UN នៅតែប្រកាន់ជំហរគាំទ្រ និងចូលរួមអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយរដ្ឋាភិបាលកម្ពុជា

 ពុធ, 02 ឧសភា 2018 18:38  |    Written by MLVT  |  608 times  |   Print  |   Email

       ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលតែងតែសហការជាមួយតំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាយ៉ាងជិតស្និទ្ធនោះ បានបញ្ជាក់ថា អង្គការសហប្រជាជាតិ នៅតែប្រកាន់ជំហរគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាជានិច្ច ក្នុងការអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ការលើកឡើងបែបនេះ ធ្វើឡើងក្រោយបញ្ចប់ជំនួបពិភាក្សាជាមួយលោកស្រី ផាលីន តាមេសិស អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិ និងជាតំណាង UNDP ថ្មីប្រចាំកម្ពុជា នារសៀលថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង។

       ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា អង្គការសហប្រជាជាតិ មានគម្រោងអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថ្មីៗទៀត ហើយលោកស្រី ផាលីន តាមេសិស ក៏បានបង្ហាញក្ដីសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី នឹងដាក់បញ្ចូលកម្មវិធីដែលអង្គការសហប្រជាជាតិរៀបចំទុកនោះ ចូលទៅជាមួយគោលនយោបាយជាតិរបស់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារយៈពេល៥ឆ្នាំទៅមុខទៀត។

       ឯកឧត្តមរដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «អង្គការសហប្រជាជាតិ សង្ឃឹមថាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលើវិស័យកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងត្រូវបញ្ចូលក្នុងកម្មវិធីអភិវឌ្ឍន៍ ក៏ដូចជាយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់រយៈពេល៥ឆ្នាំទៅមុខទៀត»។ ឯកឧត្តមមានប្រសាសន៍បន្តថា គោលនយោបាយអភិវឌ្ឍន៍នានាលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបានផ្សារភ្ជាប់ជាមួយកិច្ចសហប្រតិបត្តិការ របស់អង្គការសហប្រជាជាតិរួចទៅហើយ ហើយភាគីទាំងពីរក៏នឹងបង្កើនភាពជិតស្និទ្ធជាមួយគ្នាបន្ថែមទៀតដែរ លើការបន្តពង្រឹងវិស័យការងារ ការទាក់ទាញអ្នកវិនិយោគ បង្កើននូវឱកាសការងារសម្រាប់យុវជន ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាពបច្ចេកទេសវិជ្ជាជីវៈ ក៏ដូចជាបង្កើនផលិតភាពការងារបន្ថែមទៀត ឆ្លើយតបទៅនឹងទីផ្សារការងារ និងការដោះស្រាយការងារសម្រាប់យុវជន។ ក្រៅពីនេះ ក៏មានគម្រោងដែលបានអនុវត្តន៍កន្លងមក ជាពិសេសគម្រោងអនុវត្តន៍រួមគ្នារវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ជាសហប្រធាន គឺត្រូវបន្តទៅក្នុងរយៈពេលខាងមុខទៀត ដែលនេះបញ្ជាក់ថា អង្គការសហប្រជាជាតិ នៅតែប្ដេជ្ញាខិតខំសហការបំពេញការងារជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:បន្តទៀត។

         ក្នុងជំនួបខាងលើនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការអភិវឌ្ឍបន្ថែមនូវគោលនយោបាយគាំពារសង្គម។ ត្រង់ចំណុចនេះ អង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះការងារដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើកន្លងមក ហើយ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា ការគាំទ្រគោលនយោបាយជាតិគាំពារសង្គម នឹងពង្រីកវិសាលភាព និងអត្ថប្រយោជន៍បន្ថែមទៀត ជូនកម្មករនិយោជិតទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។

          ឯកឧត្តម អ៉ិត សំហេង បានលើកឡើងថា ការវាយតម្លៃខ្ពស់ចំពោះការអនុវត្ដរបស់ក្រសួងការងារ ពីសំណាក់អង្គការសហប្រជាជាតិនេះ គឺអាចនឹងឲ្យក្រសួងការងារពិចារណា លើការទទួលយកជំនួយហិរញ្ញវត្ថុ និងសម្ភារ:បច្ចេកទេសផ្សេងៗពីដៃគូអភិវឌ្ឍន៍ សម្រាប់ការអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្តទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមថា ទៅអាណត្តិថ្មីខាងមុខ វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តរីកចម្រើនទៅមុខ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាផងដែរ៕