រាជរដ្ឋាភិបាលកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារចុះហត្ថលេខារួមគ្នាបន្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា រយៈពេល៣ឆ្នាំទៀត

 Thursday, 21 November 2019 11:25  |    Written by MLVT  |  248 times  |   Print  |   Email

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) និងអង្គការអន្តរជាតិខាងការងារ(ILO) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា “ ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២២ ” នៅសណ្ឋាគារសាន់វេ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដែលគ្របដណ្តប់លើវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ សម្ភារៈ និងកាបូបធ្វើដំណើរ។ នេះជាអនុស្សរណៈលើកទី៦ហើយ ក្នុងការបន្តទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងកិច្ចសហការកាន់តែប្រសើរ ដើម្បីឱ្យស្របទៅនឹងការវិវត្តន៍នៃស្ថានការបច្ចុប្បន្ន និងទៅអនាគត។

អនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំបីខាងលើនេះ លើកទី១ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ដើម្បីបន្តអនុវត្តគម្រោងសហប្រតិបត្តិការបច្ចេកទេសដែលមានឈ្មោះថា “ការធានាថាលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់នៅកម្ពុជា សមស្របតាមបទដ្ឋានការងារស្នូលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងស្របតាមច្បាប់ស្តីពីការងារកម្ពុជា”សម្រាប់រយៈពេល ២ឆ្នាំ ហើយគម្រោងនេះ ត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា “គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា”  រហូតមកដល់បច្ចុប្បន្ន។ 

ឯកឧត្តមបណ្ឌិត អុិត សំហេង បញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការចូលរួមចំណែកក្នុងការធានានូវសិទ្ធិការងារ និងលក្ខខណ្ឌការងារល្អប្រសើរសម្រាប់បងប្អូនកម្មករនិយោជិត និងផ្អែកលើភាពជោគជ័យនៃការអនុវត្តគម្រោងនេះ  រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តអនុស្សរណៈនៃការយោគយល់គ្នាក្នុងការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២២ ។

ការសម្រេចនេះ គឺធ្វើឡើងដើម្បីឆ្លើយតបផងដែរទៅនឹងផែនការសហប្រតិបត្តិការ និងសមាហរណកម្មរបស់គម្រោងរោងចក្រកាន់តែប្រសើរ ជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលឆ្លុះបញ្ចំាងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបេសកកម្មលើកកម្ពស់ “លក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់នៅកម្ពុជា សមស្របតាមបទដ្ឋានការងារស្នូលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ   និងស្របតាមច្បាប់ស្តីពីការងារកម្ពុជា”។  

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លើកឡើងថា តាមរយៈការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្មជាមួយនឹងបទដ្ឋានការងារ បានប្រែក្លាយកេរិ៍្តឈ្មោះរបស់កម្ពុជាទៅជាប្រទេសដែលឈានមុខគេក្នុងគោលនយោបាយពាណិជ្ជាកម្មអន្តរជាតិ និងបានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសគំរូសម្រាប់ប្រទេសមួយចំនួនយកទៅធ្វើបទពិសោធន៍សម្រាប់អនុវត្ត និងរៀនសូត្រតាម។ ការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ ក៏បានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផល សម្លៀកបំពាក់ និងវាយនភ័ណ្ឌនៅកម្ពុជាពីមួយឆ្នាំ ទៅមួយឆ្នាំកាន់តែច្រើនឡើងផងដែរ។

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាឲ្យដឹងថា “សមាគមរោងចក្រកាត់ដេរ នឹងបន្តធ្វើការជាមួយររោងចក្រកាន់តែប្រសើរនៅកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាការផលិត សុវត្ថិភាពការងារ និងការងារប្រកបដោយចីរភាព សម្រាប់ជាកម្លាំងពលកម្មរបស់កម្ពុជារបស់យើង” ។

 

­លោក Grame Buckley នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ­បានកត់សម្គាល់ថា “ដោយធ្វើការជាមួយរាជរដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរ យើងនឹងរួមគ្នាលើកកម្ពស់ការងារសមរម្យ សម្រាប់កម្មកររាប់រយរាប់ពាន់នាក់ ជាពិសេសស្ត្រី ហើយក៏ជួយកម្មករនិយោជិត ក្នុងការអភិវឌ្ឍជំនាញថ្មីៗ អាជីវកម្ម ដើម្បីទទួលប្រាក់ចំណេញកាន់តែច្រើនជាងមុន និងក្រុមគ្រួសារពួកគេ ឲ្យចាកផុតពីភាពក្រីក្រ”៕