ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

របៀបចុះឈ្មោះប្រើប្រាស់ប្រព័ន្ធទិន្នន័យរួម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ពិធីបិទកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់លើកទី៦ ស្តីពី “ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងតំបន់អាស៊ីអាគ្នេយ៍”

 សុក្រ, 29 តុលា 2021 18:43  |    Written by MLVT  |  1669 times  |   Print  |   Email

នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញថ្លែងសុន្ទរកថា ចូលរួមនៅក្នុងពិធីបិទកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់លើកទី៦ ស្តីពី “ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងតំបន់អាស៊ីអាគ្នេយ៍” ក្រោមប្រធានបទការផ្លាស់ប្តូរបច្ចេកវិទ្យា និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឌីជីថល ដែលនឹងប្រព្រឹត្តធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ។ កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់លើកទី៦នេះ រៀបចំឡើង ក្នុងគោលបំណងចំនួន៣ រួមមាន៖

១) ចែករំលែកបទពិសោធន៍ល្អក្នុងកម្រិតថ្នាក់ជាតិ និងតំបន់ ដំណោះស្រាយ ប្រកបដោយភាព ច្នៃប្រឌិតនិងគំនិតផ្តួចផ្តើម ក្នុងគោលបំណងធានា និងលើកកម្ពស់ការបន្តសេវា TVET ក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។

២) ពង្រឹងកិច្ចសហប្រតិបត្តិការកម្រិតតំបន់រវាងក្រសួង/នាយកដ្ឋានTVET ទីភ្នាក់ងារ អភិវឌ្ឍន៍ TVET ស្ថាប័ន-គ្រឹះស្ថាន TVET និងអ្នកពាក់ព័ន្ធ TVET ផ្សេងៗទៀតនិង

(៣) កំណត់ឱកាសសម្រាប់កិច្ចសហការលើសកម្មភាព TVET រួមគ្នាក្នុងការឆ្លើយតប ទៅនឹង ការរីករាលដាលនៃជំងឺកូវីដ ១៩។

ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំសម្រាប់កិច្ចប្រជុំចំនួន ០៤ចំណុច ដូចខាងក្រោម៖

    ១-បន្តជំរុញការធ្វើសមាហរណកម្មក្របខ័ណ្ឌគុណវុឌ្ឍិជាតិរបស់រដ្ឋសមាជិកអាស៊ាន ស្របតាមគុណវុឌ្ឍិយោងអាស៊ាន (AQRF) ក្នុងការធានាបានគុណភាពនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការសិក្សាពេញមួយជីវិត។

    ២-បន្តលើកទឹកចិត្តឱ្យមានភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ដើម្បីលើកកម្ពស់គុណភាពជំនាញ ដល់យុវជន កម្មករជំនាញ តាមរយៈការប្រកួតប្រជែងជំនាញអាស៊ាន។

    ៣-ពន្លឿនការសិក្សាស្រាវជ្រាវពី តម្រូវការជំនាញនៅក្នុងតំបន់ និងរៀបចំឱ្យមានប្រព័ន្ធព័ត៌មានទីផ្សារការងាររួមមួយសម្រាប់អាស៊ាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់រដ្ឋជាសមាជិកអាស៊ានក្នុងការបណ្តុះបណ្តាលជំនាញឱ្យបានឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅក្នុងតំបន់។

    ៤-បន្តសហការផ្លាស់ប្តូរកម្មវិធីបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សារបស់គ្រូបច្ចេកទេស និងសិស្ស និស្សិត ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗពីបណ្តាប្រទេសក្នុងតំបន់។