ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

របៀបចុះឈ្មោះប្រើប្រាស់ប្រព័ន្ធទិន្នន័យរួម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

រដ្ឋមន្ត្រីក្រសួងការងារ ណែនាំភាគីពាក់ព័ន្ធសិក្សាឱ្យបានស៊ីជម្រៅអំពីបញ្ហាប្រឈម ក្នុងការដោះស្រាយវិវាទការងារ សំដៅធានាបានសុខដុមរមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលជាកត្តាស្នូលទាក់ទាញការវិនិយោគ

 ច័ន្ទ, 13 ធ្នូ 2021 11:05  |    Written by MLVT  |  1403 times  |   Print  |   Email

(ភ្នំពេញ)៖ ថ្លែងបើកវេទិកាត្រីភាគី “ស្តីពីអនាគតនៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល” នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធសិក្សាឱ្យបានស៊ីជម្រៅអំពីបញ្ហាប្រឈមដែលបាននិងកំពុងជួបប្រទះក្នុងការដោះស្រាយវិវាទការងាររួម ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងស្វែងរកដំណោះស្រាយរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការដាក់ឱ្យដំណើរការការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សូមធ្វើការពិចារណាដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន និងដើម្បីផលប្រយោជន៍រួម សំដៅធានាបានសុខដុមរមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលជាកត្តាស្នូលក្នុងការទាក់ទាញការវិនិយោគ។ 

 

វេទិកានេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ក្នុងចំនួនកំណត់ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងបើកឱ្យមានការចូលរួមតាមរយៈប្រព័ន្ធវីដេអូ (Zoom) ដោយមានការចូលរួមពីតំណាងអង្គការ ILO តំណាងក្រុមប្រឹក្សាអាជ្ញាកណ្តាលនិងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល តំណាងអង្គការវិជ្ជាជីវៈរបស់និយោជក តំណាងអង្គការវិជ្ជាជីវៈរបស់កម្មនិយោជិត និងតំណាងអ្នកបញ្ជាទិញអន្តរជាតិ។ 

វេទិកាត្រីភាគីនេះ គឺជាឱកាសដ៏សំខាន់ក្នុងការពិនិត្យឡើងវិញនូវសមិទ្ធផលការងារនិងបញ្ហាប្រឈមនានានៅក្នុងការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការអនុវត្តយន្តការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការគាំទ្រនូវយន្តការនេះ គឺជាកត្តាដែលមិនអាចខ្វះបានដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារ, ធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ, លើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនកម្មករនិយោជិត, និងធានាបាននូវនិរន្តភាពអាជីវកម្ម-ពាណិជ្ជកម្ម ព្រមទាំងទាក់ទាញការវិនិយោគនៅកម្ពុជា។ 

ឯកឧត្តមបណ្ឌិត អុិត សំហេង មានប្រសាសន៍ថា ផ្អែកលើភាពជោគជ័យ បទពិសោធន៍ និងបញ្ហាប្រឈមនានាក្នុងការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល គ្រប់ភាគីបន្តផ្តល់ទំនុកចិត្តដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទបុគ្គលដូចមានកំណត់ក្នុងមាត្រា៣០០ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការងារ ឆ្នាំ២០២១នេះ។ ក្នុងន័យនេះ ឯកឧត្តម ជឿជាក់ថា វេទិកាត្រីភាគីនាថ្ងៃនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកំណត់នូវទិសដៅរួមគ្នាមួយ ដែលកើតចេញការឯកភាពនិងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ លើអនាគតនៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ 

ដើម្បីចូលរួមនិងជំរុញឱ្យវេទិកានេះសម្រេចបានតាមលទ្ធផលដែលបានគ្រោងទុក ឯកឧត្តមរដ្ឋមន្ត្រី អះអាងថា នីតិវិធីដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងត្រូវបន្តអនុវត្តស្របតាមបទប្បញ្ញត្តិជាធរមាន។ ការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវអនុវត្តស្របតាមប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យការងារ។ ហើយការដាក់ឱ្យដំណើរការជាក់ស្តែង គឺអាស្រ័យលើស្ថានភាព និងការត្រៀមខ្លួនរួចរាល់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលលើគ្រប់ទិដ្ឋភាពរួមទាំងកត្តាធនធានមនុស្ស កត្តាទីកន្លែង និងកត្តាហិរញ្ញវត្ថុ។ 

ឯកឧត្តម បានលើកទឹកចិត្តឱ្យបន្តយន្តការគាំទ្រហិរញ្ញវត្ថុពីពហុភាគី ប៉ុន្តែសូមជៀសវាងការធ្វើចលនាទាមទារឱ្យមានការកាត់ភាគទានពីកម្មករនិយោជិតតាមរយៈសហជីព ដើម្បីគាំទ្រហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងដំណាក់កាលនៃការស្តារសេដ្ឋកិច្ចក្នុងនិងក្រោយវិបត្តិកូវីដ-១៩នេះ ព្រោះវាអាចជះឥទ្ធិពលអវិជ្ជមានដល់ការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនិងការលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនកម្មករនិយោជិត។ ការជ្រើសរើសនិងការបណ្តុះបណ្តាលអាជ្ញាកណ្តាលការងារថ្មីៗ បន្ថែមគឺជាកត្តាចាំបាច់ ដើម្បីធានានិរន្តរភាពនិងប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានណែនាំឱ្យវិទ្យាស្ថានជាតិការងារចាប់ផ្តើមរៀបចំការបណ្តុះបណ្តាលអាជ្ញាកណ្តាល ស្របតាមខ្លឹមសារនៃអនុក្រឹត្យស្តីពីការបង្កើតវិទ្យាស្ថានជាតិការងារផងដែរ៕