ប្រាក់ឈ្នួលអប្បបរមា
មាត្រា១០៤ ១០៥ និង៣៥៧ នៃច្បាប់ស្តីពីការងារ |
យោងតាមច្បាប់ស្តីពីការងារ ប្រាក់ឈ្នួល យ៉ាងតិចណាស់ក៏ត្រូវស្មើនឹងប្រាក់ឈ្នួលអប្បបរមាដែលត្រូវធានា។ ប្រាក់ឈ្នួលអប្បបរមាដែលត្រូវធានានេះ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងទទួលបន្ទុកវិស័យការងារ បន្ទាប់ពីពិនិត្យលើយោបល់របស់គណៈកម្មការប្រឹក្សាការងារ ដែលមានតំណាងមកពីត្រីភាគី រួមមានភាគីរាជរដ្ឋាភិបាល ភាគីនិយោជក និងភាគីកម្មករនិយោជិត/សហជីព។
សេចក្តីជូនដំណឹងលេខ០១៧ សកបយ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០០ |
ទោះបីជាយ៉ាងនេះក៏ដោយ រហូតមកដល់ខែសីហា ឆ្នាំ២០០០ ទើបការកំណត់ប្រាក់ឈ្នួលអប្បបរមាត្រូវបានកំណត់ដោយគណៈកម្មការប្រឹក្សារការងារដែលមានតំណាងមកពីភាគីទាំងបី។ ដែលក្នុងពេលនោះ រួមមានតំណាងភាគីរាជរដ្ឋាភិបាល តំណាងមកពីសហព័ន្ធសហជីពកម្មករនិយោជិត និងតំណាងមកពីសមាគមនិយោជក ដែលបានប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងដេរស្បែកជើង។
សេចក្តីជូនដំណឹងលេខ០៦ សកអ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៩៧ |
ការកំណត់ប្រាក់ឈ្នួលអប្បបរមាដំបូងត្រូវបានធ្វើឡើងសម្រាប់កម្មករនិយោជិតនៅតាមរោងចក្រកាត់ដេរនៅទូទាំងរាជធានីភ្នំពេញ ដែលប្រាក់ឈ្នួលអប្បបរមានេះ កើតចេញពីកិច្ចប្រជុំពិភាក្សារវាងក្រសួងសង្គមកិច្ចការងារ និងអតីតយុទ្ធជន និងសមាគមអ្នកផលិតសម្លៀកបំពាក់។ កិច្ចប្រជុំ បានឯកភាពកំណត់យកប្រាក់ឈ្នួលអប្បបរមាដូចខាងក្រោម៖
ប្រភេទកម្មករនិយោជិត |
ប្រាក់ឈ្នួលអប្បបរមាក្នុងមួយខែ |
កូនជាង/អ្នកសុំរៀនដេរ |
៣០ដុល្លារអាមេរិក |
អ្នកសាកល្បង/កម្មករនិយោជិតដែលស្ថិតក្នុងថិរវេលាសាកល្បង |
៤០ដុល្លារអាមេរិក |
កម្មករនិយោជិតធម្មតា(ឆ្លងផុតថិរវេលាសាកល្បង) |
៤០ដុល្លារអាមេរិក |