វគ្គបណ្តុះបណ្តាលមន្ត្រីអធិការការងារ អំពីរបាយការណ៍អធិការកិច្ចការងារ

 ពុធ, 10 មករា 2018 18:01  |    Written by MLVT  |  600 times  |   Print  |   Email

ទីស្តីការក្រសួង ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ឡេង សែ អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីអធិការការងារអំពីរបាយការណ៍អធិការកិច្ចការងារ។

វគ្គបណ្តុះបណ្តាលនេះរៀប ចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលមន្ត្រីអធិការការងារពីការប្រើប្រាស់របាយការណ៍អធិការកិច្ច ការងារថ្មីរបស់ក្រសួង ដែលត្រូវបានរៀបចំដោយធ្វើការសំយោគរវាងរបាយការណ៍អធិការកិច្ចការងាររបស់ក្រសួង និងបញ្ជីត្រួតពិនិត្យ របស់ ILO-BFC រួមទាំងបទដ្ឋានអន្តរជាតិពាក់ព័ន្ធនានា។ ថ្លែងក្នុងពិធីបើកនោះ ឯកឧត្តមបានអបអរសាទរចំពោះរបាយការណ៍អធិការកិច្ចការងារថ្មីដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយជាងមុន ដែលអាចទទួលបាននូវជំនឿទុកចិត្តពីសំណាក់កម្មករនិយោជិត និយោជក អង្គការវិជ្ជាជីវៈ សហគមន៍ជាតិ និងអន្តរជាតិ។

ឯកឧត្តមជឿជាក់ថា វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនេះ នឹងជួយមន្ត្រីអធិការការងារឱ្យអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសិទ្ធភាព សំដៅរួមចំណែកបន្តលើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈឲ្យកាន់តែប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើឱ្យសិក្ខាកាមទាំងអស់ចូលរួមជជែកពិភាក្សាឱ្យបានផុសផុល ក្នុងការចែករំលែកនូវបទពិសោធន៍និងចំណេះដឹងដែលមាន ដើម្បីពង្រឹងយន្តការអធិការកិច្ចការងារកាន់តែមានប្រសិទ្ធភាព និងទទួលបានការជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធ។