ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

របៀបចុះឈ្មោះប្រើប្រាស់ប្រព័ន្ធទិន្នន័យរួម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ពិធីប្រគល់ដំណែងជាប្រធាន និងម្ចាស់ផ្ទះនៃសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១ និងកិច្ចប្រជុំគណៈកម្មការអធិការកិច្ចការងារអាស៊ានលើកទី២

 ពុធ, 15 ធ្នូ 2021 16:43  |    Written by MLVT  |  3442 times  |   Print  |   Email

(ភ្នំពេញ)៖ នៅទីស្តីការក្រសួង នាថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុក ចាន់ធូ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានអធិការកិច្ចការងារ និង ឯកឧត្តម ឡេង តុង ទីប្រឹក្សាក្រសួង និង​ជា​ប្រធាន​នាយក​ដ្ឋានពេទ្យ​ការងារ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១០ និងកិច្ចប្រជុំគណៈកម្មការអធិការកិច្ចការងារអាស៊ានលើកទី១ តាមប្រព័ន្ធវីដេអូ។ សន្និសីទ និងកិច្ចប្រជុំនេះ ត្រូវបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ និងដឹកនាំដោយប្រទេសព្រុយណេដារូសាឡឹម ដោយមានការចូលរួមពីជនបង្គោលអធិការកិច្ចការងាររបស់រដ្ឋសមាជិកអាស៊ាន តំណាងបណ្តាញសុវត្ថិភាពនិងសុខភាពការងារអាស៊ាន (ASEAN-OSHNET) តំណាងក្រុមការងារនៃកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន អំពីការអភិវឌ្ឍវឌ្ឍនភាពការងារ ដើម្បីពង្រឹងភាពប្រកួតប្រជែងអាស៊ាន (SLOM-WG) តំណាងលេខាធិការដ្ឋានអាស៊ាន អង្គការអន្តរជាតិខាងការងារ (ILO) តំណាងសមាគមអធិការកិច្ចការងារអន្តរជាតិ (IALI) ប្រមាណជិត១០០នាក់។ 

សន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១០នេះ ធ្វើឡើងក្រោមមូលបទ “ការកសាងសមត្ថភាព និងការត្រៀមខ្លួនរបស់អធិការការងារនៅក្នុងតំបន់អាស៊ាន” ក្នុងគោលបំណងផ្តោតសំខាន់លើបញ្ហាប្រឈម និងយុទ្ធសាស្រ្តឆ្ពោះទៅការកសាង និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពនៃអធិការការងារ ស្របតាមច្បាប់ និងបទប្បញ្ញត្តិការងារ សម្រាប់ការត្រៀមខ្លួនកាន់តែប្រសើរ និងអធិការកិច្ចជាយុទ្ធសាស្រ្តនាពេលអនាគត។ ចំណែកកិច្ចប្រជុំរបស់គណៈកម្មការអធិការកិច្ចការងារអាស៊ាន ដែលបានប្រព្រឹត្តទៅនៅពេលរសៀលថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាកិច្ចប្រជុំលើកដំបូង បន្ទាប់ពីរដ្ឋមន្រ្តីការងារអាស៊ានបានឯកភាព និងអនុម័តលើលក្ខខណ្ឌប្រតិបត្តិ ឱ្យបង្កើតគណៈកម្មការអធិការកិច្ចការងារអាស៊ាន។ កិច្ចប្រជុំលើកនេះ ធ្វើឡើងក្រោមការដឹកនាំដោយប្រទេសព្រុយណេដារូសាឡឹម ក្នុងរបៀបវារៈ (១) ធ្វើការប្រកាសសមាសភាពគណៈកម្មការអធិការកិច្ចការងារអាស៊ាន (២) ផ្លាស់ប្តូរមតិយោបល់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ចការងារ និង (៣) ពិភាក្សាលើឯកសារពាក់ព័ន្ធនិងទិសដៅនាពេលអនាគតរបស់គណៈកម្មការអធិការកិច្ចអាស៊ាន។ 

ជាលទ្ធផល មន្រ្តីបង្គោលអធិការកិច្ចការងារអាស៊ានបានដាក់ចេញ និងអនុម័តនូវលទ្ធផលនិងអនុសាសន៍នៃសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១០ ដែលផ្តោតទៅលើការកសាងក្របខ័ណ្ឌសមត្ថភាពរបស់អធិការការងារ ដោយកំណត់សមត្ថភាពគន្លឹះដែលអធិការការងារត្រូវមាន ឧបករណ៍ផ្សេងៗសម្រាប់បង្កើននិងពង្រឹងសមត្ថភាពរបស់អធិការការងារ និងកិច្ចសហការជាមួយដៃគូសង្គមដើម្បីបង្កើនប្រសិទ្ធភាពអធិការកិច្ចការងារ។

នៅក្នុងពិធីបិទនៃសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១០ និងពិធីបិទកិច្ចប្រជុំគណៈកម្មការអធិការកិច្ចការងារអាស៊ានលើកទី១ ឯកឧត្តម អ៊ុក ចាន់ធូ បានទទួលតួនាទីជាប្រធាន និងជាម្ចាស់ផ្ទះសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១ និងកិច្ចប្រជុំគណៈកម្មការអធិការកិច្ចការងារអាស៊ានលើកទី២ ក្នុងឆ្នាំ២០២២។ ឯកឧត្តម បានកោតសរសើរដល់ប្រទេសព្រុយណេដារូសាឡឹមសម្រាប់ការដឹកនាំសន្និសីទ និងកិច្ចប្រជុំឆ្នាំនេះបានយ៉ាងល្អប្រសើរ និងគូសបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការធ្វើជាប្រធាននិងម្ចាស់ផ្ទះរៀបចំកម្មវិធីទាំងពីរ ក៏ដូចជារង់ចាំទទួលស្វាគមន៍គណៈប្រតិភូនៃគណៈកម្មការអធិការកិច្ចការងារអាស៊ាន មកប្រទេសកម្ពុជា នៅឆ្នាំក្រោយ៕

ឯកសារផ្លូវការ