ក្រសួងការងាររៀបចំមណ្ឌលចត្តាឡីស័ក និងកន្លែងត្រួតពិនិត្យសុខភាព ១០កន្លែងនៅរាជធានីភ្នំពេញ ក្នុងនោះមានកម្មករ២នាក់ត្រូវបានយកសំណាកទៅត្រួតពិនិត្យ

 Monday, 20 April 2020 15:24  |    Written by MLVT  |  392 times  |   Print  |   Email

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំឱ្យមានមណ្ឌលចត្តាឡីស័កចំនួន ១០កន្លែង រាយតាមតំបន់ដែលមានរោងចក្រច្រើននៅរាជធានីភ្នំពេញ សម្រាប់ដាក់កម្មករនិយោជិតឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ក្រោយពួកគាត់ត្រលប់ពីស្រុកកំណើត និងឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅ។ នេះបើតាមការអោយដឹងពីឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ការថ្លែងបែបនេះរបស់ឯកឧត្តម ហេង សួរ ត្រូវបានធ្វើឡើងនាឱកាសដែលឯកឧត្តម និងក្រុមការងារចុះត្រួតពិនិត្យនៅតាមមណ្ឌលចត្តាឡីស័កនីមួយៗ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ។

ឯកឧត្តមបានឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅ មានកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅទូទាំងប្រទេសប្រមាណ ៣០,០០០នាក់ ស្មើនឹង ២% បានឈប់សម្រាកទាំងមានច្បាប់ និងគ្មានច្បាប់អនុញ្ញាត ក្នុងនោះនៅរាជធានីភ្នំពេញមានប្រមាណ ១៥,០០០នាក់ ប៉ុន្តែក៏មានកម្មករមួយចំនួនមិនបានត្រលប់មកធ្វើការវិញដែរ ដោយសារតែជម្នះចង់ឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំថ្មី។

ឯកឧត្តម ហេង សួរ បានបន្តថា គិតមកដល់ពេលនេះ គេបានរកឃើញកម្មករចំនួន ២នាក់ ដែលចេញរោគសញ្ញាខ្លះៗនៃរោគសញ្ញាទាំងឡាយរបស់ជំងឺកូវីដ១៩ ហើយពួកគេក៏ត្រូវបានយកសំណាកទៅត្រួតពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រហើយ។ ប៉ុន្តែកន្លែងស្នាក់នៅរបស់ពួកគេនៅទីណានោះ ឯកឧត្តម ហេង សួរ មិនអាចបញ្ជាក់បានឡើយ ដោយទុកជាការសម្ងាត់។

ពួកគេកំពុងទទួលបានការយកចិត្តទុកដាក់ពីអ្នកគ្រប់គ្រងមណ្ឌលចត្តាឡីស័ក ដោយមានកម្លាំងនគរបាលពិនិត្យមិនឱ្យគាត់ចេញដើរផ្ដេសផ្ដាសឡើយ និងមានការផ្ដល់ម្ហូបអាហារក្នុងកម្រិតអប្បបរមា។

មណ្ឌលចត្តាឡីស័កទាំងនេះត្រូវបានបែងចែកជា ២កម្រិត ក្នុងនោះមានមណ្ឌលចត្តាឡីស័កកម្រិត១ និងមណ្ឌលចត្តាឡីស័កកម្រិត២។ 

មណ្ឌលចត្តាឡីស័កមានចំនួនបីទីតាំង នៅអនុវិទ្យាល័យគោកបញ្ជាន់,វិទ្យាល័យជម្ពូវ័ន្ត និងនៅវិទ្យាល័យឫស្សីកែវ ។ រីឯកន្លែងត្រួតពិនិត្យ និងតាមដានសុខភាពមានចំនួន៧ទីតាំង ស្ថិតនៅសួនឧស្សាហកម្មវឌ្ឍនៈ១, សួនឧស្សាហកម្មកាណាឌីយ៉ា, , សួនឧស្សាហកម្មវឌ្ឍនៈ២,  អនុវិទ្យាល័យដង្កោ, វិទ្យាល័យភ្នំពេញថ្មី, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និង សាលាបឋមសិក្សាភូមិឫស្សី។

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថាមណ្ឌលចត្តាឡីស័កកម្រិត១ ប្រៀបដូចជាការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេក្នុងផ្ទះ ឬបន្ទប់ជួលផ្ទាល់ខ្លួន ប៉ុន្តែជួនកាលម្ចាស់បន្ទប់ជួលគាត់ ឬអ្នករួមបន្ទប់របស់គាត់មិនហ៊ានឱ្យនៅក្នុងបន្ទប់ជួលរបស់គេ ដូច្នេះសាមីខ្លួនអាចមកស្នាក់នៅដាច់ដោយឡែកនៅមណ្ឌលនេះបាន។

ចំណែកមណ្ឌលចត្តាឡីស័កកម្រិត២នេះ គឺមានតែនៅអគារមួយផ្សេងពីអគារចត្តាឡីស័កកម្រិត១ នៃវិទ្យាល័យជម្ពូរវ័ន្តតែមួយប៉ុណ្ណោះ ដែលសម្រាប់ដាក់បុគ្គលដែលត្រូវបានគេយកសំណាកទៅត្រួតពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។ ប្រសិនបើត្រួតពិនិត្យឃើញវិជ្ជមាន គេនឹងបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៉ី។

ឯកឧត្តមបានលើកឡើងទៀតថា អគារចត្តាឡីស័កកម្រិត២ ក្នុង១បន្ទប់ស្នាក់នៅបានតែម្នាក់ប៉ុណ្ណោះ ចំណែកឯអគារចត្តាឡីស័កកម្រិត១ អាចស្នាក់បានលើសពីម្នាក់ ហើយក្នុងមណ្ឌលចត្តាឡីស័កកម្រិត១នីមួយៗ អាចដាក់មនុស្សសរុបបានប្រហែល ២,៥០០នាក់៕