វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពដល់គណកម្មការខេត្តក្រចេះសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ ដើម្បីលើកស្ទួយការអភិវឌ្ឍមុខរបរ និងការងារសមរម្យនៅកម្ពុជា

 Tuesday, 29 September 2020 10:49  |    Written by MLVT  |  213 times  |   Print  |   Email

(ក្រចេះ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាលេខាធិការដ្ឋានគណកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ បានរៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពដល់គណៈកម្មការខេត្តក្រចេះសម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមទៀតអំពីគោលនយោបាយនេះ និងជម្រុញឲ្យការអនុវត្តគោលបាយជាតិនេះកាន់តែមានប្រសិទ្ធភាព ដែលជាការចូលរួមចំណែកក្នុងដំណើរការផ្លាស់ប្តូរ និងលើកស្ទួយការអភិវឌ្ឍមុខរបរ និងការងារសមរម្យនៅកម្ពុជា, ការកែប្រែ និងធ្វើទំនើបកម្មនៃរចនាសម្ព័នឧស្សាកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញ និងការលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពការងារ។ 

វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តក្រចេះ ក្រោមអធិបតី ឯកឧត្តម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី អ៉ិត សំហេង និងឯកឧត្តម ភឹម ភីរ៉ា អភិបាលរងនិងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មការខេត្តក្រចេះសម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥។

 

 

ឯកឧត្តម ហ៊ូ វុឌ្ឍី បានថ្លែងថា គោលនយោបាយជាតិស្តីពីមុខរបរ និងការងារនេះ គឺជាគោលនយោបាយជាតិ ដែលការអនុវត្តទាមទារឲ្យមាននូវកិច្ចសហការយ៉ាងស្អិតរមួត និងប្រកបដោយការទទួលខុសត្រូវខ្ពស់ពីក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា។​ ដោយឡែក មន្ទីរ និងអង្គភាពជំនាញនីមួយៗ នៅថ្នាក់រាជធានី-ខេត្ត ក៏មានភារកិច្ចចូលរួមអនុវត្តគោលនយោបាយនេះផងដែរ ក្នុងនាមជារដ្ឋបាលថ្នាក់ក្រោមជាតិ និងតំណាងក្រសួង ស្ថាប័ន របស់ខ្លួន ដើម្បីបង្កើនឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់ លើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និងពង្រឹងអភិបាលកិច្ចទីផ្សារការងារ នៅក្នុងរាជធានី-ខេត្តរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើងជាលំដាប់។ 

ដោយឡែក ក្នុងនាមរដ្ឋបាលថ្នាក់ខេត្ត ឯកឧត្តម ភឹម ភីរ៉ា បានជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្ត សេដ្ឋកិច្ច និងសង្គមកិច្ចនៅក្នុងខេត្តក្រចេះ និងបានសំដែងនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តគោលនយោបាយនេះឲ្យមានប្រសិទ្ធភាពខ្ពស់។

គួរជម្រាបជូនផងដែរថា ក្រោមការផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារកម្ពុជាឆ្នាំ២០១៥-២០២៥នេះ ដោយមានកិច្ចសហការ និងជំនួយបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ(ILO)។ គោលនយោបាយជាតិនេះ ត្រូវបានរាជរដ្ឋាភិបាលអនុម័តនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ និងត្រូវបានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 

គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ មិនត្រឹមតែមានគោលបំណងជួយលើកតម្កើងជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ ការអភិវឌ្ឍន៍ជំនាញ និងធនធានមនុស្សនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែគោលនយោបាយនេះ ក៏មានវិធានការការពារ និងលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ពលករកម្ពុជាដែលកំពុងធ្វើការនៅក្រៅធ្វើប្រទេសផងដែរ៕