ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

សិក្ខាសាលាបូកសរុបសមិទ្ធផលផែនការមេលើកទី២ ស្ដីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០១៨-២០២២

 Thursday, 24 November 2022 14:26  |  3089 times  |   Print  |   Email

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាបូកសរុបសមិទ្ធផលផែនការមេលើកទី២ ស្ដីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០១៨-២០២២ និងសិក្ខាសាលាពិគ្រោះយោបល់សម្រាប់ផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ ដែលរៀបចំឡើងដោយនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយគម្រោងលើកកម្ពស់ស្តង់ដាសុវត្ថិភាព និសុខភាពការងារក្នុងវិស័យសំណង់នៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO/OSH Project) ក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុន។ 

 

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យឡើងវិញលើលទ្ធផលការងារនៃការអនុវត្តសកម្មភាពអាទិភាពនីមួយៗ នៅក្នុងផែនការមេលើកទី២ ក្នុងរយៈពេល ៥ឆ្នាំ ការកំណត់អំពីបញ្ហាប្រឈម ដើម្បីទទួលបានធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ និងពិភាក្សាលើការរៀបចំផែនមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកផែនការនៃនាយកដ្ឋានពេទ្យការងារ ក្រសួង/ស្ថាប័ន អង្គការវិជ្ជាជីវៈរបស់និយោជក អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត អង្គការដៃគូពាក់ព័ន្ធ និងតំណាងអង្គការអន្តរជាតិខាងការងារ សរុបប្រមាណ ៥០នាក់។

 

លោក Yasuo Ariga អ្នកគ្រប់គ្រងគម្រោង ILO/OSH Project បានលើកឡើងថា កន្លងមក ក្រោមកិច្ចហការជាមួយនាយកដ្ឋានពេទ្យការងារ គម្រោង បានសម្រេចបាននូវសមិទ្ធិផលជាច្រើន ក្នុងការកសាងកម្រងព័ត៌មានជាតិលើកទី២ ផែនការមេលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០១៨-២០២២ ជាដើម។ លោក លើកឡើងបន្តថា បញ្ហាសុវត្ថិភាព និងសុខភាពការងារ គឺជាបញ្ហាដែល ILO យកចិត្តទុកដាក់ខ្លាំង និងត្រូវបានដាក់បញ្ចូលជាគោលការណ៍មូលដ្ឋានទី៥ របស់អង្គការអន្តរជាតិខាងការងារ និងប្រទេសជាសមាជិក។ 

 

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ឡេង តុង បានបញ្ជាក់ផងដែរថា ក្រោមកិច្ចសហការពីគម្រោងលើកកម្ពស់ស្តង់ដាសុវត្ថិភាព និងសុខភាពការងារ នៃអង្គការអន្តរជាតិខាងការងារ ផែនមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីអ្នកជំនាញនៃអង្គការអន្តរជាតិខាងការងារ និងឈរលើមូលដ្ឋានដូចខាងក្រោម៖

-លទ្ធផលការងារសំខាន់ៗ រយៈពេល ៥ឆ្នាំ (២០១៨-២០២២) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៨-២០២២

-សមិទ្ធិផលការងារសម្រេចបានលើការអនុវត្តផែនការមេលើកទី២ឆ្នាំ២០១៨-២០២២

-កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ។ 

 

ឯកឧត្តម បានស្នើអង្គសិក្ខាសាលា ចូលរួមផ្តល់យោបល់ និងធាតុចូលឲ្យបានផុលផុស លើគោលបំណង និងសកម្មភាពគាំទ្រនានា ដើម្បីឲ្យផែនការមេលើកទី៣នេះ មានភាពគ្រប់ជ្រុងជ្រោយ និងអនុវត្តប្រកបជោគជ័យ៕

ឯកសារផ្លូវការ