កិច្ចប្រជុំគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ

 Thursday, 11 February 2021 18:12  |    Written by MLVT  |  201 times  |   Print  |   Email

នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដើម្បីពិភាក្សានីតិវិធីនៃការបន្តលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស ក្នុងការដាក់ចេញនូវវិធានការ និងរៀបចំផែនការសកម្មភាពមួយចំនួនដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតដល់ការផ្តល់កិច្ចគាំពារ និងសេវាគ្រាំទ្រចំាបាច់នានា ដល់បងប្អូនពលករ អាចបន្តស្នាក់នៅ និងធ្វើការដោយស្របច្បាប់ នៅប្រទេសថៃ ជាពិសេសក្នុងដំណាក់កាលនៃវិបត្តិកូវិដ ១៩នេះ។ 

 

 

ដោយមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ពលករទេសន្តរប្រវេសន៍ (ខេត្តសាមុតសាខន) រដ្ឋាភិបាលថៃ បានអនុញ្ញាតឱ្យពលករបរទេសគ្មានឯកសារ មកចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីបានសិទ្ធិស្នាក់នៅ និងធ្វើការនៅប្រទេសថៃបណ្ដោះអាសន្ន ដែលការចុះឈ្មោះនេះ ចាប់ពីថ្ងៃ១៥ ខែមករា ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។ ក៏ប៉ុន្តែរាជរដ្ឋាភិបាលថៃ នឹងដាក់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះពលករបរទេសដែលឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសថៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក៌ដោយ រាជរដ្ឋាភិបាលថៃក៏មិនទាន់បញ្ជាក់ពីវិធានការនេះថាយ៉ាងណានោះឡើយ។ យោងតាមរបាយការណ៍នៃការធ្វើការជំរឿនរបស់អាជ្ញាធរថៃ គិតត្រឹមថ្ងៃថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករកម្ពុជាចំនួន ១២៦,១៧២ នាក់ (ក្នុងនោះពលករមាននិយោជក មានចំនួន ១១០,៧៥៦នាក់ និងពលករមិនមាននិយោជក មានចំនួន១៥,៤១៦នាក់) ដែលត្រូវរៀបចំបន្តឱ្យមានឯកសារសម្រាប់ធ្វើការដោយស្របច្បាប់នៅប្រទេសថៃ។ 

តាមរយៈលទ្ធផលនៃកិច្ចប្រជុំថ្ងៃនេះ គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់នូវឯកសារ និងសេវាគាំទ្រចាំបាច់នានាជូនដល់បងប្អូនពលករកម្ពុជាយើង ដែលមិនមានឯកសារគ្រប់គ្រាន់ ឬបន្តសុពលភាពលិខិតធ្វើដំំណើរពលករកម្ពុជាធ្វើការនៅបរទេស នៅពេលដែលភាគីថៃបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន ។ ជាមួយគ្នាដែរគណៈកម្មការនឹងសហការជាមួយភាគីថៃក្នុងការអនុវត្តនូវកិច្ចការងារនេះ ជូនបងប្អូនពលកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។