ភាគីពាក់ព័ន្ធជួបជុំគ្នា ពិនិត្យ និងពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីបង្កើនឱកាសការងារ ផ្តល់អត្ថប្រយោជន៍បន្ថែមទៀតដល់បងប្អូនកម្មករនិយោជិត បង្កើនសង្វាក់ផលិតកម្ម សេវាកម្ម និងទាក់ទាញដល់ការវិនិយោគ

 Thursday, 16 January 2020 09:44  |    Written by MLVT  |  415 times  |   Print  |   Email

(ភ្នំពេញ)៖ តំណាងកម្មករនិយោជិត សហជីព និយោជក សមាគមនិយោជក ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ តំណាងអង្គទូត និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងអ្នកជំនាញរបស់អង្គការអន្តរជាតិខាងការងារ (ILO)សរុប ៨៥រូប បានមកជួបជុំគ្នាពិនិត្យ និងពិភាក្សា ផ្តល់យោបល់ជាធាតុចូលប្រកបដោយគុណប្រយោជន៍លើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដែលមានអាយុជាង ២ទស្សវត្ស ឱ្យបន្តឆ្លើយតបនឹងការវិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គមរបស់ប្រទេស ។

នាឱកាសថ្លែងបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីស្តីពី ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ នៅសណ្ឋាគារសាន់វេ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ស្របតាមវិធានការកែទម្រង់មុតស្រួចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារសិក្សាលទ្ធភាពក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ឱ្យស្របតាមបរិបទសេដ្ឋកិច្ចនិងសង្គម។ បន្ទាប់ពីបានបញ្ចប់ការសិក្សាជាបឋមលើភាពចាំបាច់និងអត្ថប្រយោជន៍នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ក្រសួងបាន បានសហការជាមួយអ្នកជំនាញរបស់អង្គការ ILO រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើកទី១ ដើម្បីពិភាក្សាអំពីលទ្ធភាពលើ៖ 

១-ការកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងវេនការងាររបស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមានដំណើរការលើសពី ១វេនជាប្រចាំ។ ដូចបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងស្តីពីសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីស្តីពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ របស់ក្រសួង ការកែសម្រួលនេះមានគោលបំណង (១) បង្កើនភាពទាក់ទាញឧស្សាហកម្មទំនើប ដូចជារោងចក្រផលិតបរិក្ខារអគ្គិសនី, គ្រឿងអេឡិចត្រូនិច និងការកែច្នៃម្ហូបអាហារ ជាដើម និង (២) បង្កើនការងារជូនប្រជាពលរដ្ឋ ទៅតាមជម្រើសនិងតម្រូវការជាក់ស្តែងរបស់ពួកគេ ដើម្បីទទួលបានប្រាក់ចំណូលកាន់តែប្រសើរឡើង។ ត្រង់ចំណុចនេះ ឯកឧត្តមបានបញ្ជាក់ ផងដែរថា រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលធ្វើការលើសពី ១វេន ម្តងម្កាល គឺត្រូវ បន្តអនុវត្តបទប្បញ្ញត្តិដែលមានជាធរមាន។

២-ការលុបការឈប់នៅថ្ងៃបន្ទាប់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ ដូចដែលអនុវត្តចំពោះមន្ត្រីរាជការសាធារណៈទូទៅនិងការអនុវត្តនៅក្នុងបណ្តាប្រទេសមួយចំនួនក្នុងតំបន់។ ការកែសម្រួលនេះ គឺដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់ផលិតភាពការងារ និងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជាទំាងក្នុងតំបន់ និងសកលលោក។ ក្រសួងនឹងពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងធានាថាផលប្រយោជន៍របស់កម្មករនិយោជិតគ្រប់រូបមិនត្រូវបានកាត់បន្ថយ។ 

៣-ការពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទការងារបុគ្គល ដូចការដោះស្រាយវិវាទការងាររួមដែរ ដោយមូលហេតុថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័នដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដែលទទួលបានការទុកចិត្តពីគ្រប់ភាគី។ ចំណុចនេះត្រូវបានលើកយកមកធ្វើការសិក្សាលម្អិត បន្ទាប់ពីការវិភាគលើទិន្នន័យនៃការដោះស្រាយវិវាទការងារ ដែលក្នុងនោះចំនួននៃវិវាទការងារបុគ្គលមានការកើនឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ផ្អែកលើលក្ខណៈពិសេសនៃវិវាទការងារ ភាគច្រើន នៃវិវាទការងារបុគ្គលតែងតែត្រូវបានបញ្ចប់ដោយភាគីមិនប្តឹងទៅតុលាការមានសមត្ថកិច្ចនោះទេ បើទោះបីជាករណីមិនសះជាក៏ដោយ។ ក្នុងន័យនេះ ដើម្បីពង្រឹងប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទការងារនិងឆ្លើយតបនឹងតម្រូវការរបស់ភាគីវិវាទ ព្រមទាំងកាន់តែធានាបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការបើកឱ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយទាំងវិវាទការងារបុគ្គល គឺជាដំណោះស្រាយដ៏ប្រសើរ។

ចំណុចទាំង៣ ខាងលើនេះ គឺជាចំណុចអាទិភាព ដែលក្រុមការងារបានសិក្សានិងរៀបចំដាក់ជូនអង្គសិក្ខាសាលាពិនិត្យនិងពិភាក្សារួមគ្នា ដើម្បីទទួលបានការឯកភាពគ្នា ក្នុងការដាក់ចេញនូវដំណោះស្រាយកាន់តែល្អប្រសើរ ក្នុងការលើកកម្ពស់សិទ្ធិការងារនិងរក្សាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា។ 

ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តនិងជំរុញឱ្យគ្រប់ភាគី ធ្វើការពិភាក្សាឱ្យបានផុសផុលប្រកបដោយវិជ្ជាជីវៈក្នុងស្មារតីទទួលខុសត្រូវរួម ដើម្បីធានាបានភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ។ ទន្ទឹមគ្នានេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហការជាមួយដៃគូសង្គមនិងភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ដែលជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕