ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

របៀបចុះឈ្មោះប្រើប្រាស់ប្រព័ន្ធទិន្នន័យរួម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ដើម្បីចូលរួមការកែលំអរថយន្តដឹកកម្មករនិយោជិត ឲ្យកាន់តែមានប្រសិទ្ធភាព គ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ត្រូវបង្កើននូវកិច្ចសហការតាមគ្រប់រូបភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់

 Tuesday, 21 December 2021 10:29  |    Written by MLVT  |  1856 times  |   Print  |   Email

(ភ្នំពេញ)៖ សិក្ខាសាលាថ្នាក់ជាតិ ស្តីពី “លទ្ធភាពក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតប្រភេទរថយន្តដឹកទំនិញ មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង” ដែលបានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា សិក្ខាសាលារយៈពេលពេញមួយថ្ងៃនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់ដល់កម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្ត ដោយឯកឧត្តម ស្នើដល់ គ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវតែបង្កើននូវកិច្ចសហការតាមគ្រប់រូបភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមការកែលំអរថយន្តដឹកកម្មករនិយោជិតនេះ ឲ្យកាន់តែមានប្រសិទ្ធភាព។  

សិក្ខាសាលានេះ គឺជាការបង្កើតវេទិកាដ៏មានសារៈសំខាន់ និងអាចឲ្យស្ថាប័នពាក់ព័ន្ធចូលរួមពិភាក្សាគ្នា ផ្លាស់ប្តូរមតិយោបល់ និងចែករំលែកនូវបទពិសោធន៍ល្អៗ ដែលជាធាតុចូលដ៏សំខាន់ក្នុងការកែលំអប្រភេទរថយន្តដឹកកម្មករនិយោជិត ឲ្យបានសមស្របទៅតាមលក្ខណៈបច្ចេកទេស និងតាមស្ថានភាពបច្ចុប្បន្នក្នុងកម្រិតស្តង់ដាមួយដែលអាចទទួលយកបាន ដើម្បីឲ្យការដឹកជញ្ជូនកម្មករនិយោជិតមានសុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់កាន់តែល្អប្រសើរជាងមុន។ មួយវិញទៀត សិក្ខាសាលានេះ នឹងជួយជំរុញលើការផ្សព្វផ្សាយនូវដំណោះស្រាយ និងអនុសាសន៍ដល់អ្នកពាក់ព័ន្ធ ជាពិសេសអ្នកធ្វើសេចក្តីសម្រេចចិត្តសម្រាប់ធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព ចរាចរណ៍សម្រាប់កម្មករនិយោជិត ព្រមទាំងសម្របសម្រួលឲ្យមានការព្រមព្រៀងពីភាគីពាក់ព័ន្ធ អំពីផែនការនៃសកម្មភាព ក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតពីប្រភេទរថយន្តដឹកទំនិញមកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាងនៅតាមតំបន់ដែលងាយរងគ្រោះ មកលើមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ទៅដល់សុវត្ថិភាពរបស់កម្មករនិយោជិតដោយបានគិតគូរអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងទៅលើកម្មករនិយោជិតនាពេលធ្វើដំណើរ និងធ្វើការជំរុញឲ្យកាន់តែប្រសើរឡើងនូវមធ្យោយបាយដឹកជញ្ជូនកម្មករនិយោជិត ដោយការប្រើប្រាស់រថយន្តជាប្រភេទដឹកអ្នកដំណើរ ការរៀបចំឲ្យមានកៅអីអង្គុយឲ្យបានសមស្រប និងការសហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីតាមដានត្រួតពិនិត្យលក្ខណៈទៅលើរថយន្តដឹកកម្មករនិយោជិតជាប្រចាំ។ ដើម្បីឲ្យការអនុវត្តការងារឲ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត(ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម ដែលមានសមាសភាពជាក្រុមការងារអន្តរក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការកំណត់មូលហេតុដែលបណ្ដាលឲ្យគ្រោះថ្នាក់ និងធ្វើការអប់រំផ្សព្វផ្សាយ ទៅដល់កម្មករនិយោជិត និងអ្នកបើកបរដឹកកម្មករឲ្យចំគោលដៅ ក្នុងន័យចូលរួមកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ទៅលើកម្មករនិយោជិត និងធានានូវសុវត្ថិភាពក្នុងការធ្វើដំណើរប្រកបដោយសុខុមាលភាព។ 

ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពក្នុងការដឹកជញ្ជូនកម្មករនិយោជិត ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានផ្តល់នូវអនុសាសន៍មួយចំនួន ដោយក្នុងនោះ៖

- សូមបន្តចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ទី៩ ក្នុងចំណោមអនុសាសន៍ទាំង១០ចំណុច ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំក្នុងកំឡុងពេលជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជាង១លាន ចំនួន ៧៧លើក ដែលអនុសាសន៍ទី៩នោះគឺ បន្តសហការជាមួយក្រសួងពាក់ព័ន្ធ ដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

- ជំរុញឲ្យអ្នកបើកបររថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករនិយោជិត ប្តូរមកប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរ

- ជំរុញឲ្យអ្នកបើកបររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរ កែច្នៃឲ្យមានកៅអីអង្គុយ ស្របតាមលក្ខណៈបច្ចេកទេស

- ជំរុញឲ្យអ្នកបើកបរយករថយន្តដឹកកម្មករនិយោជិតទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមច្បាប់កំណត់

- ជំរុញឲ្យអ្នកបើកបរយានយន្តដឹកកម្មករឲ្យមានប័ណ្ណបើកបរស្របតាមប្រភេទយាន

- លើកកម្ពស់សមត្ថភាពអ្នកបើកបររថយន្តដឹកកម្មករនិយោជិត តាមរយៈការបំប៉នជំនាញបើកបររថយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរយានយន្ត៕