ឯកឧត្តម អុិត សំហេង អញ្ជើញសំណេះសំណាល និងផ្តល់អនុសាសន៍ដល់សហភាពសហជីពការងារខ្មែរ

 Monday, 16 March 2020 10:56  |    Written by MLVT  |  236 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងាការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យ លោក លី វេង ប្រធានសហភាពសហជីពការងារខ្មែរ និងសហការីមកពីសហព័ន្ធសហជីពចំនួន៥ទៀត ចូលជួបសម្តែងការគួរសម និងទទួលយកនូវអនុសាសន៍មួយចំនួនពីឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ដើម្បីពង្រឹងការងាររបស់ខ្លួន បន្ថែមទៀតក្នុងការផ្តល់ការការពារ និងលើកកម្ពស់សិទ្ធិបងប្អូនកម្មករនិយោជិត នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។ 

ក្នុងជំនួបនោះ លោក លី វេង បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី ពីការខិតខំការងារកន្លងមករបស់សហភាពសហជីពការងារខ្មែរ ដែលបានរួមចំណែកក្នុងការគាំទ្រនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឱ្យប្រទេសជាតិបន្តរីកចំរើនលើគ្រប់វិស័យ បងប្អូនកម្មករនិយោជិតទទួលបាននូវឱកាសការងារ ប្រាក់ឈ្នួលកាន់តែប្រសើរ ការពារសិទ្ធិ និងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ជាពិសេសការទទួលបាននូវកិច្ចគាំពារសង្គម។

 

 

ឯកឧត្តមរដ្ឋមន្រ្តី បានកោតសសើរការងារកន្លងមករបស់សហភាពសហជីពនេះ ហើយផ្តល់អនុសាសន៍ឱ្យសហភាពសហជីពនេះ ខិតខំបន្តចូលរួមសកម្មភាពឱ្យកាន់តែផុសផុលថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តគោលនយោបាយ ក៏ដូចជាវិធានការណ៍ថ្មីៗរបស់រាជរដ្ឋាភិបាលសម្រេច បានជោគជ័យ ដើម្បីធានានូវដោះស្រាយការងារជូនបងប្អូនកម្មករនិយោជិត រោងចក្រ សហគ្រាស នៅតែអាចបន្តផលិតកម្ម អាជីវកម្ម សិទ្ធិ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិតនូវតែធានាបាន។ 

ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់សហភាពសហជីព នេះ ត្រូវចូលរួមទប់ស្កាត់ការអំពើប្រព្រឹត្តខុសនីតិវិធីច្បាប់ ឬសកម្មភាពដែលមានចរិកជាការញោះញុងដើម្បីទាមទារអ្វីមួយដែលខុសពីច្បាប់ ដែលនាំឱ្យមានការខាតបងទាំងបងប្អូនកម្មករនិយោជិត ម្ចាស់រោងចក្រ សហគ្រាស ហើយនិយាយជារួមខាតបង់ដល់ប្រទេសជាតិយើងតែម្តង។ យើងត្រូវរួមគ្នាដើម្បីប្រយោជន៍ជាតិយើង ព្រោះថា បើរោងចក្រ សហគ្រាស គេមិនអាចដំណើរការបានហើយ កុំថាឡើយសហជីពមានសិទ្ធិដើម្បីទាមទារនេះ ទាមទារនោះ សហជីពខ្លួនឯងហ្នឹងក៏ចប់អាជីពដែរ។ 

ជាចុងក្រោយឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលឹកឱ្យសហភាពសហជីព ចូលរួមគាំទ្រ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ចំពោះវិធានការណ៍របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងបង្ការការរីករាលដាល់នៃជំងឺរាតត្បាតជាសកល កូវិដ-១៩។ 

សហភាពសហជីការងារខ្មែរ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាល់ជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលតែងតែបានគាំទ្រ និងផ្តល់នូវអនុសាសន៍ដល់ដំណើរការងារប្រកបដោយជោគជ័យនាពេលកន្លងមក ហើយបានប្តេជ្ញាខិតខំអនុវត្តនូវរាល់អនុសាសន៍ល្អៗដើម្បីធ្វើយ៉ាងណាអោយការអនុវត្តនូវវិជ្ជាជីវៈក្នុងនាម ជាសហជីពនេះ អាចដើរតួនាទីកាន់តែប្រសើរដល់ការការពារសិទ្ធិ និងផលប្រយោជន៍របស់ប្អូនកម្មករនិយោជិត ចូលរួមឱ្យម្ចាស់ រោងចក្រ សហគ្រាស ទទួលបាននូវផលចំណេញ ហើយក៏ដូចជាចូលរួមក្នុង ការអភិវឌ្ឍប្រទេសជាតិយើង។ 

សូមបញ្ជក់ថា សហភាពសហជីពការងារខ្មែរ មានសហព័ន្ធសហជីពជាសមាជិកចំនួន៥ និងមានសហជីពមូលដ្ឋានសរុបចំនួន១០២ ហើយមានកម្មករនិយោជិតជាសមាជិកសរុប ចំនួន ២៣ ៣២២នាក់៕