ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

របៀបចុះឈ្មោះប្រើប្រាស់ប្រព័ន្ធទិន្នន័យរួម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

រដ្ឋមន្រី្តក្រសួងការងារ គាំទ្រអង្គការ ហេឡែន ខេលល័រ ដែលបានរៀបចំគម្រោងសាកល្បង ការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមបណ្តារោងចក្រ

 អង្គារ, 30 វិច្ឆិកា 2021 11:07  |    Written by MLVT  |  1764 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគាំទ្រចំពោះអង្គការ ហេឡែន ខេលល័រ ដែលនឹងត្រូវអនុវត្តសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមបណ្តារោងចក្រមួយចំនួន ដោយឯកឧត្តមដ្ឋមន្ត្រី ស្នើឲ្យមានការរៀបចំជាកិច្ចព្រមព្រៀងអនុស្សារណៈនៃការយោគយល់គ្នា(MOU) រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការ ដើម្បីធ្វើឲ្យគម្រោងនេះអនុវត្តទៅទទួលបានប្រសិទ្ធភាព និងជោគជ័យរួម។ 

ការគាំទ្របែបនេះ របស់ឯកឧត្តមរដ្ឋមន្ត្រីធ្វើឡើងក្នុងឱកាស ឯកឧត្តមអនុញ្ញាតឲ្យលោកស្រី Gwyneth Cotes នាយិកាប្រចាំប្រទេស អង្គការ ហេឡែន ខេលល័រ អន្តរជាតិ ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីស្នើសុំកិច្ចសហការពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមបណ្តារោងចក្រមួយចំនួន។ 

នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះអង្គការហេឡែន ខេលល័រ ដែលបានបានចាប់ផ្តើមធ្វើសកម្មភាពរបស់ខ្លួនតាំងពីឆ្នាំ ១៩៩២មកម្ល៉េះ ពិតជាបានរួមចំណែកច្រើនក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអង្គការក្រៅរដ្ឋាភិបាលជាដៃគូសង្គមមួយដែលមិនអាចខ្វះបាន ដែលភាពជាដៃគូ រវាងរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល នេះ ពិតជាជួយជំរុញបន្ថែមដល់និរន្តភាពសកម្មភាពរបស់អង្គការតទៅមុខទៀត។ 

ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីវិបត្តិកូវីដ-១៩ ដែលធ្វើឲ្យមានការរាំងស្ទះដល់គ្រប់វិស័យ ជាពិសេសសម្រាប់វិស័យការងារជាវិស័យមួយជួបនូវការលំបាកផងដែរ ធ្វើឲ្យកម្មករនិយោជិតបាត់បង់ការងារ និងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព ដែលទាមទារឲ្យរាជរដ្ឋាភិបាលខិតខំដោះស្រាយតាមរយៈវិធានការឧបត្ថម្ភជាកញ្ចប់។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជាគន្លឹះ ធ្វើឲ្យប្រជាពលរដ្ឋមានភាពស៊ាំមនៅក្នុងសហគមន៍ ហើយអាចបើកដំណើរការប្រទេសឡើងវិញ។ 

លោកស្រី Gwyneth Cotesបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា អង្គការ ហេឡែន ខេលល័រ ជាអង្គការមនុស្សធ៌មមិនមែនរដ្ឋាភិបាល ដែលបានកំពុងអនុវត្តកម្មវិធីលើកកម្ពស់សុខភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ដោយមានកិច្ចសហការយ៉ាងជិតស្និតជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងផែនការ ក្រសួងអប់រំយុវជន និងកីឡា និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ 

បច្ចុប្បន្ននេះ អង្គការ ហេឡែន ខេលល័រ កំពុងរៀបចំដំណើរការសាកល្បងគម្រោងលើកកម្ពស់ សុខភាពនិងអាហារូបត្ថម្ភ ស្ត្រី និងកុមារនៅតាមបណ្តារោងចក្រមួយចំនួនតាមរយៈការគាំទ្រថវិការបស់គម្រោង GIZ-MUSEFO ដើម្បីរួមចំណែកលើកកម្ពស់ សុខភាព ផលិតភាព និងសេដ្ឋកិច្ចកម្ពុជា។ 

កម្មវិធីនេះនឹងផ្តោតលើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារៈសំខាន់នៃសុខភាពនិងអាហារូបត្ថម្ភដូចជា៖ សារៈសំខាន់នៃអាហារូបត្ថម្ភក្នុងការលើកកម្ពស់សុខភាព និងការពារជំងឺផ្សេងៗអត្ថប្រយោជន៍ការបរិភោគអាហារចម្រុះ ដែលមានសារជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាព និងថាមពលមាំមួន ការថែទាំសុខភាពពេលលំហែមាតុភាព និងក្រោយសម្រាលកូន ការអប់រំស្តីពីការចិញ្ចឹមទារក និងកុមារតូចក្នុងកំឡុងពេលធ្វើការដើម្បីឲ្យកូនរបស់ពួកគេមានសុខភាពល្អ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។ 

នៅក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងពីការយកចិត្តទុកដាក់គិតគូដល់បងប្អូនកម្មករនិយោជិត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលកន្លងមកសម្តេចតេជោនាយករដ្ឋមន្ត្រី បានចុះទៅឃើញស្ថានភាពបែបនេះតាមបណ្តារោងចក្រ ហើយសម្តេចតេជោ បានផ្តល់អនុសាសន៍ឲ្យមានការរៀបចំនៅកន្លែងធ្វើការ ត្រូវមានអាហារដ្ឋាន កន្លែងបំបៅដោះកូន ជាដើម។ មួយវិញទៀតចំពោះគម្រោងនេះ ក៏ជាការផ្ញើសារមួយទៅកាន់ទីផ្សារបញ្ជាទិញអន្តរជាតិធំៗផងដែរអំពី កិច្ចគាំពារ លក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា គម្រោងនេះគឺយើងធ្វើនៅតាមរោងចក្រមិនមែនអនុវត្តនៅតាមសហគមន៍ទេ ដូច្នេះនៅទីតាំងរោងចក្រ គឺជាទីកន្លែងអាជីវកម្មមួយដែលមានការគ្រប់គ្រងពីនិយោជក មានម៉ោងធ្វើការច្បាស់លាស់ យើងត្រូវប្រាកដថាមានទំនាក់ទំនងវិជ្ជាជីវៈល្អជាមួយអ្នកពាក់ព័ន្ធ ដូច្នេះឯកឧត្តមបណ្ឌិត ស្នើឲ្យមានកិច្ចសហការផ្លូវការ ដោយមានអនុស្សរណៈរវាងអង្គការជាមួយក្រសួង ដើម្បីមានសកម្មភាពសម្រាប់យកទៅអនុវត្ត និងមានគោលដៅច្បាស់លាស់ ទទួលបាននូវលទ្ធផលគាប់ប្រសើរថែមទៀត។  

លោកស្រីនាយិកា បានថ្លែងអរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការដែលឈានឲ្យមានការចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការអនុវត្តគម្រោងនេះ ហើយរំពឹងថា គម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមបណ្តារោងចក្រនេះនឹងទទួលបានលទ្ធផលជោគជ័យ៕