ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

របៀបចុះឈ្មោះប្រើប្រាស់ប្រព័ន្ធទិន្នន័យរួម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

សមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ ចូលជួបរដ្ឋមន្ត្រីក្រសួងការងារ ដើម្បីសុំអនុសាសន៍ និងគាំទ្របន្ថែមទៀតពីក្រសួង

 ព្រហស្បតិ៍, 06 មករា 2022 12:40  |    Written by MLVT  |  1155 times  |   Print  |   Email

(ភ្នំពេញ)៖ សមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ដឹកនាំដោយ លោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយស និងលោក លឹម តុង ប្រធានសមាគមក្នុងអណត្តិ បានដឹកនាំគណៈប្រតិភូរបស់សមាគមចូលជួបសម្តែងការគួរសម ណែនាំខ្លួន និងស្នើសុំការគាំទ្រពីក្រសួង ព្រមទាំងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ពាក់ព័ន្ធនឹងដំណើរការសកម្មភាពការងាររបស់ សមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ នៅទីស្តីការក្រសួងការងារ។

លោកឧកញ៉ា លី ឃុនថៃ បានថ្លែងអំណរគុណ និងបញ្ជាក់ថា សមាគមនេះមានដំណើរការកកើតឡើងមកដល់បច្ចុប្បន្ននេះ ក៏មានការចូលរួមជួយជ្រោមជ្រែងយ៉ាងធំធេងពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលកន្លងមក។  

លោក លឹម តុង ប្រធានសមាគម ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា សមាគមនេះ បានបង្កើតឡើងក្នុងឆ្នាំ២០១៩ តែដោយសារតែមានការរំខានពីការរាតត្បាតនៃជំងឺកូវីដ-១៩ ទើបធ្វើអោយសមាគមមានសកម្មភាពឡើងវិញក្នុងឆ្នាំ២០២១នេះ។ ជាមួយគ្នានេះ លោកក៏បានធ្វើការស្នើសុំឯកឧត្តមរដ្ឋមន្ត្រី ដោយអនុញ្ញាតឲ្យមានអ្នកតំណាងរបស់សមាគម មានវត្តមានចូលរួមនៅក្នុងកិច្ចប្រជុំ សិក្ខាសាលា និងវេទិការនានារបស់រដ្ឋាភិបាល ដើម្បីសមាគមអាចមានលទ្ធភាពធ្វើការផ្សព្វផ្សាយបន្តទៅកាន់សមាជិកទាន់ពេលវេលា និងអាចបង្កើនទំនុកចិត្តក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេស មកដាក់ទុនវិនិយោគ បង្កើតរោងចក្រ ដើម្បីផ្តល់ការងារជូនពលរដ្ឋកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ទន្ទឹមនឹងនេះ សមាគមមានបំណងសហការជាមួយក្រសួងឲ្យបានល្អប្រសើរជាងនេះទៀត ដោយរៀបចំឲ្យមានជាកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងពេលណាមួយ។ មួយវិញទៀត រោងចក្រមួយចំនួនដែលជាសមាជិករបស់សមាគមនាពេលបច្ចុប្បន្ននេះ កំពុងតែខ្វះកម្លាំងពលកម្មដើម្បីបំរើការងារនៅក្នុងផ្នែកផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនេះផងដែរ ដូច្នេះសមាគមចង់សហការបន្ថែមជាមួយក្រសួងដើម្បីជ្រើសរើសកម្លាំងពលកម្មសម្រាប់បម្រើការងារនៅក្នុងច្រវ៉ាក់ផលិតកម្មរបស់រោងចក្រ។  

ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងរីករាយដែលបានទទួលជួបខាងសមាគម ដែលនេះជាយន្តការថ្មីមួយដែលបានកើតឡើង ស្របតាមដំណើរការរីកចម្រើននៃអាជីវកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា។ 

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង គាំទ្រចំពោះការស្នើសុំរបស់លោកប្រធានសមាគមដែលឲ្យមានជាកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួង និងក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំនានារបស់តំណាងសមាគម ដែលរៀបចំឡើងដោយក្រសួង ។   

ឯកឧត្តមលើកឡើងថា ការបង្កើតសមាគមនេះ វាជាយន្តការមួយក្នុងការ ចូលរួមជាមួយអ្នកវិនិយោគ និងវេទិការបស់រាជរដ្ឋាភិបាល និងក៏ជាការចូលរួមចំណែកលើការសម្របសម្រួលក្នុងក្របខណ្ឌត្រីភាគី អនុវត្តតាមបទដ្ឋានការងារ, កាតព្វកិច្ចរបស់រោងចក្រ, អត្ថប្រយោជន៍របស់កម្មករ និងការដោះស្រាយវិវាទការងារជាដើម។ 

ចំពោះបញ្ហាប្រឈមកង្វះកម្លាំងពលកម្មរបស់រោងចក្រមួយចំនួនរបស់សមាគម ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសមាគម សហការជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីធ្វើការផ្សព្វផ្សាយពីឱកាសការងារ និងរើសកម្លាំងពលកម្ម ផ្គត់ផ្គង់កម្លាំងពលកម្មមកដល់រោងចក្រទាំងនោះ។ សម្រាប់កម្លាំងពលកម្មជំនាញវិញ ខាងសមាគមអាចទាក់ទងផ្ទាល់តាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទរបស់ក្រសួងបានគ្រប់ពេលដើម្បីរើសជំនាញតាមអ្វីដែលជាតម្រូវការ។ 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើអោយកំណត់ពេលជាទៀងទាត់ណាមួយ ដើម្បីជួបពិភាក្សាការងារជាមួយសមាគម តែបើខាងសមាគមមានបញ្ហាប្រឈមអ្វីមួយចង់ឲ្យក្រសួងជួយដោះស្រាយ អាចធ្វើការទំនាក់ទំនង ឬមកកាន់ក្រសួងដោយផ្ទាល់ក៏បានដើម្បីក្រសួងធ្វើការដោះស្រាយ និងសម្របសម្រួលជូន៕