ឯកឧត្តមបណ្ឌិត អុិត សំហេង ដឹកនាំមន្ត្រីគោរពវិញ្ញាណក្ខន្ធសព ឧត្តមទេសរដ្ឋមន្ត្រី ហុឹម ឆែម

 Tuesday, 19 May 2020 11:20  |    Written by MLVT  |  156 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពឧត្តមទេសរដ្ឋមន្ត្រី ហុឹម ឆែម និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព។

ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត អុិត សំហេង ក៏បានអញ្ជើញសរសេរសារក្នុងសៀវភៅរំលែកមរណទុក្ខផងដែរ។ ឧត្តមរដ្ឋមន្ត្រី បានរៀបរាប់ពីការសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ហុឹម ឆែម។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានគូសរំលេចថា មរណភាពរបស់ឧត្តមទេសរដ្ឋមន្ត្រី ជាការបាត់បង់នូវស្វាមី បិតា និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ស្ទើរពេញមួយជីវិត ដោយឥតនឿយហត់ ប្រកបដោយទឹកចិត្តស្វាមី ភក្តី ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ក្នុងការចូលរួមចំណែកយ៉ាងសកម្មបម្រើជាតិ មាតុភូមិ។ ជាពិសេសការលើកស្ទួយតម្លៃវប្បធម៌ ព្រះពុទ្ធសាសនា ប្រកបដោយស្មារតីទទួលខុសត្រូវ។

សូមបញ្ជាក់ថា ឧត្តមទេសរដ្ឋមន្ត្រី ហុឹម ឆែម បានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។ ឯកឧត្តម ហុឹម ឆែម គឺជាឥស្សរជនជាន់ខ្ពស់មួយរូបក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ជាច្រើនអាណត្តិមកហើយ។ ក្រៅពីមានឋានៈជាទេសរដ្ឋមន្ត្រីហើយនោះ ឯកឧត្តម ហុឹម ឆែម ក៏ធ្លាប់បានកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនាផងដែរ៕