ក្រុមការងារបច្ចេកទេស ចម្រុះ TVET ប្រជុំគ្នាដោះស្រាយផលប៉ះពាល់ និងការឆ្លើយតប នៃជំងឺកូវីដ១៩

 Thursday, 11 June 2020 12:06  |    Written by MLVT  |  372 times  |   Print  |   Email

ទីស្ដីការក្រសួង៖ កិច្ចប្រជុំក្រុមការងារបច្ចេកទេស ចម្រុះសម្រាប់វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG-TVET) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជា ជីវៈ និងលោកស្រី Carin Salerno នាយកទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) អនុប្រធានព្រមទាំង មានអ្នកចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបទៀតមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ និងតំណាងវិស័យឯកជន នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ចំនួន ២គឺ ១)ផលប៉ះពាល់ និងការឆ្លើយតបនៃជំងឺកូវីដ-១៩ ទៅលើប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) និង២) វឌ្ឍនភាពនៃសិក្សាបឋមលើការរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានថ្លែងអំណរគុណ ចំពោះមតិយោបល់ របស់សមាជិកអង្គប្រជុំទាំងអស់ ដែលបានផ្តល់ជាធាតុចូលដ៏មានសារៈសំខាន់ សម្រាប់យើងទាំងអស់គ្នាបន្តរួមគ្នាសម្រេចឱ្យបាននូវគោលដៅទាំងឡាយដែលយើងបានដាក់ចេញ។ ទន្ទឹមនេះដែរ ឯកឧត្តមបណ្ឌិត បានស្នើសុំ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ជាពិសេសស្នើ ទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស ជួយគាំទ្របន្តនៅពេលដែលដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទាំងផ្នែកបច្ចេកទេស និងថវិការហូតច្បាប់នេះ អនុម័តឱ្យប្រើប្រាស់ជាផ្លូវការ និងគាំទ្រការបង្កើតប្រព័ន្ធសិក្សាពីចម្ងាយ (TVET-APP) ទាំងផ្នែកបច្ចេកទេស និងថវិកា។       

លោកស្រី Carin Salerno នាយកទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) បានឡើងថា៖ "នេះគឺជាវេទិកាដ៏សំខាន់មួយ ដើម្បីឲ្យមានការពិគ្រោះ-ផ្លាស់ប្តូរយោបល់រវាងរដ្ឋាភិបាល ជាមួយវិស័យជន និងភាគីពាក់ព័ន្ធដទៃទៀត។ នេះគឺជាអ្វីដែលត្រូវបានលើកឡើងក្នុងលក្ខខណ្ឌប្រតិបត្តិ របស់ក្រុមការងារបច្ចេកទេសចម្រុះនេះ។ លោកស្រីថា៖ " ការចូលរួមពីដៃគូពាក់ព័ន្ធនាពេលនេះ បង្ហាញពីការចាប់អារម្មណ៍ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យTVET ។ ដូចយើងបានដឹងហើយ ភាពជោគជ័យលើកវិស័យTVETនេះអាស្រ័យលើកការចូលរួមពីវិស័យឯកជន ដូច្នេះខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់វិស័យឯកជន ពិសេសនោះការអនុវត្តន៍យុទ្ធសាស្ត្រភាពជាដៃគូពីវិស័យឯកជន នៅក្នុងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលកម្ពុជា "។ 

ចំពោះបញ្ហានៃការរាតត្បាតនៃ ជំងឺកូវីដ-១៩ វិញ លោកស្រី Carin បញ្ជាក់ថា៖ "វាបានប៉ះពាល់ដល់វិស័យជាច្រើនទាំងវិស័យទេសចរណ៍ វិស័យអប់រំ បណ្តុះបណ្តាល និងវិស័យផ្សេងៗជាច្រើនទៀត។ ថាតើយើងអាចឆ្លើយតបចំពោះបញ្ហាប្រឈមទាំងអស់នេះបែបណា? តើមេរោគមួយនេះ បានប៉ះពាល់អ្វីខ្លះទៅលើយុវជន? មានការគាំទ្របែបណាខ្លះ ចំពោះវិស័យTVET? ហើយយើងត្រូវរួមកំលាំងគ្នាដើម្បីរកដំណោះស្រាយតាមរយៈពេលខ្លី មធ្យម និងរយៈពេលវែងរបៀបណា?"

ជាមួយគ្នានោះដែរ លោកស្រីបានលើកឡើងថារាជរដ្ឋាស្វីសបានផ្តល់កញ្ចប់ថវិការ៧លានហ្វ្រង់ ដើម្បីស្តារចំពោះការប៉ះពាល់ដោយកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ។ យើងមានថវិការបន្ថែមចំពោះវិស័យTVET ហើយបានទទួលសំណើរជាច្រើនពីរាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការគាំទ្រចំពោះវិស័យនេះ។

ដើម្បីសម្រេចបាននូវធនធានមនុស្ស ឬកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធិភាព ឆ្លើយតបនឹងតម្រូវការទីផ្សាការងារ ជាពិសេសគាំទ្រដល់គោលដៅអភិវឌ្ឍឆ្នាំ២០៣០ស្របតាមបដិវដ្ដន៍ឧស្សាហកម្ម៤.០ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ដល់កិច្ចប្រជុំនេះរួមមាន៖ 

១.បន្តពង្រឹងគុណភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

២.បន្តពង្រីកការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីគាំទ្រការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមតាមកម្មវិធីសិក្សាពីចម្ងាញ ឬអនឡាញ 

៣.បន្តពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន និងដៃគូនានាដើម្បីធានានិរន្តរភាពនៃការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ

៤.បន្តលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

៥.បន្តជំរុញការស្រាវជ្រាវ និងនវានុវត្តន៍បច្ចេកវិទ្យាអនុវត្តលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៕