ឯកឧត្តម អ៊ិត សំហេង ជួបសំណេះសំណាលជាមួយមន្ត្រីរាជការដែលបានបញ្ចប់ កំពុង និងបន្តការសិក្សានៅសាធារណៈរដ្ឋប្រជាមានិតចិន

 ពុធ, 22 សីហា 2018 15:45  |    Written by MLVT  |  456 times  |   Print  |   Email

ទីស្ដីការក្រសួង៖ នាឳកាសពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ ដែលបានបញ្ចប់ កំពុង និងបន្តការសិក្សានៅសាធារណៈរដ្ឋប្រជាមានិតចិន ចំនួន២៣រូប នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការសប្បាយរីករាយ ទទួលស្វាគមន៍មន្ត្រីរាជការរបស់ក្រសួងការងារ ដែលទទួលបានឳកាសទៅសិក្សានៅប្រទេសចិនកម្រិតបរិញ្ញាបត្រជាន់ខ្ពស់។

 

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា «វាជាស្មារតីមួយក្នុងការទទួលខុសត្រូវ រួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ចំពោះមន្ត្រីរបស់យើងដែលបាន វិលត្រឡប់មកបំពេញការងារ ទទួលបានទាំងចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ នេះជាធនធានមនុស្សថ្មីមួយទៀត ដែលបានចាក់បញ្ចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធការងាររបស់ក្រសួងយើង»។ ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកឡើងវិញពីទសវត្ស៧០ថា៖« ប្រទេសយើងមានសង្គ្រាម សាលាមួយចំនួនត្រូវបានរំខានដោយសង្គ្រាម ភាគីម្ខាងៗដែលកាន់កាប់តំបន់របស់ខ្លួនចង់បានកម្លាំងដើម្បីប្រយុទ្ធ។ ទាំងភាគីនៅក្នុងព្រៃ ទាំងកម្លាំងកាន់រដ្ឋាភិបាលនៅទីក្រុងភ្នំពេញ និងទីប្រជុំជនសុទ្ធតែដេញចាប់យុវជនអោយធ្វើជាទាហានទាំងអស់ ។ ដូច្នេះឱកាសដែលសិក្សានៅជំនាន់នោះគឺពិបាកបើប្រៀបធៀបនៅនឹងជំនាន់នេះ។ បើជំនាន់ប៉ុល ពត វិញយើងលែងនិយាយហើយ ជំនាន់នោះ គ្មានសាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវបានបំផ្លាញ អញ្ចឹងយុវវ័យដែលមានអាយុចន្លោះពី១៦ ទៅ២៥ឆ្នាំ ត្រូវបាត់បង់ឱកាសក្នុងការសិក្សាអស់ទៅហើយ»។

ឯកឧត្តមបន្តថា៖ «ពីឆ្នាំ១៩៧៩ទើបតែបានចាប់ផ្តើមស្តារឡើងវិញ ទាំងនៅក្នុងក្រសួងស្ថាប័ននីមួយៗ ក៏ចាប់ផ្តើមអោយមានការបណ្តុះបណ្តាល តាំងពីសម័យរដ្ឋកម្ពុជាមកដល់ឥលូវបានបង្កើតធនធានមនុស្សដ៏ល្អមួយ ទន្ទឹមនឹងការបណ្តុះបណ្តាលក្នុងស្រុក ក៏បានបញ្ចូនទៅក្រៅប្រទេសដែរ បញ្ញវ័ន្តមួយចំនួនកំពុងកាន់កាប់ស្ថាប័នធំៗ។អញ្ចឹងឳកាសនៃការបណ្តុះបណ្តាល ទើបតែក្រោយថ្ងៃរំដោះ៧មករាមកទេ តែក៏មិនសូវសំបូរបែបដែរ។ មកដល់សម័យនេះការអភិវឌ្ឍធនធនមនុស្ស និងការបណ្តុះបណ្តាលនេះឃើញថា មន្ត្រីរាជការ សិស្ស និស្សិតរបស់យើងពិតជាមានឳកាសច្រើន អញ្ចឹងឱកាសសម្រាប់យុវជន យុវនារី នាសម័យតេជោពិតជាមានច្រើនជាងសម័យមុនៗ។ នៅពេលដែលឳកាសហុចអោយយ៉ាងដូច្នេះ យើងទាំងអស់គ្នាត្រូវខិតខំចាប់យកឱកាសនេះអោយបានល្អ ជាពិសេសមន្ត្រីរាជការយើងដែលត្រូវទៅរៀននៅប្រទេសចិន ជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់លេខ២» ។

ឯកឧត្តមបណ្ឌិតលើកឡើងថា៖ «ចិនបានចាប់ផ្តើម ពីធនធានមនុស្សរបស់គេ ទាំងចំណេះដឹង ចំណេះធ្វើ ជាពិសេសប្រព័ន្ធអប់រំរបស់ចិន ដែលគេកំពុងកសាងសព្វថ្ងៃនេះជាការវិនិយោគដ៍ពេញទំហឹង សកលវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាស្ថានបានបង្កើតឡើងស្ទើរគ្រប់ទីកន្លែង ជាគ្រឹះស្ថានធនធានមនុស្សដែលមានគុណភាព ហើយវិវឌ្ឍទាន់ទៅនឹងបច្ចេកវិទ្យារបស់ពិភពលោក និងឈានទៅរករបកគំហើញថ្មីៗដែលពិភពលោកមិនទាន់រកឃើញ នេះជានយោបាយដែលចិនបានធ្វើនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទំនាក់ទំនងរវាងកម្ពុជា-ចិន ជាទំនាក់ទំនងដ៏យូរអង្វែង និងជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាលកម្ពុជាយើងបានកំណត់យកគោលនយោបាយនេះ ហើយគោលនយោបាយនេះក៏បានកំណត់នូវ សន្តិភាព សាមគ្គីភាព ការអភិវឌ្ឍរបស់ប្រទេសយើងផងដែរ»។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងផ្តាំផ្ញើ ដល់មន្ត្រីរាជការ ៖

-ត្រូវខិតខំរៀនសូត្រទាំងចំណេះដឹង និងបទពិសោធន៍ ជាពិសេសភាសាចិន

-សាមគ្គីភាពរវាងគ្នា និងគ្នា និងរក្សាគុណតម្លៃជាប្រជាជនខ្មែរដែលល្អ

-ផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងអរិយធម៌ខ្មែរទៅកាន់មិត្តភ័ក្រ្តបរទេស និងទាក់ទាញ មិត្តភ័ក្រ្តបរទេសឲ្យមកទស្សនាកម្ពុជា និងវិនិយោគនៅកម្ពុជា

-ទំនាក់ទំនងសុំអាហារូបករណ៍របស់សាលាផ្ទាល់សម្រាប់និស្សិតកម្ពុជាផ្សេងៗទៀត មានឱកាសបានទៅសិក្សានៅប្រទេសចិន

-ទំនាក់ទំនង និងជម្រុញឲ្យសាកលវិទ្យាល័យនៅប្រទេសចិន មកចុះMOU ជាមួយក្រសួង និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចកទេស និងវិជ្ជាជីវៈ។

-គោរពវិន័យរបស់សាលា និងច្បាប់របស់ប្រទេសចិន ឯកឧត្តមរដ្ឋមន្ត្រី បានឧបត្ថម្ភថវិកាចំនួន១លានរៀលក្នុងម្នាក់ ដល់មន្ត្រីរាជការដែលទៅបន្តការសិក្សា(ឆ្នាំថ្មី)ចំនួន០៨នាក់ និង ចំនួន៥០ម៉ឺនរៀលក្នុងម្នាក់ ដល់មន្ត្រីរាជការដែលកំពុងសិក្សា ហើយវិលត្រឡប់មកលេងប្រទេសកំឡុងពេលវិស្សមកាលចំនួន០៤នាក់៕