កិច្ចប្រជុំរបស់គណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម

 ច័ន្ទ, 29 មករា 2018 17:35  |    Written by MLVT  |  382 times  |   Print  |   Email

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជា ប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា អញ្ជើញជាអធិបតិបើកកិច្ចប្រជុំរបស់គណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម នារសៀលថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ២៩ ខែមករា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ជាអង្គភាពប្រតិបត្តិរបស់ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដែលមានភារកិច្ចប្រមូលផ្តុំគ្រប់គ្រងវិស្វករចុះបញ្ជីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើការបណ្តុះបណ្តាល បន្តបង្កើនសមត្ថភាពវិជ្ជាជីវៈវិស្វកម្មឲ្យមានកម្រិតស្តង់ដារ ចូលរួមថែរក្សា និងលើកស្ទួយអត្តសញ្ញាណជាតិ និងត្រូវបានទទួលគោរមងារជាវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ដែលសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ បានចុះកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាវិស្វកម្ម កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងថា ក្រោយថ្ងៃរំដោះ ៧មករា ប្រទេសកម្ពុជាចាប់ផ្តើមស្តារ និងកសាងប្រទេសពីបាតដៃទទេ មិនតែប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ ត្រូវបនប្រល័យពូជសាសន៍ ប៉ុល ពត បំផ្លិចបំផ្លាញដល់ប្ញសគល់។ ដោយសារនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរយៈពេល ៣៩ឆ្នាំ កន្លងទៅ ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ទាំងសង្គម និងសេដ្ឋកិច្ច ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសតាំងពីអាណត្តិទី១ រហូតដល់អាណត្តិទី៥ នៃរដ្ឋសភា។ សមិទ្ធផលទាំងនោះ មានសមិទ្ធផលខ្លះពាក់ព័ន្ធនឹងវិស័យជំនាញវិជ្ជាជីវៈវិស្វកម្មមានជាអាទិ៍៖ ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តគមនាគមន៍ ធារាសាស្រ្ត សំណង់ស៊ីវិល កសិកម្ម ឧស្សាហម្ម ព័ត៌មានវិទ្យាជាដើម ដែលត្រូវពឹងផ្អែកលើជំនាញវិស្វករ ដែលមានជំនាញច្បាស់លាស់ប្រកបដោយសីលធម៌វិជ្ជាជីវៈ ទើបជួយកសាង និងអភិវឌ្ឍប្រទេសជាតិបាន។ ដូច្នេះវិស្វករគ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្មទាំងអស់ត្រូវចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដើម្បីទទួលការបំពាក់បំប៉នបង្កើនសមត្ថភាព បទពិសោធន៍ឲ្យកាន់តែប្រសើរនិងទទួលគោរមងារជាវិស្វករអាជីពជាតិ និងអន្តរជាតិ ដែលជាតម្រូវការចាំបាច់ក្នុងការកសាងធនធានមនុស្សដើម្បីចូលរួមអភិវឌ្ឍប្រទេសរបស់ខ្លួន និងប្រកួតប្រជែងទីផ្សារការងារវិស្វកម្មជាមួយវិស្វករពីក្នុងតំបន់អាស៊ាន និងសាកលលោក។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបាន ផ្តល់ជាអនុសាសន៍ លើការងារនៃគណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្មមួយចំនួនដូចតទៅ៖

  ១-ការងារវាយតម្លៃលើវិស្វករអាជីព ត្រូវធ្វើឲ្យបានគ្រប់ជ្រុងជ្រោយ ទៅតាមសមត្ថភាពពិតប្រាកដរបស់វិស្វករម្នាក់ៗ ព្រោះអនាគតវិស្វករទាំងនោះជាអ្នកទទួលខុសត្រូវខ្ពស់ ក្នុងការជួយកសាងប្រទេសជាតិ របស់ខ្លួន។

  ២-ការវាយតម្លៃបេក្ខជនវិស្វករអាជីពឆ្នើមអាស៊ាន ត្រូវធ្វើឲ្យបានត្រឹមត្រូវហ្មត់ចត់ទៅតាមស្តង់ដារពីព្រោះវិស្វករអាជីពឆ្នើមអាស៊ាន ដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលអាស៊ាន និងត្រូវប្រកួតប្រជែងការងារវិស័យវិស្វកម្មនៅក្នុងតំបន់អាស៊ាន និងសាកលលោក នៅពេលអនាគត។

  ៣-គណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ត្រូវសហការចូលរួមវាយតម្លៃជ្រើសរើសវិស្វករដែលត្រូវទទួលគោរមងារជាវិស្វករអាជីពជាតិ និងអន្តរជាតិនៅពេលខាងមុខប្រកបដោយការទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា ពីមុនគណៈវិស្វករកម្ពុជា ស្ថិតនៅក្រោមសមត្ថកិច្ចនិងកាទទួលខុសត្រូវរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដែលមានសម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី ជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។ ក្នុងឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានផ្ទេរគណៈវិស្វករកម្ពុជាឲ្យស្ថិតនៅក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៣១៧/៣១៣ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្តីពីការផ្ទេរអាជ្ញាធរ គណៈកម្មាធិការ គណៈកម្មការ និងក្រុមប្រឹក្សា ដែលស្ថិតនៅក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ឲ្យស្ថិតនៅក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ។

គណៈវិស្វករកម្ពុជាថ្មីៗនេះ បានធ្វើការកែសម្រួលបំពេញបន្ថែមសមាសភាពគណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្មឡើងវិញ ព្រោះនៅក្នុងសេចក្ដីសម្រេចលេខ ៤៥ សសរ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ពុំទាន់មានសមាសភាពវិស្វករដែលមានជំនាញវិស្វកម្មផ្សេងៗពីក្រសួងពាក់ព័ន្ធគ្រប់ចំនួននៅឡើយ។ គណៈវិស្វករកម្ពុជាបានធ្វើការកែសម្រួលសមាសភាពគណៈកម្មាធិការខាងលើឡើងវិញ តាមសេចក្ដីសម្រេចលេខ ០១៩/១៧/កប/សសរ.គ.គ.ស ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ក្រោមសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩។