នកក្រុងសំរោង ជាពិសេសអតីតពលករពីប្រទេសថៃនិងយុវជនទទួលបាន «ឱកាសពិសេស» មិនត្រឹមតែការងារក្នុងស្រុក ការបណ្តុះបណ្តាលនិងកន្លែងស្នាក់នៅដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាពនិងប្រាក់ខែខ្ពស់ជាងប្រទេសថៃ។ ការផ្តល់ជូននេះធ្វើឡើងតាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលបានប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅបរិវេណ សួនវេទិកាអុំទូក ស្ថិតក្នុងបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមប្រមាណជិត ៨០០នាក់។

 

វេទិកានេះបាននាំយកតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន និងតំបន់សេដ្ឋកិច្ចធំៗជាច្រើនទៅជួបផ្ទាល់ជាមួយអ្នកស្វែងរកការងារ ដើម្បីដាក់ពាក្យ សម្ភាសនិងទទួលបានការងារភ្លាមៗដល់មូលដ្ឋានជិត ៣ ០០០កន្លែង ជាពិសេសអតីតពលករមកពីថៃ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា «ពីមុនបងប្អូនរត់រកការងារដែលចំណាយទាំងពេលវេលា និងថវិកា តែពេលច្ចុប្បន្ននេះគឺការងារ និងសាលារៀនរត់រកបងប្អូនកូនក្មួយដល់កន្លែង» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់អាទិភាពដ៏ចម្បងលើការផ្ដល់ឱកាសការងារប្រកបដោយសុវត្ថិភាព លក្ខខណ្ឌការងារកាន់តែប្រសើរ និងប្រាក់ឈ្នួលសមរម្យដល់ប្រជាពលរដ្ឋដើម្បីធានាបាននូវជីវភាពសមរម្យ និងសន្តិសុខសង្គម ក៏ដូចជាការរួមចំណែកដោយផ្ទាល់ក្នុងការជួយកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។ ជាក់ស្តែង នាពេលបច្ចុប្បន្ននៅមានឱកាសការងារចំនួនជាង​ ៩ម៉ឺនកន្លែងផ្សេងទៀតសម្រាប់ប្រជាពលរដ្ឋ។

 

នាឱកាសនោះ ឯកឧត្តម ហេង សួរ បានប្រៀបធៀបប្រាប់បងប្អូនយ៉ាងក្បោះក្បាយពីភាពខុសគ្នានៃការងារក្នុងស្រុកនិងការងារនៅថៃ។ ឯកឧត្តមបានពន្យល់ថា ការងារនៅថៃត្រូវប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរើសអើង ការប្រើប្រាស់អំពើហិង្សា រស់នៅឆ្ងាយពីក្រុមគ្រួសារ និងខ្វះការគាំពារសុខភាពទាំងពេលបច្ចុប្បន្ននិងអនាគត។ រីឯការងារក្នុងស្រុកវិញ ក្រៅពីជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសេដ្ឋកិច្ចគ្រួសារ និងអនាគតដ៏កក់ក្ដៅ ក៏ទទួលបានរបបសន្តិសុខសង្គម (ប.ស.ស.)ដែលផ្តល់អត្ថប្រយោជន៍ដ៏ច្រើននៅពេលចាប់ផ្តើមចូលធ្វើការ ជាពិសេសលើផ្នែកហានិភ័យការងារ ថែទាំសុខភាពដោយឥតគិតថ្លៃ និងប្រាក់សោធន ដូចមន្រ្តីរាជការដែរ ដែលជួយសម្រាលបន្ទុកឬអំរែកគ្រួសារ ក៏ដូចជាកូនចៅនៅពេលចូលវ័យចាស់ជរា។ ឯកឧត្តមបានរំលេចថា ពេលមានបណ្ណ ប.ស.ស. បងប្អូននឹងទៅពិនិត្យសុខភាពកាន់តែញឹកញាប់ដែលជួយធ្វើឱ្យសុខភាពកាន់តែប្រសើរ និងចៀសវាងជំងឺធ្ងន់ធ្ងរបាន។

បន្ថែមពីនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យអតីតពលករមួយចំនួនដែលរង់ចាំត្រឡប់ទៅធ្វើការនៅថៃវិញនោះឱ្យសាកល្បងចូលធ្វើការដែលបានផ្តល់ជូននេះសិន ដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ឬដាក់ពាក្យចុះឈ្មោះទៅធ្វើការនៅប្រទេសផ្សេងៗ ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ ដូចជានៅប្រទេសជប៉ុន កូរ៉េ សិង្ហបុរី ឬអ៊ីស្រ្តាអែលជាដើម ជាពិសេសសម្រាប់បងប្អូនក្នុងខេត្តឧត្តមានជ័យដែលទទួលរងការបំផ្លិតបំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរពីសង្រ្គាមឈ្លានពានរបស់សៀម។ 

 

ទន្ទឹមនេះ ក្នុងករណីដែលមិនចង់ធ្វើការនៅតាមរោងចក្រ និងក្រៅប្រទេស, អតីតពលករនិងយុវជនដែលបោះបង់ការសិក្សាអាចបង្កើតមុខរបរដោយខ្លួនឯងបានតាមរយៈការចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសពីកម្មវិធី TVET ១,៥លាននាក់ដោយឥតគិតថ្ងៃ និងទទួលបានប្រាក់ឧបត្ថមបន្ថែមទៀត ដូចជាផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ និងឆុងកាហ្វេជាដើម។ ឯកឧត្តមបន្តថា បងប្អូនអាចចុះឈ្មោះចូលរៀននៅមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នៅសាលា TVET ក្នុងខេត្តសៀមរាបដោយក្រសួងផ្តល់កន្លែងស្នាក់នៅ ជាពិសេសនៅភ្នំពេញ ដែលបងប្អូនអាចរៀនផង និងឆ្លៀតពេលធ្វើការក្រៅម៉ោងរកចំណូថែមទៀតផង។ នៅពេលរៀនចប់ ក្រសួងនឹងផ្តល់ជូនសម្ភារមួយឈុតសម្រាប់យកទៅប្រកបមុខរបរដោយខ្លួនឯង ឬជួយសម្របសម្រួលជាមួយធនាគារឱ្យផ្តល់អត្រាការប្រាក់ទាបក្នុងករណីមានតម្រូវការកម្ចីប្រាក់។ ឯកឧត្តមក៏បានបញ្រ្ជាបការយល់ដឹងនិងឱ្យចងចាំលេខទូរស័ព្ទ Hotline ១២៩៧ ដល់បងប្អូនសម្រាប់ចុះឈ្មោះរកការងារ មានចំងល់ និងសាកសួរព័ត៌មានបន្ថែម ហើយបន្តចែករំលែកដល់សមាជិកគ្រួសារ និងសាច់ញាតិផងដែរ។

 

ជាមួយនឹងការរំលឹកពីសង្រ្គាមឈ្លានពានទឹកដីនៅក្នុងខេត្តឧត្តរមានជ័យនេះ ក៏ដូចជាបណ្តាខេត្តជាប់ព្រំដែនមួយចំនួនទៀត ឯកឧត្តម ហេង សួរ បានអំពាវនាវឱ្យបងប្អូនប្រែក្លាយពីការឈឺចាប់ជាប្រវត្តិសាស្រ្តនេះទៅជាការតស៊ូខិតខំកសាងសមត្ថភាព ពង្រឹងផ្ទៃក្នុង សាមគ្គីគ្នាជាធ្លុងមួយ ព្រមទាំងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិឱ្យកាន់ខ្លាំងក្លាឡើង៕

#MLVT #HENGSour


{gallery}3644{/gallery}