ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ស្នើវិទ្យាស្ថាន CDRI ជួយស្រាវជ្រាវរកយន្តការជំរុញលើកទឹកចិត្តឱ្យវិស័យឯកជនងាកមកបើកគ្រឹះស្ថាន TVET ឱ្យបានច្រើន ខណៈកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មក្នុងវិស័យនេះយ៉ាងខ្លាំង

 Tuesday, 05 May 2020 12:04  |    Written by MLVT  |  342 times  |   Print  |   Email

ទីស្ដីការក្រសួង៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើដល់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(វបសអ-CDRI) ជួយសិក្សាស្រាវជ្រាវរកឱ្យឃើញនូវចំណុចខ្វះខាតក៏ដូចជាការធ្វើយ៉ាងណាឱ្យការអនុវត្តគោលនយោបាយនិងផែនការយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញពាក់ព័ន្ធការអភិវឌ្ឍធនធានមនុស្ស ជាពិសេសក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដូចជាយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ, គោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជា, គោលនយោបាយជាតិស្តីពីការងារ និងមុខរបរ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កាន់តែឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ 

ទន្ទឹមនឹងនេះ ក្រសួងក៏បានខិតខំជម្រុញវិស័យនេះ តាមរយៈការពង្រឹងយន្តការ របស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល ការពង្រីកនឹងពង្រឹងយន្តការក្រុមការងារចំរុះរដ្ឋ ឯកជន និងដៃគូរនានា ការបន្តជម្រុញការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដោយរៀបឱ្យចំមានជាផែនការមេ សំដៅធានាពង្រឹងសមត្ថភាព និងប្រសិទ្ធភាពដល់ការប្រតិបត្តិដល់របស់វិទ្យាស្ថានទាំង៣៨ នៅក្រោមឱវាទក្រសួង។ ជាមួយគ្នានេះផងដែរ តើគួរមានយន្តការជំរុញលើកទឹកចិត្តដល់វិស័យឯកជន ដែលចង់វិនិយោគលើវិស័យសិក្សាធិការឱ្យងាកមកបើកគ្រឹះស្ថានសិក្សាបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យមានចំនួនកាន់តែច្រើន ដើម្បីបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញក្នុង    វិស័យមួយនេះ យកមកបំពេញតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ លើកទឹកចិត្តសិស្សដែលចប់មធ្យមសិក្សាអាចងាកមករៀនចាប់យកជំនាញវិជ្ជាជីវៈណាមួយសិនដើម្បីបានការងារធ្វើហើយ បើចង់រៀនបន្តដល់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត អាចរៀនបន្តបាន។

ការស្នើយ៉ាងដូច្នេះរបស់ ឯកឧត្តមបណ្ឌិត អុិត សំហេង ត្រូវបានធ្វើឡើងនាឱកាសអនុញ្ញាតឲ្យលោកបណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិវិទ្យាស្ថាន CDRI ជួបសម្តែងការគួរសម និងជម្រាបពីគម្រោងស្រាវជ្រាវលើការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់វិទ្យាស្ថាន នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។

 

នាឱកាសនោះ លោកបណ្ឌិត ប៉ិច សុខេម បានជម្រាបជូនអំពីគម្រោងស្រាវជ្រាវក្នុងផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងស្នើសុំអនុសាសន៍ឯកឧត្តមរដ្ឋមន្ត្រីលើប្រធានបទផ្សេងៗទៀត ដើម្បីឲ្យវិទ្យាស្ថាន CDRI ដាក់បញ្ចូលក្នុងគម្រោងស្រាវជ្រាវ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយល់ថាមានសារៈសំខាន់ និងជាអាទិភាព។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានគាំទ្រសកម្មភាពស្រាវជ្រាវរបស់វិទ្យាស្ថាន CDRI នាពេលកន្លងមក ដែលកំពុងបន្តការសិក្សាលើគម្រោងមួយចំនួនពាក់ព័ន្ធការអប់រំ និងបណ្តុះបណ្តាល សម្រាប់២ឆ្នាំខាងមុខ មានដូចជាការលើកកម្ពស់នវានុវត្តន៍ នៃវិស័យអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជា និងការស្រាវជ្រាវ កិច្ចសន្ទនាគោលនយោបាយ និងកម្មវិធីអភិវឌ្ឍសមត្ថភាពក្នុងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងឲ្យការសិក្សាស្រាវជ្រាវនេះ ទទួលបានលទ្ធផលកាន់តែប្រសើរ និងមានភាពប្រទាក់ក្រឡាជាមួយគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាល ក៏ដូចជាឯកសារយោងសម្រាប់អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងនិស្សិត។

 

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យវិទ្យាស្ថាន CDRI បន្ថែមនូវការសិក្សាស្រាវជ្រាវពីការ ឆ្លើយតបនូវតម្រូវការជំនាញដែលអាចឆ្លើយតបបានទៅនឹងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដូចជាកសិឧស្សាហកម្ម ការកែច្នៃផលិតផល និងឧស្សាហកម្មផ្សេងៗទៀតដែលអាចស្រូបយកកម្លាំងពលកម្មមានជំនាញ ដើម្បីងាយស្រួលក្នុងការស្វែងរកឱកាសការងារ និងដើម្បីធានានិរន្តរភាពនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅធានាបានថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវៈ ជាពិសេសដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យឈានឡើងមួយកម្រិតទៀត។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានបន្តទៀតថា បច្ចុប្បន្នទីផ្សារកម្ពុជាមានតម្រូវការកម្លាំងពលកម្មក្នុងវិស័យ TVET យ៉ាងច្រើន ប៉ុន្តែយុវជនបែរជាមិនសូវងាកមកសិក្សាក្នុងវិស័យនេះទៅវិញ ដែលនេះក៏ជាការស្នើរបស់ឯកឧត្តមទៅកាន់វិទ្យាស្ថាន CDRI ឱ្យធ្វើការសិក្សាស្រាវជ្រាវផងដែរ ដើម្បីជំរុញឱ្យយុវជនបែរមកស្វែងរកការសិក្សាក្នុងវិស័យ TVET នេះវិញ។

ឯកឧត្តមបណ្ឌិត អុិត សំហេង រីករាយនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងវិទ្យាស្ថាន CDRI លើការស្រាវជ្រាវរកឃើញនូវអ្វីដែលថ្មីជាប្រយោជន៍ដល់យុវជន អង្គការជាតិ-អន្តរជាតិ និងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ដើម្បីរៀបចំធ្វើផែនការសកម្មភាពយកទៅអនុវត្តកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

លោក បណ្ឌិត ប៉ិច សុខេម បានបង្ហាញការប្ដេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសម្រេចបានលទ្ធផលនៃការសិក្សាស្រាវជ្រាវខាងមុខទៀត ដើម្បីគាំទ្រលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យ TVET ៕