ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ចាត់ទុកស៊ុយអែតជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា

 ព្រហស្បតិ៍, 07 មិថុនា 2018 18:46  |    Written by MLVT  |  206 times  |   Print  |   Email

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុក ប្រទេសស៊ុយអែត នៅតែជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់មួយរបស់កម្ពុជា តាមរយៈ ក្រុមហ៊ុនបញ្ជាទិញ និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា។

មានប្រសាសន៍នៅក្នុងជំនួបសវនាការ ជាមួយ លោកជំទាវ ម៉ារៀ សាគ្រីន (Maria Sagren) ឯកអគ្គរាជរដ្ឋទូតស៊ុយអែត ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែមិថុនា នេះ ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងពីគម្រោង និងទំនាក់ទំនងវិជ្ជាជីវៈ ដែលកន្លងមកនេះ បានអនុវត្តប្រកបដោយជោគជ័យ ដែលនេះជាផ្នែកមួយ ក្នុងការជម្រុញនូវវឌ្ឍនភាព នៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។

ក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ លោកជំទាវ ឯកអគ្គរាជទូតស៊ុយអែត ដែលបានគាំទ្រដល់ ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (N.E.A) និងការរៀបចំទម្រង់សិក្សាស្រាវជ្រាវលើទីផ្សារការងារនៅកម្ពុជា ។

សម្រាប់ថ្ងៃនេះដែរ ក៏បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយនូវលទ្ធផលអង្កេតនិយោជក ស្តីពី កង្វះ និងគម្លាតជំនាញនៅក្នុងទីផ្សារការងារកម្ពុជាឆ្នាំ២០១៧ និង របាយការណ៍ស្តីពីទស្សនវិស័យការងារកម្ពុជាឆ្នាំ២០១៨ ដែលជាផ្លែផ្កានៃការសិក្សាស្រាវជ្រាវ ហើយទិន្នន័យទាំងឡាយ ដែលចេញពីការស្រាវជ្រាវនេះ ពិតជាផ្តល់នូវប្រយោជន៍ដ៏ធំណាស់ សម្រាប់ការរៀបចំខ្លួន របស់យុវជន ក៏ដូចជាការរៀបចំគោលនយោបាយនានា ។ ក្នុងជំនួបនោះ លោកជំទាវ ឯកអគ្គរាជទូតបាន មានប្រសាសន៍ដែរថា ដោយបានការអនុញ្ញាត ពីក្រសួងការងារ និងកិច្ចសហប្រតិបត្តិការ ជាមួយស្ថានទូតនាពេលកន្លងមក បានធ្វើឱ្យទំនាក់ទំនងនេះ កាន់តែស៊ីជម្រៅ និងរឹងមាំ ពិសេសកិច្ចសហការជាមួយ NEA លើគម្រោងការផ្តល់កិច្ចសិក្សាស្រាវជ្រាវ លើវិស័យការងារ ក៏ដូចជាកិច្ចសហការទៅលើគំរោង មួយចំនួនទៀត ផងដែរ។

លោកជំទាវបានបញ្ជាក់ផងដែរថា ទាក់ទិននឹងទីភ្នាក់ងារជាតិ និងមុខរបរ និងការងារវិញ លោកជំទាវមើលឃើញថា រយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ មានការរីកចំរើនគួរឱ្យកត់សម្គាល់ គឺមានការវិវត្តប្រកបដោយភាពវិជ្ជមាន ដោយមានសកម្មភាពជាច្រើន បានធ្វើកន្លងមក។ លោកជំទាវសន្យាថា គាំទ្រ និងចូលរួមរាល់សកម្មភាពរបស់ NEA ជាបន្តទៅទៀត។ ក្រៅពីនេះ លោកជំទាវក៏បានរំលឹក ពីសារ:សំខាន់នានា នៃរបាយការណ៍ អង្កេតទាំងពីរ ដែលនឹងដាក់ជូនផ្សព្វផ្សាយនៅថ្ងៃនេះ ដែលមានការបន្ស៊ីគ្នា រវាងតម្រូវការជំនាញ និងតម្រូវការទីផ្សារ ដែលកំពុងតែមានតម្រូវការចាំបាច់នាពេលបច្ចុប្បន្ន ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជម្រុញដល់យុវជនឱ្យមានការយល់ដឹងពីទីផ្សារការងារនៅកម្ពុជា៕