ឯកឧត្តម ហេង សួរ ផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ប្រធានមន្ទីរការងារខេត្តមណ្ឌលគីរី ទើបតែងតាំងថ្មី

 Wednesday, 04 March 2020 12:20  |    Written by MLVT  |  248 times  |   Print  |   Email

(មណ្ឌលគីរី)៖ ក្នុងពិធី ប្រកាសផ្ទេរភារកិច្ចនិងតែងតាំងអោយចូលកាន់មុខតំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី នាព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរំឮក ផ្តល់អនុសាសន៍ណែនាំដល់ប្រធានមន្ទីរថ្មី ត្រូវបន្តយកចិត្តទុកដាក់អោយបានម៉ឺងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ព្រមជាមួយនោះ៖

ទី១-ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋបាលខេត្តមណ្ឌលគិរី ប្រគល់ជូន។

ទី២-ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។

ទី៣-ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយ វិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្រ្តីផ្តល់សេវាល្អ ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។

ទី៤-ត្រូវខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ ទាំងឡាយរបស់រាជរដ្ឋាភិបាល។

ទី៥-ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានា    បាននូវប្រសិទ្ធភាពការងារខ្ពស់។

ទី៦-ចំណុចចុងក្រោយដែលជាចំណុចសំខាន់បំផុត ត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ។

ទន្ទឹមនេះដែរ ឯកឧត្តម ហេង សួរ បានថ្លែងនូវការកោតសរសើរចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដែលបានសហការយ៉ាងល្អ ជាមួយនិងរដ្ឋបាលខេត្តមណ្ឌលគិរី អាជ្ញាធរដែនដី មន្ទីរជំនាញពាក់ព័ន្ធ និងស្ថាប័នមានសមត្ថកិច្ចនានាក្នុងខេត្តមណ្ឌលគិរី ក្នុងការដោះស្រាយបញ្ហានានាជូនបងប្អូនកម្មករនិយោជិត និងចូលរួមអនុវត្តច្បាប់ស្តីពីការងារ សំដៅធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងអនុវត្តប្រកបដោយជោគជ័យស្របតាម   អនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង១០ចំណុច របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ និងជីវភាពរស់របស់បងប្អូនកម្មករនិយោជិត។

នាឱកាសនោះ ឯកឧត្តម ហេង សួរ ក៏បានអបអរសាទរចំពោះលោក ណយ ច័ន្ទតារា ដែលទទួលបានមុខតំណែងថ្មីជំនួសប្រធានមន្ទីរចាស់ ដែលត្រូវចូលនិវត្តន៍ និងត្រូវបានទៅបម្រើការងារនៅកន្លែងផ្សេង ហើយសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី រដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្តមណ្ឌលគិរី នឹងខិតខំបំពេញការងាររួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជូនរាជរដ្ឋាភិបាល បន្ថែមទៀត។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានសំដែងនូវការអបអរសាទរ កោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់សហការអនុវត្តការងារបានយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក និងបានរួមចំណែក យ៉ាងធំធេងក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និយាយរួម និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី និយាយដោយឡែក ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើនឈានឡើងជាលំដាប់។

គួរបញ្ជាក់ផងដែរថា ខេត្តមណ្ឌលគិរី គឺជាខេត្តមួយនៅក្នុងចំណោមខេត្តទាំងបួនរបស់កម្ពុជា រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមក្នុងការបង្កើតឱ្យទៅជាតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម។ តាមរយៈ ការខិតខំរួមគ្នារវាងប្រមុខរដ្ឋាភិបាលប្រទេសទាំងបី ក្នុងការបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ដើម្បជម្រុញការអភិវឌ្ឍខេត្តទាំង១៣ លើគ្រប់វិស័យទាំងការកសាង និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការជម្រុញពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ ដែលរួមមានខេត្តខាងកម្ពុជាចំនួន ៤ខេត្ត ខាងឡាវ ៤ខេត្ត និងវៀតណាម ៥ខេត្ត បានប្រែក្លាយខេត្តទាំងនេះពីតំបន់ដែលក្រីក្រជាងគេ មានដង់ស៊ីតេប្រជាជនរស់នៅតិចតួចបំផុត ភាគច្រើនបងប្អូនជនជាតិភាគតិចដែលប្រកបរបរកសិកម្មពនេចរ និងបរបាញ់សត្វ ទៅជាខេត្តដែលពោរពេញដោយសក្តានុពលទេសចរណ៍ និងវិនិយោគ ដែលបាននឹងកំពុងទទួលនូវភោគផលនៃការអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះ៕