ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អនុញ្ញតិឲ្យ​លោក Graeme Buckley នាយក​ការិយា​ល័យ ILO ថ្មី​ប្រចាំ​នៅ​ព្រះរាជាណា​ចក្រកម្ពុជា ឡាវ និងថៃ ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភក្សាការងារ​

 ច័ន្ទ, 27 វិច្ឆិកា 2017 15:36  |    Written by MLVT  |  3074 times  |   Print  |   Email

នាព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែ វិច្ឆិកា គ.ស ២០១៧ នាទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន អនុញ្ញតិឲ្យលោក Graeme Buckley នាយកការិយាល័យ ILO ថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឡាវ និងថៃ និងជាប្រធានក្រុមការងារបច្ចេកទេសILO ប្រចាំអាស៊ីខាងកើត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាង ILO កន្លងមកពិតជាបានរួមចំណែកជាច្រើនក្នុងការ ជំរុញឲ្យវិស័យការងារនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនតំណាង ILO ពីកិច្ចការដែលរាជរដ្ឋាភិបាលបានធ្វើជាច្រើនកន្លងមក ចំពោះវិស័យការងារផងដែរ រួមទាំងការដំឡើងប្រាក់ឈ្នួលអប្បបរមា ការផ្តល់កិច្ចគាំពារសង្គមនានា និងការដោះស្រាយសម្រួលដល់បន្ទុកចំណាយរបស់កម្មករនិយោជិត ធ្វើឱ្យកំរិតជីវភាពរស់នៅរបស់ពួកគេកាន់តែប្រសើរឡើង, ការរៀបចំចុះបញ្ជីដល់អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឲ្យបេឡាជាតិរបបសន្តិសុខសង្គមជាអ្នកធ្វើការលើរឿងចុះបញ្ជីរឿងនេះ, ជាមួយគ្នានោះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះកម្មករជាស្ត្រីនៅក្នុងវិស័យការងារផងដែរ។ លទ្ធផលជាផ្លែផ្កាជាច្រើន ដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរដ៏ល្អនេះ ដែលអង្គការ ILO បាន បន្តការងារជួយក្រសួងទាំងបចេ្ចកទេស និងហិរញ្ញវត្ថុ ក្នុងរៀបចំនូវគោលនយោបាយ សេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិជាច្រើន។

ជាការឆ្លើយតបលោក Graeme Buckley បានសំដែងក្តីរីករាយ ណាស់ចំពោះបេកសកម្មរបស់លោក ដែលកន្លងមកលោកក៏ធ្លាប់បាន ជួយកម្ពុជាក្នុងការរៀបចំផែនការយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ និងកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា។ ដំណែងដែលលោកទទួលបាននេះ ជាឱកាសដ៏ល្អមួយសម្រាប់ឱ្យ លោកបន្តនូវការពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តការជាមួយកម្ពុជាថែមទៀត ជាពិសេស ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ។

លោក Graeme Buckley បានវាយតម្លៃខ្ពស់ និងកោតសរសើចំពោះភាពរីក ចម្រើនរបស់កម្ពុជា ជាពិសេសលើកំណែទម្រង់វិស័យការងារ។ លោក Graeme Buckley បានឯកភាពទាំងស្រុង ជាមួយនឹងសំណើររបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានស្នើសុំឱ្យ ILO បន្តជួយលើការការកសាង សមត្ថភាពមន្រ្តីអធិការកិច្ចការងារ តាមរយៈគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ការជួយគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុដល់លេខាធិការដ្ឋាននៃគណៈកម្មាធិការ អនុវត្ត គោលនយោបាយមុខរបរ និងការងារ គោលនយោបាយជាតិស្តីពី ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនិងភាពរីកចម្រើននៃសង្គមជាក់ស្តែង ដែលត្រូវការកម្លាំងពលកម្មដែលមានជំនាញ ការទទួលស្គាល់ជំនាញគ្នាក្នុងក្របខណ្ឌសមាហរម្មអាស៊ាន, បន្តកិច្ចសហប្រតិបត្តិការបន្តទៀតជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងផ្តល់នូវសេវាការងារ ព័ត៌មានទីផ្សារការងារ និងមជ្ឍមណ្ឌលការងារ រៀបចំឱ្យមានប្រព័ន្ធសន្តិសុខសង្គមសម្រាប់ពលករកម្ពុជាដែលកំពុងបម្រើការងារនៅក្រៅប្រទេសដើម្បីឱ្យពួកគេទទួល និងរក្សាបានអត្ថប្រយោជន៏នានាពេលគេត្រឡប់មកធ្វើការនៅប្រទេសកម្ពុជាវិញ ដូចជាប្រាក់សោធន និវត្តន៍ ស្របទៅតាមសេចក្តីថ្លែងការអាស៊ាន ស្តីពីការការពារ សិទ្ធិពលករទេសន្តប្រវេសន៍ ការបន្តការអនុវត្តកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ការបន្តជួយយន្តការត្រីភាគីពាក់ព័ន្ធនឹងសំវាទសង្គម ប្រាក់ឈ្នួលអប្បបរិមា ការដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការការងារឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់។

ជាចុងបញ្ចប់ភាគីទាំងពីរឯកភាពគ្នាគ្រោង រៀបចំជាព្រឹត្តការណ៍ សម្រាប់ដាក់តាំងនូវសកម្មភាព និងសមិទ្ធផលនានា ដែលកើតចេញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានេះ នៅកម្ពុជា ក្នុងពិធីអបអរសាទរនូវខួបអនុស្សាវរីយ៍គម្រប់ខួប១០០ឆ្នាំ នៃការបង្កើតអង្គការអន្តរ ជាតិខាងការងារ ILO នាឆ្នាំ២០១៩ខាងមុខនេះ៕

 


ឯកសារផ្លូវការ