សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គម

 ព្រហស្បតិ៍, 31 ឧសភា 2018 09:57  |    Written by MLVT  |  533 times  |   Print  |   Email

(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម នៅភោជនីយដ្ឋានទន្លេបាសាក់២។

សិក្ខាសាលាពិគ្រោះយោបល់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួង សមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស តំណាងក្រសួង ស្ថាប័ន អង្គភាព និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា សរុបប្រមាណជាង ២០០នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិគ្រោះយោបល់ និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងន័យបំពេញបន្ថែមចំណុចណាមួយនៃសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម ឱ្យស្របទៅតាមស្ថានភាពសង្គម និងសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍន៍ឆ្ពោះទៅមុខយ៉ាងស្វាហាប់ប្រកបដោយថាមភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងក្នុង សិក្ខាសាលានាថ្ងៃនេះថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីផ្តល់នូវរបបសន្តិសុខសង្គមរួមមាន ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនីកម្មភាពការងារ។ ក្នុងនោះ ផ្នែកនីកម្មភាពការងារ គឺជាសមិទ្ធិផលដ៏ថ្មីស្រឡាងមួយ ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបន្តថា សេចក្តីព្រាងច្បាប់នេះ ពិតជាឧបករណ៍គតិយុត្តដ៏សំខាន់មិនអាចខ្វះបានក្នុងការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងបានជម្រុញថ្នាក់ដឹកនាំ នៃ ប.ស.ស ត្រូវខិតខំអនុវត្តឱ្យបានល្អប្រសើរថែមទៀត លើសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម ក៏ដូចជាព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុទ្ធនានាពាក់ព័ន្ធ ដើម្បីឱ្យការអនុវត្តច្បាប់ថ្មីនេះប្រកបដោយប្រសិទ្ធភាព និងតម្លាភាពបំផុត។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស ក៏បានបញ្ជាក់អំពីគោលបំណងលម្អិត នូវខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ ដើម្បីកំណត់អំពីបែបបទ យន្តការអនុវត្ត និងប្រព័ន្ធគ្រប់គ្រងរបបសន្តិសុខសង្គមនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគណនេយ្យភាព និងនិរន្តរភាព។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះ បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍៕