មន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានស្នើសុំឱ្យអ្នកបញ្ជាទិញអន្តរជាតិ បន្តទិញទំនិញពីកម្ពុជា ដើម្បីលើកកម្ពស់ជីវភាព និងលក្ខខណ្ឌការងាររបស់កម្មករនិយោជិត

 Wednesday, 04 November 2020 19:10  |    Written by MLVT  |  415 times  |   Print  |   Email

 (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំឱ្យអ្នកបញ្ជាទិញអន្តរជាតិទាំងអស់បន្តបញ្ជាទិញទំនិញពីកម្ពុជា និងចូលរួមលើកកម្ពស់ជីវភាពនិងលក្ខខណ្ឌការងាររបស់កម្មករនិយោជិតកម្ពុជា។ 

  

ឯកឧត្តម ហេង សួរ បានស្នើឡើងយ៉ាងដូច្នេះក្នុងឱកាស ឯកឧត្តម អញ្ជើញជាអធិបតី ក្នុង“សិក្ខាសាលាស្តីពីការអភិវឌ្ឍនផែនការរួមសម្រាប់និរន្តភាពនៃការអនុលោមតាមច្បាប់ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែក ជើង និងផលិតផលធ្វើដំណើរ និងកាបូប” របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៅសណ្ឋាគារ កាំបូឌីយ៉ាណា នារសៀលថ្ងៃទី0៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពី ក្រសួង-ស្ថាប័ន អង្គការជាតិ-អន្តរជាតិ តំណាងសហជីព តំណាងរោងចក្រ សហគ្រាស ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និង ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ព្រមទាំងក្រុមអ្នកបញ្ជាទិញអន្តរជាតិជាច្រើនរូប។ 

ក្នុងនាម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដែលបានរៀបចំឱ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង  ដើម្បីឱ្យគ្រប់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ រួមមាន៖ ក្រសួង-ស្ថាប័ន អង្គការជាតិ- អន្តរជាតិ និង អ្នកបញ្ជាទិញអន្តរជាតិជាដើម។ល។ អាចមានឱកាស ១) ដើម្បីពិនិត្យលើការរកឃើញជាគន្លឹះនៃការពិគ្រោះយោបល់ឆ្នាំ២០២០ ជាមួយភាគីពាក់ព័ន្ធលើស្ថានភាពរបស់វិស័យនិងការគាំទ្រទៅលើផែនការរួម។ ២)ដើម្បីទទួលបានធាតុចូលសំខាន់ៗ លើចំណុចអាទិភាពនៃផែនការរួម , ការគ្រប់គ្រង, តួនាទីនិងការទទួលខុសត្រូវ និងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងកិច្ចការរដ្ឋបាលនិងប្រភពធនធាន។  ៣) ដើម្បីទទួលបានការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធទៅលើភាពជាម្ចាស់ការ និងភាពជាដៃគូរនៅក្នុងផែនការរួមនិងទី៤) ដើម្បីឈានទៅរកការឯកភាពលើនីតិវិធី ក្នុងការឆ្ពោះទៅមុខសម្រាប់ការអភិវឌ្ឍនិងការដាក់ឱ្យប្រើប្រាស់ផែនការរួមសម្រាប់ជំហានបន្ទាប់។

ជាមួយគ្នានោះ ឯកឧត្តម រដ្ឋលេខាធិការក៏បានបង្ហាញអំពីការគាំទ្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំពោះវត្តមានរបស់គម្រោង BFC នៅកម្ពុជា ដែលពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់លក្ខខណ្ឌការងារ និងការអភិវឌ្ឍវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជាអោយកាន់តែប្រសើរថែមទៀត។ 

ឯកឧត្តមបញ្ជាក់ថា ការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងរវាងក្រុមអ្នកតាមដានលក្ខខណ្ឌការងាររបស់ BFC និងមន្ត្រីអធិការកិច្ចការងារ គឺជាគន្លឹះក្នុងការបង្កើតឱ្យមានវប្បធម៌អនុលោមតាមច្បាប់ (Culture of Compliance) ដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់ការអនុវត្តឱ្យកាន់តែល្អប្រសើររបស់និយោជកនៅគ្រប់វិស័យ ជាពិសេសវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ព្រមទាំងផលិតផលធ្វើដំណើរ និងកាបូប។ 

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួម និងការសហការពីគ្រប់ភាគីពាក់ព័ន្ធ ដែលជាចលករដ៏សំខាន់ក្នុងការធានាបានការអភិវឌ្ឍវិស័យទាំងនេះ ប្រកបដោយចីរភាព។ ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនៅក្នុងគម្រោងនានា ដែលធានាបាននូវការលើកកម្ពស់លក្ខខណ្ឌការងារ សុខុមាលភាពកម្មករនិយោជិត និងផលិតភាពការងារ ដែលជាចំណុចមិនអាចខ្វះបានឡើយ៕