កូរ៉េបន្តជួយកម្ពុជាលើការពង្រឹងសុវត្ថិភាព និង សុខភាពការងាររយៈពេល៣ឆ្នាំទៀត

 Tuesday, 10 December 2019 14:21  |    Written by MLVT  |  819 times  |   Print  |   Email

(ភ្នំពេញ)៖ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជួយពង្រឹងសុវត្ថិភាព និងសុខភាពការងារជាមួយកម្ពុជាជាលើកទី៤ រយៈពេល៣ឆ្នាំទៀត (២០១៩-២០២២) ក្រោយអនុវត្តចំនួន៣លើកមកហើយតាំងពីឆ្នាំ២០១០មក។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តម ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Chuil-woo LEE អនុប្រធានទីភ្នាក់ងារ KOSHA របស់សាធារណរដ្ឋកូរ៉េ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀមរាប។

ក្រោយបញ្ចប់កិច្ចចុះហត្ថលេខានេះ ឯកឧត្តម ឡេង តុង បានថ្លែងថា គោលបំណងនៃការអនុវត្តកិច្ចសហប្រតិបត្តិការស្ដីពីសុខភាព និងសុវត្ថិភាពការងារនេះ គឺដើម្បីគាំទ្រ និងកសាងសមត្ថភាពដល់ប្រទេសកម្ពុជាក្នុងវិស័យសុខភាព និងសុវត្ថិភាពការងារ ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងាររបស់កម្មករនិយោជិតនៃប្រទេសទាំងពីរផងដែរ។

បើតាមឯកឧត្តម ឡេង តុង ក្នុងការអនុវត្តគម្រោង៣លើកកន្លងមក ភាគីទាំងពីក៏បានបញ្ជូនអ្នកជំនាញ និងបណ្ដុះបណ្ដាលជនបង្គោលទៅវិញទៅមកផងដែរ។

ទីភ្នាក់ងារ KOSHA មួយនេះបានជួយលើ៖ 

១. ការពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកផ្នែក សុវត្ថិភាព និងសុខភាពការងារ តាមរយៈការដកស្រង់ស្តីពីសុវត្ថិភាព និងសុខភាពការងារនៅសាធារណរដ្ឋកូរ៉េ។

២. ការបញ្ជូនអ្នកជំនាញផ្នែកសុវត្ថិភាព និងសុខភាពការងារមកបណ្តុះបណ្តាលមន្ត្រីផ្នែកសុវត្ថិភាព និងសុខភាពការងារកម្ពុជា។

៣. ការរៀបចំផលិតខិតបណ្ណណែនាំ ស្លាកសញ្ញាដើម្បីផ្សព្វផ្សាយ និងលើកការយល់ដឹងស្តីពី សុវត្ថិភាព និងសុខភាពការងារដល់កម្មករនិយោជិតនៅកន្លែងធ្វើការ។

៤. ចែករំលែកព័ត៌មាន ឯកសារបច្ចេកទេស និងឧបករណ៍ពាក់ព័ន្ធ សុវត្ថិភាព និងសុខភាពការងារដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការស្ដីពីសុវត្ថិភាព និងសុខភាពការងារនេះ ពិតជាបានរួមចំណែកយ៉ាងខ្លាំងក្នុងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ និងសុខមាលភាពរបស់កម្មករនិយោជិតនៅកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ 

ដើម្បីឱ្យកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការបច្ចេកទេសអនុវត្តឱ្យបានទទួលជោគជ័យបន្ថែមទៀត ក្រសួងការងារ និងបណ្តុះបណ្តាលបានស្នើសុំដល់ទីភ្នាក់ងារ KOSHA និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េគិតគូរនូវលទ្ធភាព ក្នុងការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីអធិការកិច្ចការងារលើការចុះអធិការកិច្ចការងារក្នុងវិស័យសំណង់ ការជួយក្នុងរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ផ្តល់វគ្គបណ្តុះបណ្តាលរយៈវែងដល់មន្ត្រីនាយកដ្ឋានពេទ្យការងារ និងមន្ត្រីពាក់ព័ន្ធអំពីសុខភាព និងសុវត្ថិភាពការងារ ព្រមទាំងផ្តល់ការឧបត្ថម្ភនូវឧបករណ៍ និងបរិក្ខាមន្ទីរពិសោធន៍ដែលប្រើប្រាស់រួចដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បម្រើការងារសុខភាព និងសុវត្ថិភាពការងារ។

ឯកឧត្តម ឡេង តុង បានបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការនេះក៏ស្របនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ របស់់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាផងដែរ ដែលចង់រៀបចំប្រព័ន្ធ សុវត្ថិភាព និងសុខភាពការងារនេះឱ្យបានល្អប្រសើរចាប់ពីថ្នាក់ជាតិរហូតដល់សហគ្រាស៕