(ភ្នំពេញ)៖ ក្រុមការងារកសាងកម្រងព័ត៌មានជាតិ ស្តីពីសារធាតុ អាសបេស្តុស នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ និងអង្គការអាហ្វីដា បានរៀបចំសិក្ខាសាលា ស្តីពី ការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ស្តីពីការកាត់បន្ថយផលប៉ះពាល់ និងហានិភ័យនៃជំងឺ ដោយសារធាតុអាសបេស្តុស នៅកម្ពុជា និងការចែករំលែកលទ្ធផល នៃការស្រាវជ្រាវចុងក្រោយអំពីជំងឺដែលពាក់ព័ន្ធនឹងសារធាតុអាសបេស្តុសក្នុងសកលលោក ដោយមានការចូលរួមពីសមាជិក សមាជិកា ត្រីភាគីដែលមានភាគីរាជរដ្ឋាភិបាល សហជីព និងសមាគមនិយោជក រៀបចំ នៅសណ្ឋាគារ ភ្នំពេញ។
កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ និងផ្ទាល់ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុស នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុស ឯកឧត្តម ផេង សុខាំ រដ្ឋលេខាធិការ លោក Andreas Zurbrugg អនុប្រធានបេសកកម្ម ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា លោក យ៉ាស៊ុអូ អារីហ្គា អ្នកគ្រប់គ្រងគម្រោងរបស់អង្គការអន្តរជាតិខាងការងារ(ILO/Japan)ប្រចាំនៅប្រទេសថៃ លោកស្រី Justine Ross នាយិកាទីភ្នាក់ងារ សុវត្ថិភាព និងលុបបំបាត់អាសបេស្តុសនៃ រដ្ឋាភិបាលប្រទេសអូស្ត្រាលី លោកស្រី Kate Lee នាយក APHEDA ប្រចាំប្រទេសអូស្រ្តាលី និងសាស្ត្រាចារ្យKen Takahashiហើយក៏មានការចូលរួមពីភាគីពាក់ព័ន្ធមួយចំនួនទៀតរួមមាន EURO-CHAM និងILO , APHEDA សរុបចំនួន ៤០នាក់ (ស្រី១២នាក់)។
ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានមានប្រសាសន៍ថា គ្រោះថ្នាក់ដ៏ខ្លាំងបំផុតដោយសារធាតុអាសបេស្តុស អាចបង្កជាជំងឺដែលមិនអាចព្យាបាលបាន ភាគច្រើនគឺជាជំងឺដែលបង្កទៅជាមហារីកសួត មហារីកបំពង់ក មហារីកក្រពះ និងមហារីកពោះវៀនធំជាដើម។ បច្ចុប្បន្នមានប្រទេសជាច្រើនបានបញ្ឈប់ការប្រើប្រាស់អាសបេស្តុសនេះហើយ។ ហេតុផលទាំងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងកម្មករនិយោជិត និងនិយោជក ចង់ជៀសវាងឲ្យបាននូវហានិភ័យ ដែលបង្កឡើងដោយសារអាសបេស្តុសនេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ក៏បានផ្តោតលើសកម្មភាពលុបបំបាត់ជំងឺដោយអាសបេស្តុស កំណើនបទប្បញ្ញត្តិរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) សេចក្តីណែនាំពីការអនុវត្តល្អរបស់ធនាគាអភិវឌ្ឍន៍អាស៊ី (ADB Good Practice Guide) ការពង្រឹងដែនកំណត់នៃការប៉ះពាល់របស់ សហភាព អឺរ៉ុប (EU) ការហាមឃាត់នៅប្រទេសកូឡុំប៊ី ការគ្រប់គ្រងហានិភ័យនៃសារធាតុអាសបេស្តុស និងការចំណាយលើបរិស្ថាន សេដ្ឋកិច្ច និងសុខភាព ការឆ្លុះបញ្ចាំងអំពីសន្និសីទរបស់ ASEA និងមេរៀនជាបទពិសោធន៍សម្រាប់កម្ពុជា បទបង្ហាញស្តីពីសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ដែលមានសកម្មភាពជាតិក្នុងការលុបបំបាត់ជំងឺដែលពាក់ព័ន្ធទៅនឹងសារធាតុអាសបេស្តុស នៅកម្ពុជា៕