ឯកឧត្តមបណ្ឌិត អុិត សំហេង ត្រឡប់មកដល់មាតុប្រទេសវិញ បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ ស្តីពី កិច្ចសន្ទនាសង្គមសម្រាប់ការងារនាពេលអនាគតកាន់តែប្រសើរ

 Friday, 07 February 2020 10:27  |    Written by MLVT  |  122 times  |   Print  |   Email

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ​ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញមកដល់មាតុប្រទេសវិញ ដោយសុវត្ថិភាព បន្ទាប់ពីទទួលបាននូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ ស្តីពី កិច្ចសន្ទនាសង្គមសម្រាប់ការងារនាពេលអនាគតកាន់តែប្រសើរ ដែលរៀបចំដោយដៃគូកិច្ចព្រមព្រៀងសាកល ប្រទេសបារំាង នៅទីស្នាក់ការអង្គការ OECD ទីក្រុងប៉ារីស ប្រទេសបារំាង​ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។ 

គួររំលឹកផងដែរថា សន្និសីទនេះ គឺជាវេទិកាមួយសម្រាប់ដៃគូនៃកិច្ចព្រមព្រៀងសាកលដើម្បីចែករំលែកគំនិត, បញ្ហាប្រឈម, ដំណោះស្រាយ, ឧត្តមមានុវត្តន៍ និងបទពិសោធល្អៗ ក៍ដូចជាគោលនយោបាយនានាពាក់ព័ន្ធនឹងការអនុវត្តកិច្ចសន្ទនាសង្គមដើម្បីលើកកម្ពស់ការងារសមរម្យ និងកំណើនប្រកបដោយបរិយាប័ន្ន ភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ​ មុខជំនាញបច្ចេកទេស និងដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈមថ្មីៗក្នុងទីផ្សារការងារស្របតាមបច្ចេកវិទ្យាថ្មី នាពេលអនាគត​។

នាឱកាសនោះ​ រាជរដ្ឋាភិបាលកម្ពុជា​ ក៏បានសម្តែងនូវការសាទរចំពោះសមិទ្ធផលសម្រេចបានក្រោមគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកល និងប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់កិច្ចសន្ទនាសង្គមដើម្បីការងារសមរម្យ និងកំណើនប្រកបដោយបរិយាប័ន្នដែលជាចក្ខុវិស័យរបស់កិច្ចព្រមព្រៀងសាកល ឆ្ពោះទៅរកការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ៕