ក្រសួងការងារបញ្ជ្រាបចំណេះដឹងពីវិធានការទប់ស្កាត់ និងកាត់បន្ថយការធ្វើកូដកម្ម-បាតុកម្មខុសច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់

 Thursday, 30 January 2020 16:55  |    Written by MLVT  |  275 times  |   Print  |   Email

(ព្រះសីហនុ)៖ សិក្ខាកាមប្រមាណជាង ៣០០នាក់ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ទទួលបានការបណ្តុះបណ្តាលស្តីពីវិធានការក្នុងការទប់ស្កាត់ និងការកាត់បន្ថយការធ្វើកូដកម្ម-បាតុកម្មខុសច្បាប់ ខណៈឯកឧត្តម បណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នេះជាបទពិសោធន៍ និងការយល់ដឹងបន្ថែមទៀតដែលជាមូលដ្ឋានដ៏រឹងមាំក្នុងការចាត់វិធានការទប់ស្កាត់ និងការកាត់បន្ថយការធ្វើកូដកម្ម-បាតុកម្មខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញារបស់យើងទាំងនៅថ្នាក់ជាតិ និងតាមរាជធានីខេត្ត បានចូលរួមអនុវត្តប្រកប ដោយជោគជ័យនូវតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ជាពិសេស ការអនុវត្តនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ១០ ស្តីពីការប្រគល់ភារៈកិច្ចជូនអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជួយសម្របសម្រួលការគ្រប់គ្រងរោងចក្រ សហគ្រាសដែលស្ថិតក្នុងភូមិសាស្ត្ររាជធានី ខេត្ត បទបញ្ជារបស់រាជរដ្ឋាភិបាល លេខ០២ ស្តីពីការអនុវត្តផែនការស្តីពីការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ឆ្នាំ២០១៦-២០១៩ បទបញ្ជារបស់រាជរដ្ឋាភិបាល លេខ ០៣ ស្តីពីការរក្សាការពារ សន្តិសុខ សណ្តាប់សាធារណៈនៅតាមតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្ម។ 

ទន្ទឹមនឹងនេះ បានរៀបចំ និងពង្រឹងយន្តការគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាម គ្រប់មុខសញ្ញា និងបានយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាល កសាងសមត្ថភាពប្រតិបត្តិការ និងស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ច។ 

ជាការពិតណាស់ គកប ពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការចូលរួមថែរក្សាការពារនូវ សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងការពង្រឹងនីតិរដ្ឋ ដើម្បីជីវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងបានទប់ស្កាត់ និងដោះស្រាយដោយជោគជ័យ នូវសកម្មភាពបាតុកម្មនយោបាយរបស់ក្រុមជ្រុលនិយមដែលមានការគាំទ្រ និងលើកទឹកចិត្តពីបណ្តាមជ្ឈដ្ឋានខាងក្រៅ ដែលប៉ុនប៉ងបំផ្លាញលទ្ធផលនៃការបោះឆ្នោតផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រមុខរាជរដ្ឋាភិបាលរបស់យើង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកសន្តិភាពជាមូលដ្ឋានគ្រឹះ សម្រាប់ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ 

រាជរដ្ឋាភិបាល បានអនុវត្តដោយពេញលេញ នូវសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ ការជួបជុំដើម្បីធ្វើកូដកម្ម បាតុកម្មស្របទៅតាមច្បាប់ជាធរមាន ។ កម្ពុជានៅតែបន្តធ្វើដំណើរឆ្ពោះទៅមុខយ៉ាងត្រឹមត្រូវតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការប្រព្រឹត្តទៅនៃនីតិរដ្ឋ សិទ្ធិសេរីភាពរបស់បុគ្គល សេរីភាពខាងសារព័ត៌មាន និងការបញ្ចេញមតិ សិទ្ធិធ្វើបាតុកម្ម សកម្មភាពនៃបណ្តាគណបក្សនយោបាយអង្គការសង្គមស៊ីវិល និងសហជីព ការចូលរួមរបស់ប្រជាពលរដ្ឋ ។ល។ ត្រូវបានគោរព និងការពារ ។

ឯកឧត្តមរដ្ឋមន្ត្រីបានក៏បានផ្តល់ជាអនុសាសន៍បន្ថែមទៀតដល់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម-បាតុកម្មនៅតាមគ្រប់មុខសញ្ញា ទាំងនៅថ្នាក់ជាតិ និងរាជធានី-ខេត្ត ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីបន្តខិតខំទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម-បាតុកម្ម ដាច់ខាតមិនទុកឱ្យរាលដាលពីតូចទៅធំក្លាយទៅជាបដិវត្តពណ៌បំផ្លាញសន្តិសុខសណ្ដាប់ធ្នាប់សង្គម បំផ្លាញស្ថិរភាពជាតិបានជាដាច់ខាត៖

១៖ ក្តាប់សភាពការណ៍ប្រមូលព័ត៌មាន តាមដានរាល់ផែនការសកម្មភាពក្រុមជ្រុលនិយមជ្រកក្រោមស្លាកគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងមជ្ឈដ្ឋានអមិត្តដែលប៉ុនប៉ងបំផុសកូដកម្ម បាតុកម្ម កុបកម្ម បដិវត្តពណ៌។

២៖ ទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្មបាតុកម្មតាំងពីកន្លែងកើតហេតុនៅរោងចក្រសហគ្រាស នៅតាមមូលដ្ឋានមិនទុកឱ្យប្រមូលផ្តុំទៅជាកម្លាំងធំ។

៣៖ អនុវត្តវិធានការច្បាប់ វិធានការរដ្ឋបាល និងវិធានការជំនាញចំពោះពួកមេក្លោង ជនដៃដល់ និងសកម្មជន ដោយមិនលើកលែង។

៤៖ បង្កើនកិច្ចសហការជាមួយអង្គការសហជីព សមាគមនិយោជក អង្គការមិនមែនរដ្ឋាភិបាលសង្គមស៊ីវិលផ្សេងៗទៀត កសាងទំនាក់ទំនងល្អដើម្បីគ្រប់គ្រងទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្មបាតុកម្ម។

៥៖ ពង្រឹងការគ្រប់គ្រងវិន័យផ្ទៃក្នុងក្រសួងស្ថាប័ន អង្គភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិអង្គភាពកងកម្លាំង ប្រដាប់អាវុធ ពង្រឹងធ្លុងសាមគ្គីឯកភាព គោរព និងអនុវត្តច្បាប់ បទបញ្ជា ប្តេជ្ញាចូលរួមប្រឆាំងកូដកម្ម បាតុកម្ម ប្រឆាំងបដិវត្តពណ៌ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ។

៦៖ ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម បាតុកម្ម បដិវត្តពណ៌នៃយន្តការគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មគ្រប់ថ្នាក់ ពង្រឹងការសហការរវាងគ្រប់កម្លាំងមានសមត្ថកិច្ចគណៈបញ្ជាការឯកភាពគ្រប់ជាន់ថ្នាក់។

៧៖ បណ្តុះបណ្តាលមន្រ្តី គ.ក.ប និងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់អំពីការគ្រប់គ្រងការទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម បាតុកម្ម បដិវត្តពណ៌។

៨៖ រៀបចំកម្លាំងត្រៀមបម្រុង និងកសាងផែនការគ្រប់គ្រងការទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម បាតុកម្ម បដិវត្តពណ៌គ្រប់ភូមិសាស្រ្ត។

៩៖ ពង្រឹងការងារព័ត៌មានបំភ្លឺសាធារណមតិជាតិ-អន្តរជាតិចំពោះរាល់ករណីកូដកម្ម-បាតុកម្ម និងសកម្មភាពល្មើសច្បាប់របស់ក្រុមជ្រុលនិយម ដោយប្រើប្រាស់គ្រប់មធ្យោបាយ តាមរយៈអាជ្ញាធរមូលដ្ឋានភូមិ ឃុំ-សង្កាត់ អង្គការសហជីព អង្គការមិនមែនរដ្ឋាភិបាល បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធឃោសនា និងអ្នកការទូត។

១០៖ ត្រូវគ្រប់គ្រងករណីឧបទ្ទវហេតុផ្សេងៗ ដូចជា ឃាតកម្មនយោបាយ ឃាតកម្មលើសកម្មជនល្បីៗ សិល្បករល្បីៗ ព្រឹត្តិការណ៍កីឡា បុណ្យជាតិ អន្តរជាតិ និងហានិភ័យជាយថាហេតុ។ ត្រូវមានផែនការទប់ស្កាត់ និងដោះស្រាយការបំផុសចលាចលបង្កើតបដិវត្តពណ៌តាមករណីនីមួយៗ។

១១៖ ខិតខំអនុវត្តបទបញ្ជាលេខ ០៣ របស់រាជរដ្ឋាភិបាល ស្តីពីការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅតាមតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្ម និងសារាចរណែនាំលេខ១០សរណន ស្តីពីការប្រគល់ភារកិច្ចជូនអភិបាលរាជធានី ខេត្ត ជួយសម្រួលដល់ការគ្រប់គ្រងរោងចក្រ សហគ្រាស ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានី ខេត្ត។

១២៖ ត្រូវខិតខំដោះស្រាយករណីរោងចក្រ សហគ្រាសដួលរលំ ដោយថៅកែរត់ចោល តាមស្មាតីលិខិតលេខ ២៣៩ សជណ.អវ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ទីស្តីការគណរដ្ឋមន្រ្តី និងសេចក្តីសម្រេច លេខ០២គកប ចុះថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៨ ស្តីពីការបង្កើតគណកម្មការដោះករណីរោងចក្របិទទ្វាដោយម្ចាស់រត់ចោល ។