ក្រុមហ៊ុន ខូលៀ លេឌើរ(ខេមបូឌា) និងហេភី លេឌើរ(ខេមបូឌា)  ទទួលបានវគ្គបណ្តុះបណ្តាលជំនាញទន់

 Wednesday, 10 June 2020 19:03  |    Written by MLVT  |  297 times  |   Print  |   Email

(ខេត្តព្រះសីហនុ)៖ ក្រុមហ៊ុន ខូលៀ លេឌើរ(ខេមបូឌា) និងហេភី លេឌើរ(ខេមបូឌា) ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ មានកម្មករនិយោជិតព្យួរកិច្ចសន្យាការងារប្រមាណជាង ១៤០០នាក់ ទទួលបានវគ្គបណ្តុះបណ្តាលជំនាញទន់ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា វគ្គបណ្តុះបណ្តាលនេះ គឺជាការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់កម្មករនិយោជិតដែលព្យួរការងារ អោយទទួលបានថវិការឧបត្ថម្ភផង និងទទួលបានទាំងចំណេះដឹងបន្ថែមផង។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើដល់កម្មករនិយោជិត សូមយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីយកទៅប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃ និងបង្កើននូវផលិតភាពការងារអោយកាន់តែប្រសើរបន្ថែមបានមួយកម្រិតទៀត ។ 

 បើតាមកម្មការិនី លន់ ឆេន បានថ្លែងអរគុណដល់ក្រសួងការងារ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ព្រោះធ្វើអោយអ្នកនាងយល់ដឹងកាន់តែច្បាស់អំពីច្បាប់ស្ដីពីការងារ, ការទំនាក់ទំនងល្អ, យល់ដឹងពីរបៀបចរចា, ការដោះស្រាយបញ្ហា, ការបំពេញការងារជាក្រុម, ជាពិសេសនោះ គឺវិធានអនាម័យការពារពីជំងឺកូវីដ-១៩ ថែមទៀត។

សូមបញ្ជាក់ថា គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ ដល់កម្មករនិយោជិតនាពេលនេះ គឺដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារ បង្កើនសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការផង និងត្រៀមខ្លួនសម្រាប់ការងារថ្មីផង ខណៈពេលឧស្សាហកម្មត្រឡប់មកភាពដើមវិញ។ 

ការសិក្សានេះមានរយៈពេល២ថ្ងៃ ដែលមានមេរៀនដូចជា៖

១.ជំនាញនៃការទំនាក់ទំនង និងសិល្បៈនៃការចរចារ

២.ការបំពេញការងារជាក្រុម

៣.មូលដ្ឋានច្បាប់ស្ដីពីការងារ

៤.នីតិវិធីដោះស្រាយវិវាទការងារ

៥.សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត

៦.អត្ថប្រយោជន៍ ប.ស.ស

៧.សុវត្ថិភាព និងសុខភាពការងារ (OSH)៖ វិធានការបង្ការជំងឺCOVID-19៕