Print this page

ក្រសួងការងារ តម្រូវឱ្យមន្ដ្រីរបស់ខ្លួន ត្រូវឆ្លងកាត់ការប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាល និងវិក្រឹត្យការ

 Saturday, 15 February 2020 13:14  |    Written by MLVT  |  1061 times

(ភ្នំពេញ)៖ នេះជាលើកដំបូងហើយដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តម្រូវឱ្យមន្ដ្រីរបស់ខ្លួន មានតួនាទីចាប់ពីអនុប្រធានការិយាល័យ ដល់អគ្គនាយករង ត្រូវឆ្លងកាត់ការប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាល និងវិក្រឹត្យការ មុនក្លាយជាអ្នកអនុវត្តច្បាប់ពាក់ព័ន្ធនឹងការចុះធ្វើអធិការកិច្ច ជាពិសេស យល់ដឹងកាន់តែច្បាស់អំពីសមត្ថភាពរបស់ខ្លួន ក្នុងការវិភាគនូវរាល់បទប្បញ្ញត្តិក្នុងវិស័យការងារ ដើម្បីមានមូលដ្ឋានដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តជាក់ស្ដែង សំដៅលើកកម្ពស់លក្ខខណ្ឌការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរ។ 

កម្មវិធីប្រឡងបញ្ចប់វគ្គបណ្ដុះបណ្ដាល និងវិក្រឹត្យការ របស់មន្ដ្រីថ្នាក់កណ្ដាល ធ្វើតាមប្រព័ន្ធបច្ចេកទេសព័ត៌មានវិទ្យា ដែលមានបេក្ខជនចូលរួមចំនួន ៣៣២នាក់នេះ ជាការតេស្ដសមត្ថភាព ដើម្បីកំណត់អំពីកម្រិតនៃចំណេះដឹង ហើយក៏ជាវិញ្ញាសាមួយដើម្បីសម្រិតសម្រាំងរកមន្ដ្រីមានសមត្ថភាពខ្ពស់ និងគុណវុឌ្ឍិល្អប្រសើរ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ដ្រីរាជការសាធារណៈ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ក្នុងយុទ្ធសាស្ដ្រទី៥ ស្ដីពីការពង្រឹងអភិបាលកិច្ចល្អ ដែលកំណត់អំពីការអភិវឌ្ឍសមត្ថភាពមន្ដ្រីរាជការ និងកសាងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដែលបានកំណត់អាទិភាព ស្ដីពីការកែទម្រង់ និងលើកកម្ពស់សមត្ថភាពស្ថាប័ន គឺជាកម្លាំងចលករក្នុងការបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ដ្រចតុកោណ។ 

 

ក្នុងពិធីបើកការប្រឡងបញ្ចប់វគ្គបណ្តុះបណ្តល និងវិក្រឹត្យការ ស្តីពីបទប្បញ្ញត្តិក្នុងវិស័យការងារជូនមន្ដ្រីអធិការកិច្ចការងារ នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំនូវអនុសាសន៍មួយចំនួន រួមមាន៖

១. ត្រូវយកពុទ្ធិដែលទទួលបានអំពីវគ្គបណ្ដុះបណ្ដាល និងវិក្រឹត្យការនេះ ទៅពង្រឹងការអនុវត្តច្បាប់ និងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់សមត្ថភាពស្ថាប័ន ក្នុងគោលបំណងឆ្លើយតបនឹងសេចក្ដីត្រូវការសាធារណៈដែលកំពុងស្ថិតក្នុងការវិវត្តន៍ដ៏ឆាប់រហ័សនៃបរិការណ៍ជាតិ និងអន្ដរជាតិ។

២. បន្ដពង្រឹងសមត្ថភាព និងអភិវឌ្ឍចំណេះដឹងឱ្យបានកាន់តែទូលំទូលាយ ស្របតាមការវិវត្តនៃវិធានគតិយុត្ត និងការវឌ្ឍននៃបច្ចេកវិទ្យាឌីជីថលដែលជាវិស័យអាទិភាពយ៉ាងសំខាន់សម្រាប់អភិវឌ្ឍប្រទេស។

៣. បន្ដផ្សព្វផ្សាយនិងចែករំលែកនូវចំណេះដឹងពាក់ព័ន្ធនឹងបទប្បញ្ញត្តិក្នុងវិស័យការងារនេះដល់មន្ដ្រីដទៃទៀតតាមរយៈការបណ្ដុះបណ្ដាលបន្ដនៅតាមនាយកដ្ឋាន ឬអង្គភាពនីមួយៗ។

៤. សូមសំណូមដល់លេខាធិការដ្ឋានគណៈកម្មការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ ត្រូវបន្ដសហការជាមួយអង្គភាពពាក់ព័ន្ធ ជាពិសេសវិទ្យាស្ថានជាតិការងារដែលនឹងដំណើរការនាពេលខាងមុខនេះ ដើម្បីបន្ដរៀបចំវគ្គបណ្ដុះបណ្ដាល និងវិក្រឹត្យនេះ ទៅលើប្រធានថ្មីៗដែលជាវឌ្ឍនភាពនៃលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារឱ្យកាន់តែលម្អិតទាំងផ្នែកទ្រឹស្ដី និងការអនុវត្ត៕