ឯកឧត្តម អុិត សំហេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើផលប៉ះពាល់នៃ ជំងឺកូវីដ១៩ លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 Thursday, 25 June 2020 17:44  |    Written by MLVT  |  357 times  |   Print  |   Email

ទីស្តីការក្រសួង៖ ក្នុងអំឡុងពេលជំងឺកូវីដ១៩ កំពុងតែវាយប្រហារជាសកល បង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ច សង្គម ដំណើរការនៃសង្វាក់ផលិតកម្មជាដើម មិនថាបណ្តាប្រទេសជាច្រើន នៅលើពិភពលោកនេះទេដែលទទួលរងនូវផលប៉ះពាល់នេះ សូម្បីតែកម្ពុជាក៏ទទួលរងឥទ្ធិពលអស់ទាំងនេះដែរ ។ ដោយសារតែមានការប៉ះពាល់ មកលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា ទើបនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិនិត្យមើលផលប៉ះពាល់ និងរកដំណោះស្រាយលើបញ្ហាអស់ទាំងនេះ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រោមឱវាទរបស់ក្រសួងជាច្រើនរូប។ 

ឯកឧត្តមបណ្ឌិត អុិត សំហេង មានប្រសាសន៍ថា នៅក្នុងបរិបទនៃរីករាលដាលការឆ្លងជាសកល នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំងកូវិដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញនូវសេចក្តីណែនាំបន្ថែមជាបន្តបន្ទាប់ ថែមទាំងបានចាត់ក្រុមការងារឱ្យចុះធ្វើសកម្មភាពផ្សព្វផ្សាយពីវីធីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ នៅតាមបណ្តារោងចក្រ សហគ្រាស និងនៅតាមមជ្ឈមណ្ឌលចត្តាឡីស័កផងដែរ។ 

ការលេចឡើងនូវជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ បានបង្កជាបញ្ហាប្រឈមដ៏ធំមួយទៀត បន្ថែមលើបញ្ហាដែលមានស្រាប់ ជាពិសេសគឺសង្គ្រាមពាណិជ្ជកម្ម និងការថមថយកំណើនសេដ្ឋកិច្ច សម្រាប់សកលលោកក៏ដូចជាកម្ពុជាយើង។ ដើម្បីកាត់បន្ថយផលប៉ះពាល់ រក្សាលំនឹងអាជីវកម្ម និង លំនឹងជីវភាពជូន កម្មករនិយោជិតទាំងអស់ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការអន្តរាគមន៍បន្ទាន់ជាបន្តបន្ទាប់ ដល់វិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ជាងគេ គឺវិស័យអាជីវកម្ម ទេសចរណ៍ និងវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូប។ លើសពីនេះរាជរដ្ឋាភិបាលក៏បានត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងករណីដែលស្ថានភាពសេដ្ឋកិច្ចរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា សម្រាប់ថ្ងៃនេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី ៨) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ៧,០២៨ នាក់ នៅរោងចក្រ សហគ្រាសចំនួន ៤៤ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារនេះ។

ទន្ទឹមនេះ ឯកឧត្តម ក៏បានលើកទឹកចិត្ត និងជម្រុញដល់អង្គភាពពាក់ព័ន្ធគ្រប់កម្រិតរបស់ក្រសួង បន្តសហការគ្នាឲ្យស្អិតរមួតបន្ថែមទៀតក្នុងការជួយដោះស្រាយនូវការលំបាក ក៏ដូចជាផ្តល់សេវាជូនដល់បងប្អូនកម្មករនិយោជិតបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។  

គូរបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃទី២៤ ម្សិលមិញនេះ នាឱកាសអញ្ជើញប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖ «រាជរដ្ឋាភិបាលនឹងបន្តតាមដាន និងធ្វើការវាយតម្លៃអំពីសភាពការណ៍ និងផលប៉ះពាល់ជាក់ស្តែងនៃជំងឺកូវីដ១៩នេះ តទៅទៀត ប្រសិនបើសភាពការណ៍ និងផលប៉ះពាល់ជំងឺកូវីដ១៩ នៅតែបន្តអូសបន្លាយ មិនមានភាពល្អប្រសើរ កម្មវិធីជំនួយសង្គមនេះនឹងត្រូវអនុវត្តក្នុងជុំថ្មីបន្តទៀត សម្រាប់រយៈពេល២ខែ។ ក៏ប៉ុន្តែ បើផលប៉ះពាល់នៃជំងឺនេះ បានធូរស្បើយ រាជរដ្ឋាភិបាលនឹងបញ្ឈប់នូវកម្មវិធីជំនួយសង្គមមួយនេះ នឹងបង្វែថវិកាទៅវិនិយោគលើកិច្ចការងារចាំបាច់នានា ដើម្បីស្តារសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនជារួមវិញ»៕