ម៉ាសចំនួន ៤ម៉ឺន ត្រូវបានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឧបត្ថម្ភជូនដល់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 Thursday, 08 October 2020 10:18  |    Written by MLVT  |  169 times  |   Print  |   Email

 (ភ្នំពេញ)៖ ដើម្បីចូលរួមការពារការចម្លងវីរុសកូវីដ-១៩ នៅប្រទេសកម្ពុជា ក្នុងអំឡុងពេលនៃការបើកឡើងវិញ នៃមជ្ឈមណ្ឌល និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)បានឧបត្ថម្ភម៉ាសចំនួន ២ម៉ឺន ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងម៉ាសចំនួន២ម៉ឺន ផ្សេងទៀត ដល់អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

ការប្រគល់ និងទទួលនេះ ធ្វើឡើងរវាង ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០។

បើតាមការឲ្យដឹងពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ម៉ាសទាំងអស់នេះ ត្រូវបានផលិតដោយរោងចក្រដែលបានចុះបញ្ជីយ៉ាងត្រឹមត្រូវជាមួយនឹង រដ្ឋបាលឱសថ និងអាហារនៃសហរដ្ឋអាមេរិក ហើយការផលិតម៉ាសនេះត្រូវបានទទួលស្គាល់ដោយបទដ្ឋានរបស់សហភាពអឺរ៉ុប។ ទន្ទឹមនឹងនេះដែរ សមាគមសង្ឃឹមថា ការឧបត្ថម្ភនេះនឹងចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាការការពារការចម្លងចូលក្នុងសហគមន៍ នៅកម្ពុជាផងដែរ៕