មោទនភាពថ្មីរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំសនិ្នសីទអាស៊ី-ប៉ាស៊ីហ្វិករបស់សមាគមផ្តល់សេវាការងារសាធារណៈពិភពលោក

 Monday, 02 December 2019 11:17  |    Written by MLVT  |  130 times  |   Print  |   Email

(សៀមរាប)៖ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ សនិ្នសីទអាស៊ី-ប៉ាស៊ីហ្វិករបស់សមាគមផ្តល់សេវាការងារសាធារណៈពិភពលោក ក្រោមប្រធានបទ ឌីជីថលនីយកម្មក្នុងសេវាការងារសាធារណៈ (Digitalization in Public Employment Services) ត្រូវបានបើកជាផ្លូវការនៅសណ្ឋាគារ សូហ្វីតែលអង្គរ ភូគីត្រា ក្នុងទឹកដីអង្គរខេត្តសៀមរាប ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះ ដោយមានអ្នកចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាតិ អន្តរជាតិប្រមាណ៤០០នាក់។

ថ្លែងក្នុងពិធីបើក សនិ្នសីទ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា៖ “សន្និសីទអាស៊ី-ប៉ាស៊ីហ្វិក នេះ ត្រូវបានធ្វើឡើងត្រូវចំកាលៈទេសៈ ព្រមទាំង មានសារៈប្រយោជន៍ខ្លាំងណាស់ដោយបានផ្តល់ជាឱកាសដ៏មានតម្លៃសម្រាប់ ប្រទេសសមាជិកទាំងអស់ចែករំលែក ស្វែងយល់និងដកស្រង់យកចំណេះដឹងបទពិសោធន៍និងការអនុវត្តល្អក្នុងការសិក្សានិងការចាប់យកមកប្រើប្រាស់ នូវបច្ចេកវិទ្យាបច្ចុប្បន្ននិងពេលអនាគត សម្រាប់ជំរុញការធ្វើឌីជីថលនីយកម្ម ព្រមទាំងបំប្រួញគម្លាតនៃការអភិវឌ្ឍសេវាការងារសាធារណៈ ក្នុងចំណោមប្រទេសសមាជិករបស់ WAPES ជាពិសេសសម្រាប់ប្រទេសដែលទើបបានចាប់ផ្តើមអភិវឌ្ឍសេវាការងារសាធារណៈដូចជាកម្ពុជា ក្នុងការខិតខំ ធ្វើដំណើរឈានទៅសម្រេចជោគជ័យនូវគោលដៅចុងក្រោយ គឺការប្រែ ក្លាយទៅជាសេវាការងារសាធារណៈឌីជីថលពេញលេញ។”

ក្នុងរយៈពេលពីរថ្ងៃនៃសន្និសីទថ្នាក់តំបន់នេះ មានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ពីអ្នកឯកទេសផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៃសេវាការងារសាធារណៈ អ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងមន្រ្តីផ្នែកផ្តល់សេវាការងារសាធារណៈដែលអញ្ជើញមកពីបណ្តាលប្រទេសជាសមាជិកចំនួន ១២ នៅទូទាំងពិភពលោក។ 

ការរៀបចំឡើងនូវសន្និសីទនាថ្ងៃនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញជាថ្មីម្តងទៀតអំពីតួនាទីកាន់តែសំខាន់ចាំបាច់របស់WAPES នៅលើឆាកអន្តរជាតិ ក្នុងការបង្កើតជាវេទិកាសម្រាប់ការសិក្សានិងការកសាងចំណេះដឹង និងផ្តល់ ការគាំទ្រដល់សមាជិកក្នុងការបង្កើនជំនាញ។ កម្ពុជាប្តេជ្ញាបន្តចូលរួមផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រតាមលទ្ធភាពដល់រាល់សកម្មភាពរបស់ WAPES ក្នុងការឈានទៅសម្រេចបានជោគជ័យនូវគោលដៅរបស់ខ្លួននេះ។ 

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ដោយសារកម្ពុជាយើងទើបតែបានបង្កើតសេវាការងារសាធារណៈ ក្នុងឆ្នាំ២០០៩ ដូច្នេះការអភិវឌ្ឍប្រព័ន្ធ ផ្តល់សេវាដែលមានភាពប្រទាក់ក្រឡា និងការធ្វើស្វ័យប្រវត្តិកម្មដោយ ការប្រើប្រាស់បច្ចេកវិទ្យានៅមានកម្រិតទាបនៅឡើយ។ ក្មុងន័យនេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងបន្តខិតខំអភិវឌ្ឍប្រព័ន្ធផ្តល់សេវាការងារដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងលឿន នៃរចនាសម្ព័ន្ធប្រជាសាស្រ្ត សេដ្ឋកិច្ចនិងទីផ្សារការងារ ព្រមទាំងការទាមទារកាន់តែខ្ពស់ឡើងរបស់ប្រជាពលរដ្ឋ នូវសេវាកាន់តែមានគុណភាព ការឆ្លើយតបបានឆាប់រហ័សប្រកបដោយសមធម៌និងមានតម្លាភាព។ 

គួរបញ្ជាក់់ផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាសមាជិកថ្មីមួយក្នុងចំណោមសមាជិកចំនួន១២ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់សមាគមពិភពលោកនៃសេវាការងារសាធារណៈ (WAPES) ដែលមានសមាជិកសរុបចំនួន៨២។ ឱកាសក្នុងការរៀបចំសន្និសីទនេះគឺជាវេទិកាដែលផ្តល់នូវកាលានុវត្តភាពក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អពាក់ព័ន្ធការផ្តល់សេវាការងារសាធារណៈ ក្នុងចំណោមរដ្ឋសមាជិកដែលមានការអភិវឌ្ឍខ្លាំងក្លាផ្នែកការផ្តល់សេវាការងារតាមប្រព័ន្ធឌីជីថល ព្រមទាំងការបង្ហាញពីករណីសិក្សានៃការចាប់ផ្តើមស្រូបយកបច្ចេកវិទ្យាឌីជីថលចូលក្នុងការផ្តល់សេវាការងាររបស់រដ្ឋជាសមាជិកថ្មីដូចជាកម្ពុជា៕