ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

របៀបចុះឈ្មោះប្រើប្រាស់ប្រព័ន្ធទិន្នន័យរួម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ពិព័រណ៍ការងារការងារ និងផលិតភាពជាតិអនឡាញ រយៈពេល ២ថ្ងៃ បានផ្តល់ឱកាសការងារគ្រប់មុខតំណែងរាប់ម៉ឺនកន្លែង ដល់អ្នកស្វែងរកការងារ

 សុក្រ, 05 វិច្ឆិកា 2021 19:38  |    Written by MLVT  |  2262 times  |   Print  |   Email

(ភ្នំពេញ)៖ ក្រោយបិទបញ្ចប់ ពិព័រណ៍ការងារការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ នាល្ងាចថ្ងៃទី៥ ខែវិច្ឆិកានេះ បានបង្ហាញថា យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ បានចូលមើលគេហទំព័រការងារ www.careerfair.nea.gov.kh រាប់ម៉ឺននាក់ដែលស្មើនឹងចំំនួន ៦ម៉ឺនដង ដើម្បីស្វែងយល់ពីឱកាសការងារ និងក្រុមហ៊ុនដែលខ្លួនពេញចិត្ត។ ពិព័រណ៍ការងារឆ្នាំនេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុន សហគ្រាសធំៗ រួមទាំងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិចំនួនប្រមាណ ១០០ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទ ជាង ២ម៉ឺនកន្លែង ដើម្បីផ្សព្វផ្សាយជ្រើសរើសកម្លាំងពលកម្មនេះ។ ជាលទ្ធផលបឋម ក្រុមហ៊ុន និងសហគ្រាសនានា ទទួលបានពាក្យស្វែងរកការងារ (CVs) រាប់ពាន់។

ពិព័រណ៍នេះបានបង្កបរិយាកាសប្រាស្រ័យទាក់ទងគ្នារវាងក្រុមហ៊ុន និងអ្នកចូលទស្សនា ឬអ្នកដាក់ពាក្យស្នើសុំការងារបានពីគ្រប់ទីកន្លែង និងគ្រប់ប្រភេទមុខតំណែង ដោយបមរតិបត្តិការនៅលើទំព័រការងារ www.careerfair.nea.gov.kh និងកម្មវិធីទូរស័ព្ទដែលមានឈ្មោះថា "NEA Career Fair" នៅក្នុងប្រព័ន្ធ IOS និង Android។ អ្នកស្វែងរកការងារអាចស្វែងរកមុខតំណែង និងក្រុមហ៊ុនដែលខ្លួនពេញចិត្ត ហើយដាក់ពាក្យផ្ទាល់ដោយងាយស្រួលតាមអនឡាញ។

ក្រៅពីផ្តល់ឱកាសការងារតាមអនឡាញ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២១ ក៏បានរៀបចំនូវសិក្ខាសាលាតាមប្រព័ន្ធអនឡាញ Zoom ដើម្បីចែករំលែកព័ត៌មាន និងបទពិសោធន៍ដល់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការងារ អាជីព ជំនាញ ធនធានមនុស្ស និងការបណ្តុះផ្នត់គំនិតយល់ដឹងពីការបង្កើននិងរក្សាផលិតភាពនៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិល្បីៗ។

ក្នុងនាមអ្នកចូលរួមឧបត្ថម្ភ ជំរុញដំណើរការពិព័រណ៍មួយនេះ ឲ្យមានភាពសស្រាក់សស្រាំ គគ្រឹកគគ្រេង កញ្ញា សៀង ថៃស្រេង តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានបង្ហាញនូវការពេញចិត្តចំពោះការរៀបចំ របៀបវារៈនៅក្នុងកម្មវិធីនីមួយៗ ដែលរៀបចំឡើងដោយ NEA គឺបានល្អ ចំពោះការធ្វើបទបង្ហាញរបស់វាគ្មិន ពីបណ្តាលក្រុមហ៊ុននីមួយៗ គឺមានការចាប់អារម្មណ៍ច្រើនពីបេក្ខជន និងអ្នកដែលបានចូលទស្សនា។ ម្យ៉ាងវិញទៀត កញ្ញា ថៃស្រេង យល់ថាចំនួននៃការដាក់ពាក្យ គឺមានចំនួនច្រើនដែលអាចទទួលយកបាន ហើយក៏មានចម្ងល់ផ្សេងៗ ដែលបានសួរពីបេក្ខជនផងដែរ។ ដូច្នេះយើងឃើញថា ការរៀបចំធ្វើពិព័រណ៍ការងារតាមអនឡាញនេះ គឺមានការចាប់អារម្មណ៍ច្រើនពីអ្នកដែលកំពុងស្វែងរកការងារ ក៏ដូចជាអ្នកដែលចង់ផ្លាស់ប្តូរការងារផងដែរ។

ជានាយកផ្នែកអភិវឌ្ឍន៍ទេពកោសល្យបុគ្គលិក ប្រចាំក្រុមហ៊ុន កូកា-កូឡា លោកស្រី ស៊ី សុជាតា ឯណោះវិញ ពិតជាមានមោទនភាពចំពោះការចូលរួមសហការជាមួយ NEA នាពេលកន្លងមក ដែលក្រុមហ៊ុនភេសជ្ជៈកូកា-កូឡា កម្ពុជា បានបង្កើតឱកាសការងារជាច្រើនកន្លែងជូនដល់ សិស្ស និស្សិត និងបេក្ខជន បេក្ខនារី ដែលកំពុងស្វែងរកបទពិសោធន៍ការងារថ្មី មិនតែប៉ុណ្ណោះ លោកស្រីយល់ថាការវិវឌ្ឍន៍នៃពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ នៅតែបន្តបង្កើតឱកាសការងារជាបន្តបន្ទាប់ទៀត ក្នុងទំរង់បែបឌីជីថល និងបត់បែនទៅតាមបរិបទសង្គម។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារនេះគឺជាការអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកការបើកចំហឱកាសការងារ ដោយផ្តោតលើការយកចិត្តទុកដាក់ក្នុងការជួយបែងចែកឱកាសទាំងនេះឱ្យ បានទៅដល់សាធារណជនគ្រប់រូបប្រកបដោយតម្លាភាព សមធម៌ និងការទទួលខុសត្រូវខ្ពស់ សំដៅប្រែក្លាយឱកាសការងារទាំងអស់ទៅជាមុខរបរកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសការគាំទ្រដល់ការបង្កើតប្រាក់ចំណូលក្នុងជីវភាពគ្រួសារ និងចៀសវាងការធ្លាក់ចូលក្នុងភាពគ្មានការងារធ្វើ ឬភាពក្រីក្រ។

ទោះបីពិព័រណ៍ត្រូវបានបញ្ចប់ ប៉ុន្តែយន្តការនៃការផ្តល់សេវាការងារនៅតែបន្តជារៀងរាល់ថ្ងៃតាមរយៈទំព័រ www.nea.gov.kh, ទំព័រ Facebook (NEA Khmer), មជ្ឈមណ្ឌលការងារទាំង​១៣ នៅតាមបណ្តារាជធានីខេត្ត និងមជ្ឈមណ្ឌលការងារចល័ត ចំនួន ៣ ដែលអាចផ្តល់សេវាការងារជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕