ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

រដ្ឋមន្ត្រីក្រសួងការងារដាក់កំហិតឱ្យគិលានដ្ឋានតាមសហគ្រាសត្រូវមានបរិក្ខារ-ឱសថគ្រប់គ្រាន់ និងបុគ្គលិកសុខាភិបាលធ្វើការទៀងទាត់

 Wednesday, 04 December 2019 11:45  |    Written by MLVT  |  2808 times  |   Print  |   Email

(ភ្នំពេញ)៖ គ្រប់គិលានដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន ត្រូវធានាថាដំណើរការបានល្អ មានសម្ភារបរិក្ខារ ឱសថប្រើប្រាស់គ្រប់គ្រាន់ និងមានបុគ្គលិកសុខាភិបាលធ្វើការទៀងទាត់តាមការកំណត់ និងប្រកបដោយវិជ្ជាជីវៈ នេះជាសារអំពាវនាវរបស់ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទៅកាន់ម្ចាស់-និយោជកគ្រឹះស្ថាន សហគ្រាសទាំងឡាយនៅកម្ពុជា។

ការប្រកាសរបស់ឯកឧត្តមបណ្ឌិត អុិត សំហេង យ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពី ការៀបចំគិលានដ្ឋាន សហគ្រាស គ្រឹះស្ថាននៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។

ដើម្បីធានានូវសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមគ្រឹះស្ថាន សហគ្រាស ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានអំពាវនាវដូចខាងក្រោម៖

* ចំពោះនិយោជក៖

១. រៀបចំគិលានដ្ឋានសហគ្រាស គ្រឹះស្ថានឱ្យបានសមស្រប និងត្រឹមត្រូវតាមវិធាន និងបទប្បញ្ញតិ្តដែលបានកំណត់ក្នុងច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានពាក់ព័ន្ធ ពិសេសប្រកាសរួមលេខ៣៣០ និង ១៣៩។

២. ធានាថាគិលានដ្ឋានសហគ្រាស គ្រឹះស្ថាន ដំណើរការបានល្អ មានសម្ភារបរិក្ខារ ឱសថប្រើប្រាស់គ្រប់គ្រាន់ និងមានបុគ្គលិកសុខាភិបាលធ្វើការទៀងទាត់តាមការកំណត់។

៣. ត្រូវផ្តល់ និងថែរក្សាកន្លែងធ្វើការឱ្យមានអនាម័យ និងសុវត្ថិភាព។

៤. រៀបចំមធ្យោបាយបង្ការទប់ស្កាត់ ឬវិធានការការពារប្រកបដោយប្រសិទ្ធភាពនូវហានិភ័យទាំងឡាយ។

៥. ធានាថាកម្មករនិយោជិតទទួលបាន និងប្រើប្រាស់សម្ភារៈ ឧបករណ៍ការពារពលកម្មបានត្រឹមត្រូវ និងណែនាំឱ្យគាត់ថែរក្សាទុកដាក់សម្ភារឧបករណ៍ទាំងនោះឱ្យបានល្អ។ 

៦. ត្រូវអប់រំ និងពន្យល់ណែនាំដល់កម្មករនិយោជិតឱ្យបានដឹងអំពីវិធាន ឬបទប្បញ្ញត្តិថ្មីៗ ដែលចេញដោយស្ថាប័នមានសមត្ថកិច្ច ជាពិសេសក្រសួងទទួលបន្ទុកវិស័យការងារ ដែលទាក់ទងនឹងសុវត្ថិភាព និងសុខភាព ការងាររបស់កម្មករនិយោជិត។

៧. ជូនដំណឹងពីជំងឺ និងគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត ទៅបេឡាជាតិរបបសន្តិសុខសង្គមឱ្យបានទាន់ពេលវេលា និងធ្វើការបញ្ជូនគាត់ទៅមន្ទីរពេទ្យឱ្យបានឆាប់រហ័សតាមបែបបទ និងនីតិវិធីរបស់បេឡាជាតិរបបសន្តិសុខសង្គម។

* ចំពោះកម្មករនិយោជិត ត្រូវចូលរួមអនុវត្ត និងផ្សព្វផ្សាយនូវវិធាន និងបទប្បញ្ញត្តនានាពាក់ព័ន្ធនឹងសុខភាព និងសុវត្ថិភាពការងារឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជារាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បានស្នើភាគីនិយោជកចូលរួមអនុវត្តគោលការណ៍ណែនាំនេះឱ្យបានកាន់តែល្អប្រសើរថែមទៀត ក្នុងការរៀបចំគិលានដ្ឋាន និងសេវាសុខភាព និងសុវត្ថិភាព ដែលជាសេចក្តីត្រូវការរបស់កម្មករនិយោជិតនៅក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួន៕


ឯកសារផ្លូវការ