ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង ស្នើដល់មន្ត្រី ឲ្យយកចិត្តទុកដាក់ខ្ពស់លើការបំពេញការងារស្តីពីសុខភាព និងសុវត្ថិភាពការងារ ក្នុងការដ្ឋានសំណង់ឲ្យកាន់តែប្រសើរបន្ថែមទៀត

 Tuesday, 08 September 2020 14:38  |    Written by MLVT  |  65 times  |   Print  |   Email

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយគម្រោងលើកកម្ពស់ស្តងដារសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ នៃអង្គការអន្តរជាតិខាងការងារ (ILO/OSH Project) នៃមូលនិធិរាជរដ្ឋាភិបាលជប៉ុន និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ បានបើកវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្គោលស្តីពីការកែលម្អរបៀបធ្វើការងារនៅតាមការដ្ឋានសំណង់ខ្នាតតូច (WISCON) និងចំណេះដឹងជាមូលដ្ឋាន សារធាតុអាបេសស្តុស មានរយៈពេលពីរថ្ងៃ ពីថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារសាន់វ៉េ ដល់មន្ត្រីនៃនាយកដ្ឋានពេទ្យការងារ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ 

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ធ្វើការរំលឹកនូវចំណេះដឹង និងបំប៉នសមត្ថភាពដល់គ្រូបង្គោលទាំងអស់ ដែលបានទទួលការបណ្តុះបណ្តាលកាលពីឆ្នាំ ២០១៩កន្លងមក។ 

ថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានស្នើដល់មន្ត្រីទាំងអស់ឲ្យយកចិត្តទុកដាក់ខ្ពស់លើការបំពេញការងារស្តីពីសុខភាព និងសុវត្ថិភាពការងារក្នុងការដ្ឋានសំណង់ ក៏ដូចជាការពិនិត្យលើការអនុវត្តប្រកាសផ្សេងៗដែលទាក់ទងនឹងមេរោគអេដស៍ និងជំងឺអេដស៍ គ្រឿងញៀន និងសារធាតុអាសបេស្តុសផងដែរ។ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឲ្យយកចំណេះដឹងទាំងនេះ ទៅប្រើប្រាស់ក្នុងការចុះអធិការកិច្ចតាមការដ្ឋានសំណង់ និង ធ្វើការផ្សព្វផ្សាយបន្តទៅដល់បងប្អូនកម្មករនិយោជិតដែលបំរើការងារក្នុងវិស័យសំណង់ ដែលស្ថិតក្នុងដែនអនុវត្តរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។

លោកស្រី ប៉ោ ជួង មន្ត្រីសម្របសម្រួលគម្រោងលើកកម្ពស់ស្តងដារសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ នៃអង្គការអន្តរជាតិខាងការងារ (ILO/OSH Project) នៃមូលនិធិរាជរដ្ឋាភិបាលជប៉ុន បានថ្លែងអំណរគុណនូវកិច្ចសហការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាយកដ្ឋានពេទ្យការងារ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្តទាំងអស់ ជាពិសេសមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ ដែលបានសហការរៀបចំជាមួយគម្រោង រៀបចំនូវវគ្គបំប៉ននេះឡើង។ លោកស្រី បានថ្លែងអំណរគុណដល់ ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោង ដែលជានិច្ចជាកាលតែងតែផ្តល់កិត្តិយសចូលរួមកម្មវិធីរបស់គម្រោង និងផ្តល់នូរអនុសាសន៍ល្អៗដល់មន្ត្រីក្នុងការអនុវត្តការងារឲ្យកាន់តែជោគជ័យ៕