ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អនុញ្ញាត្តឱ្យ លោកជំទាវ Maria Sargren ឯកអគ្គរដ្ឋទូតស៊ុយ អែតប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាស្តីពីបច្ចុប្បន្នភាពការងារនៃគំនិតផ្តួចផ្តើមសាកល Global Deal initiative

 អង្គារ, 08 សីហា 2017 16:21  |    Written by MLVT  |  2494 times  |   Print  |   Email

នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាត្តឱ្យ លោកជំទាវ Maria Sargren ឯកអគ្គរដ្ឋទូតស៊ុយ អែតប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាស្តីពីបច្ចុប្បន្នភាពការងារនៃគំនិតផ្តួចផ្តើមសាកល Global Deal initiative នៅទីស្តីការក្រសួង។ នៅក្នុងជំនួបនៃកិច្ចពិភាក្សានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះភាគីស៊ុយអែត ដែលតែងតែគាំទ្រដល់វិស័យពាណិជ្ជកម្ម និងវិស័យវាយនភ័ណ្ឌ ដែលនេះជាកំលាំងចលករយ៉ាងសំខាន់មួយសម្រាប់ទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតការងារ និងការនាំចេញ។ លោកជំទាវ Maria Sargren ឯកអគ្គរដ្ឋទូតស៊ុយអែតបានសម្តែងនូវសេចក្តីសប្បាយរីករាយ និងមានមោទនភាពដែលបានធ្វើជាដៃគូរដ៏ល្អ និងមានទំនាក់ទំនងល្អជាមួយកម្ពុជាកន្លងមក លើវិស័យពាណិជ្ជកម្ម វប្បធម៌ និងស្រាវជ្រាវ ហើយបច្ចុប្បន្ន លោកជំទាវកំពុងយកចិត្តទុកដាក់លើបញ្ហាទីផ្សារ និងកិច្ចសន្ទនាសង្គម។ នៅក្នុងកិច្ចពិភាក្សានាឱកាសនេះ លោកជំទាវបានលើកពីរបៀបវារៈ សំខាន់ៗរួមមាន បច្ចុប្បន្នភាពនៃការអនុវត្តគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកលនៅអន្តរជាតិ និងកម្ពុជា ព័ត៌មានអំពីកិច្ចប្រជុំកំរិតខ្ពស់នៅទីក្រុងញូវយ៉ក នៅខែកញ្ញាឆ្នាំ ២០១៧ និងព័ត៌មានអំពីកិច្ចប្រជុំឧត្តមមន្ត្រីនៅប្រទេសស៊ុយអែតនៅពេលខាងមុខ។ លោកជំទាវលើកឡើងថា ការរក្សានិរន្តរភាពនៃគម្រោងពិតជាមានសារៈសំខាន់ ហើយយើងគួរពិនិត្យមើលកិច្ចការងារលើគ្រប់កំរិត ជាពិសេសគឺការពង្រឹងភាពជាម្ចាស់នៃគម្រោង Global Deal ដែលគួរតែមានការគាំទ្រនិងចូលរួមពីភាគីដែលពាក់ព័ន្ធ ដូចជាផ្នែកឯកជន សហជីព និងវិស័យផ្សេងៗទៀត។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបាន អញ្ជើញឯកឧត្តមចូលរួមនៅក្នុងកិច្ចប្រជុំកំរិតខ្ពស់ នៅថ្ងៃទី ១៨ កញ្ញា ឆ្នាំ២០១៧ខាងមុខនេះនៅទីក្រុងញូវយ៉កព្រមទាំងកិច្ចសន្ទនាសិទ្ធិមនុស្ស លើប្រធានបទស្តីពីសិទ្ធិកម្មករ និងគម្រោង Global Deal នៅថ្ងៃទី ១៨ ខែ តុលា ២០១៧ នៅប្រទេសកម្ពុជាផងដែរ។ លោកជំទាវបានបញ្ជាក់ផងដែរថា ស្ថានទូតត្រៀមបង្កើតឱ្យមានលេខាធិការដ្ឋានក្នុងស្រុកទទួលបន្ទុក Global Deal ដែលមានតួនាទីសម្របសម្រួលកិច្ចការងាររបស់គម្រោង ហើយ ជាចុងក្រោយលោកជំទាវ ក៏បានស្នើរសុំឱ្យឯកឧត្តមបណ្ឌិតធ្វើជាទីប្រឹក្សាកិត្តយស សម្រាប់ក្រុបប្រឹក្សាអន្តរជាតិ លើវិស័យការងារផងដែរ។ តបទៅនឹងការធ្វើបច្ចប្បន្នភាពរបស់លោកជំទាវឯកអគ្គរដ្ឋទូត ពីសកម្មភាពរបស់គម្រោង Global Deal Initiative ឯកឧត្តមបណ្ឌិតបានសម្តែងនូវសេចក្តីសប្បាយរីករាយ ហើយយល់ឃើញថាគម្រោងនេះពិតជាល្អ ហើយត្រូវតែរក្សានិរន្តរភាព។ ជាងនេះទៅទៀតឯកឧត្តមបានគាំទ្រជាមួយនឹងការបង្កើតឱ្យមានការិយល័យប្រចាំប្រទេស នៅកម្ពុជាដើម្បីអនុវត្តគម្រោង Global Deal Initiative ក្រោមកិច្ចសហការជាមួយអង្គការ ILO ដែលគោលដៅនេះ មានភាពស្របគ្នាជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតលក្ខខណ្ឌការងារល្អ និងការពង្រឹងសុខដុមរមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាការធានាបាននូវសុវត្ថិភាព សុខភាព និងសិទ្ធសេរីភាពរបស់កម្មករ។ ឯកឧត្តមបន្តថាកម្ពុជាមានគម្រោងនិងកិច្ចសហប្រតិបត្តិការជាច្រើន ជាក់ស្តែងដូចជាគម្រោង BFC, GIZ, រួមទាំងគម្រោង Global Deal Initiative នេះផងដែរ ដែលឯកឧត្តមមើលឃើញថានេះជាការបំពេញឱ្យគ្នាទៅវិញទៅមក ដែលជំរុញឱ្យមានលក្ខខណ្ឌការងារល្អ និងការពិភាក្សាសង្គម ព្រមទាំងអនុគ្រោះដល់ លក្ខខណ្ឌពាណិជ្ជកម្ម សិទ្ធិពលករ និងបង្កើនការនាំចេញ។ ជាងនេះទៅទៀត កម្ពុជាត្រូវបានវាយតម្លៃលក្ខខណ្ឌការងារ ក្រោមគម្រោងរបស់ស៊ុយអែតនៅតាមរោចក្ររបស់ខ្លួនប្រមាណ ៥០រោងចក្រ ដែលសុទ្ធតែជារោងចក្រដែលផលិតម៉ាកល្បីៗនៅក្នុងទីផ្សារអន្តរជាតិ។ ឯកឧត្តមបានគាំទ្រយ៉ាងពេញទំហឹងចំពោះការវាយតម្លៃនេះ ដែលវាមានភាពស្របគ្នាទៅនឹង គោលនយោបាយជាតិស្តីពីមុខរបរ និងការងា(២០១៥-២០២៥) គោលនយោបាយជាតិអភិវឌ្ឍវិស័យឧស្សាហកម្ម (២០១៥-២០២៥) និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជា្ជជីវៈ (២០១៧-២០២៥) ហើយថ្មីៗនេះរាជរដ្ឋាភិបាលទើបតែអនុម័តអនុក្រឹតស្តីពីល័ក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីសាធារណៈ និងអតីតយុទ្ធជន ដែលគោលនយោបាយទាំងនេះសុទ្ធសឹងតែជាការលើកកម្ពស់ និងអភិវឌ្ឍលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យកាន់តែប្រសើរឡើង ។ ហើយនេះជាសារដ៏ល្អមួយសម្រាប់អ្នកបញ្ជារទិញផលិតផលពីប្រទេសកម្ពុជាដោយសារយើងមានល័ក្ខខណ្ឌល្អ ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមមានកត្តិយសដែលបានលោកជំទាវអញ្ជើញជាទីប្រឹក្សា របស់ក្រុមប្រឹក្សាអន្តរជាតិការងារផងដែរ ហើយឯកឧត្តមក៏បានស្នើសុំភាគីស៊ុយអែត គាំទ្រសិក្ខាសាលាផ្សព្វផ្សាយ និងផ្តល់ជាព័ត៌មានពីគម្រោង Global Deal នេះជូនដល់និយោជក សហជីព និងដៃគូរនានា ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព។ ជាចុងក្រោយ ភាគីទាំងពីរចាត់ទុកកិច្ចពិភាក្សាថ្ងៃនេះ ពិតជាមានលទ្ធផលជាផ្លែផ្កា ហើយឯកឧត្តមបណ្ឌិតមានសុឆ្ឆន្ទៈក្នុងការបន្តនិរន្តរភាពគម្រោងនេះ សំដៅការពារផលប្រយោជន៍ជាតិ ផ្តល់សេរីភាពពេញលេញជូនកម្មករនិយោជិត ព្រមទាំងបន្តវឌ្ឍនភាពលើវិស័យ ឧស្សាហកម្ម និងពាណិជ្ជកម្មជាមួយប្រទេសស៊ុយអែតបន្តទៀត ៕

 

 


ឯកសារផ្លូវការ