Print this page

កម្មវិធី១.៥លាន៖ យុវតី សៅ យ៉ារ៉េត មិននឹកស្មានថាអ្នកបោះបង់ការសិក្សាចោលតាំងពីក្មេងអាចមានឱកាសរៀនជំនាញបានដែរ

 Tuesday, 09 July 2024 17:39  |  883 times

(ភ្នំពេញ)៖កញ្ញា សៅ យ៉ារ៉េត សិក្ខាកាមកំពុងសិក្សាក្នុង កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ជំនាញរចនាក្រាហ្វិកដោយកុំព្យទ័រ បានបង្ហាញការសប្បាយចិត្តពេលបានចូលរៀនជំនាញមួយនេះ ដោយកញ្ញាមិននឹកស្មានថា អ្នកបោះបង់ការសិក្សាចោលតាំងពីក្មេង អាយុច្រើនហើយ ក៏នៅតែអាចចូលរៀនជំនាញបានដែរ។ 

 

 

កញ្ញានិយាយថា៖«ខ្ញុំរំភើបចិត្ត ព្រោះអត់នឹកស្មានថាមានសាលាបង្រៀនអត់យកលុយ ហើយយើងឈប់រៀនច្រើនឆ្នាំ ដប់ម្ភៃឆ្នាំក៏អាចចូលរៀនបាន អាយុច្រើនក៏អាចចូលរៀនបាន។ហើយខ្ញុំសង្ឃឹមថាខំរៀនទៅ នឹងមានសមត្ថភាពធ្វើការរកលុយដោយមិនប្រើកម្លាំងដូចគេ។»

 

សិក្ខាកាមរូបនេះប្រាប់ថា អ្នកដែលបានឈប់រៀនច្រើនឆ្នាំ និងអត់មានលុយរៀនបន្តជាដើម កុំមានការព្រួយបារម្ភ អាចទៅចុះឈ្មោះចូលរៀនក្នុង កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃបាន។ បរិយាកាសនៃការសិក្សារៀនសូត្រមានផាសុខភាពល្អ គ្រូបង្រៀនមានការយកចិត្តទុកដាក់ខ្ពស់ ធ្វើឱ្យឆាប់យល់ឆាប់ចេះ និងមានទំនុកចិត្ត។ 

 

កញ្ញាប្រាប់បន្ថែមថា ការរៀនជំនាញកុំមានការបារម្ភថា ខ្លួនមិនចេះហើយរៀនមិនទាន់គេនោះ ព្រោះគ្រូបង្រៀនមានវិធីសាស្ត្រពន្យល់ឱ្យសិស្សចាប់បានចំណេះជំនាញតាំងពីដំបូង ដូចៗគ្នា។ ជាមួយគ្នានេះ កញ្ញាក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដទៃទៀត ដែលគ្មានលទ្ធភាពបន្តការសិក្សា ឬបានបោះបង់ចោលការសិក្សាច្រើនឆ្នាំ ទោះមានអាយុច្រើនក៏ដោយ អាចស្វែងរកការចុះឈ្មោះចូលរៀននៅតាមសាលាបង្រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ទូទាំងរាជធានី-ខេត្ត។ 

 

បើតាមការលើកឡើងរបស់ កញ្ញា សៅ យ៉ារ៉េត ស្របពេលប្រទេសជាតិកំពុងតែមានការអភិវឌ្ឍឥតឈប់ឈរ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក៏មិនត្រូវនៅស្ងៀមដែរ គួរតែធ្វើការអភិវឌ្ឍខ្លួនធ្វើយ៉ាងណាឱ្យដើរទាន់សម័យកាល យ៉ាងហោចណាស់ក៏ត្រូវមានចំណេះជំនាញមួយពិតប្រាកដក្នុងជីវិត ដែលអាចទៅធ្វើការងារបាននៅគ្រប់ទីកន្លែង៕

 

#MLVT #HENGSour #TVET