ក្រសួងការងារបើកកិច្ចប្រជុំក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ

 Wednesday, 26 February 2020 13:15  |    Written by MLVT  |  542 times  |   Print  |   Email

ទីស្ដីការក្រសួង៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ក្រុម ការងារទី៨ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហប្រធានតំណាងរាជរដ្ឋាភិបាល និង លោក ឧកញ៉ា ណាង សុធី សហប្រធានតំណាងវិស័យឯកជន ជាមួយគ្នានេះដែរ ក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនប្រមាណ១៣០នាក់។

ឯកឧត្តមរដ្ឋមន្ត្រី អុិត សំហេង បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ឆ្លើយតប និងដោះស្រាយ ទៅនឹងកង្វល់ និងបញ្ហាប្រឈមនានារបស់វិស័យឯកជន តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាគិតចាប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃនេះក្រសួងបានខិតខំដោះស្រាយសំណូមពរជាច្រើនរបស់វិស័យឯកជនដូចជា៖

- បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីស្តីពី “ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ”

- បានពន្យាពេលអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធនពីដើមឆ្នាំ ទៅចុងឆ្នាំ

- បានចេញ៖

 * ប្រកាសអន្តរក្រសួងស្តីពីការបង្កើតក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្តសាល និងប្រកាសអន្តរក្រសួងស្តីពីការបង្កើតក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យឧស្សាកម្មទេសចរណ៍ (កំពុងស្នើសុំហត្ថលេខាពីអន្តរក្រសួង)

 * សេចក្តីណែនាំស្តីពីការអនុវត្តការទូទាត់សងការឈប់សម្រាកពិសេស

 * សេចក្ដីជូនដំណឹងស្តីពីការប្រើប្រាស់គិលានដ្ឋានរួមនិងមូលដ្ឋានសុខាភិបាលជំនួសការរៀបចំគិលានដ្ឋានប្រចាំសហគ្រាស គ្រឹះស្ថាន

 * សេចក្តីណែនាំស្តីពីការរក្សាអាថ៌កំបាំងវិជ្ជាជីវៈរបស់មន្ដ្រីអធិការកិច្ចការងារ

- បានរៀបចំសេចក្តីព្រាង៖

 * ប្រកាសស្តីពីការពិនិត្យកាយសម្បទាសម្រាប់កម្មករនិយោជិត (នឹងចេញក្រោយកិច្ចប្រជុំថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០)

 * លិខិតស្នើទៅក្រសួងការបរទេសដើម្បីឆ្លើយតបទៅវិស័យឯកជនអំពីការបញ្ជូនឯកសារតារាងឈ្មោះពលករទៅស្ថានទូតថៃ (នឹងចេញក្រោយកិច្ចប្រជុំថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០)

- បានចេញលិខិតទៅ៖

 * ILO-BFC ការបំភ្លឺអំពីកាតព្វកិច្ចក្នុងការទូទាត់នូវសោហ៊ុយជំងឺចិត្ត ក្នុងករណីប្រែក្លាយកិច្ចសន្យាការងារមានកំណត់ថិរវេលា (FDC)ដែលលើសថិរវេលាអតិបរមាដែលកំណត់ដោយច្បាប់ទៅជាកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ (UDC)

 * សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ស្តីពីគណនាការឈប់សម្រាកប្រចាំឆ្នាំសមាមាត្រ នៅពេលដែលកម្មករនិយោជិតធ្វើការតិចជាង២១ថ្ងៃក្នុងមួយខែ

 * សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ស្តីពីរបៀបគិតអតីតភាពការងារ ដើម្បីកំណត់រយៈពេលជូនដំណឹងមុន ដែលនិយោជកត្រូវអនុវត្តពេលបញ្ចប់កិច្ចសន្យាការងារមានកំណត់ថិរវេលា (FDC) ក្លាយទៅជាកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ (UDC)

 * សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ស្តីពីរបៀបគិតប្រាក់បំណាច់អតីតភាពការងារ ចំពោះកម្មករនិយោជិតពេញសិទ្ធិ ដែលបានបំពេញការងារចាប់ពី១ខែ ទៅ៦ខែនៃឆមាសនីមួយៗ

 * សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ស្តីពីការកំណត់អត្តសញ្ញាណការិយភារី (អ្នកម៉ៅការបន្ត)

 * ILO-BFC ការកំណត់ “ការប៉ិនប្រសប់មធ្យម” ក្នុងមាត្រា៧ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា

 * មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ករណីសហគ្រាស គ្រឹះស្ថានថ្នាក់កណ្ដាលបញ្ជូនកម្មករទៅបំពេញសាខាតាមខេត្ត។ 

ក្នុងកិច្ចប្រជុំនោះដែរ លោកឧកញ៉ា ណាង សុធី តំណាងវិស័យឯកជន បានថ្លែង អំណរគុណដល់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ដែលតែងនៅកៀកជាប់ជាមួយនិយោជក និងកម្មករនិយោជិត និងជួយដោះស្រាយជូនភាគីទាំងសងខាងដែលមានបញ្ហាលំបាក ប្រកបដោយភាពទន់ភ្លន់ និងប្រសិទ្ធភាព ទទួលយកបានទាំងសងខាង។ លោកឧកញ៉ាក៏បានអរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី អុិត សំហេង ផងដែរ ដែលបានដឹកនាំវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានយ៉ាងល្អ ពិសេសនោះក្រុមការងារទី៨ តែម្តង ដែលធ្វើឲ្យខាងវិស័យឯកជន អស់ក្តីកង្វល់ ក៏ដូចជាបញ្ហាប្រឈមនានាជាច្រើន៕