គណៈកម្មការអន្តរក្រសួងបើកកិច្ចប្រជុំលើកទី៤ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥

 Thursday, 12 December 2019 12:31  |    Written by MLVT  |  254 times  |   Print  |   Email

(ភ្នំពេញ)៖ គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំលើកទី៤របស់ខ្លួន ដើម្បីត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយខាងលើនេះកន្លងមក។

កិច្ចប្រជុំនេះធ្វើឡើងនៅសណ្ឋាគារ Great Duke ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ អភិបាល និងអភិបាលរងរាជធានី-ខេត្ត តំណាងអង្គការអន្តរជាតិខាងការងារ(ILO) ។

ជាលទ្ធផល កិច្ចប្រជុំបានពិនិត្យ និងអនុម័តជាឯកច្ឆន្ទលើសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពសម្រាប់ឆ្នាំ២០១៨ នៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥។

 

គួររំលឹកផងដែរថា គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ត្រូវបានបង្កើតឡើងក្រោមជំនួយបច្ចេកទេសរបស់អង្គការអន្តរជាតិខាងការងារ (ILO) និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ និងប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។  

សមិទ្ធផលសំខាន់ៗមួយចំនួនដែលរាជរដ្ឋាភិបាលសម្រេចបាននៅក្នុងឆ្នាំ២០១៨ ដែលឆ្លើយតបនឹងគោលបំណងទាំង៣ របស់គោលនយោបាយនេះ មានដូចជា៖ ១)-បានប្រើប្រាស់យន្តការត្រីភាគីក្នុងការចរចារកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដែលធ្វើឱ្យមានការកើនឡើងជារៀងរាល់ឆ្នាំ, ២)-បានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ ដោយបានរក្សាអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ឱ្យមានស្ថិរភាពក្នុងរង្វង់ ៤ ០៥០ រៀល, ៣)- បានជំរុញលើកទឹកចិត្ត ដល់សហគ្រាសធុនតូច និង មធ្យម និងសិប្បកម្ម ដោយបានផ្តល់នូវលក្ខខណ្ឌអនុគ្រោះ និងសម្រួលនីតិវិធីក្នុងការចុះបញ្ជី, ៤)- បានផ្តល់ការបណ្តុះបណ្តាលកម្មវិធីស្ពានចម្លងបន្តជំនាញដល់សិស្សដែលបោះបង់ចោលការសិក្សា ដើម្បីឱ្យពួកគេមានឱកាសបានចូលរៀនក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ៥)- បានពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការផ្តល់សេវាការងារតាមរយៈការបង្កើតមជ្ឈមណ្ឌលការងារចល័ត និងមជ្ឈមណ្ឌលការងារ, ៦)- បានបន្តអនុវត្ត របបហានិភ័យការងារ និង របបថែទាំសុខភាពសម្រាប់កម្មករនិយោជិតវិស័យឯកជន និងមន្ត្រីរាជការសាធារណៈ ជាពិសេស កម្មការិនីសម្រាលកូន, និងទី៧)-បានពង្រីកទីផ្សារការងារនៅក្រៅប្រទេសដូចជាសាធារណរដ្ឋកូរ៉េ ប្រទេសម៉ាឡេស៊ី ប្រទេសថៃ ប្រទេសជប៉ុន ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត រដ្ឋគូវ៉ែត រដ្ឋកាតា ប្រទេសសិង្ហបុរី និងតំបន់រដ្ឋបាលពិសេសហុងកុង។

ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់នេះ និងបានស្នើសុំថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត វិស័យឯកជន បង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចូលរួមអនុវត្តគោលនយោបាយនេះដើម្បីធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័នឧស្សាកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញនៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥  និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានកំណើនខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ភាពសុខដុមក្នុងសង្គមដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល៕