ឯកឧត្តមបណ្ឌិត អុិត សំហេង ទទួលពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់សភាពាណិជ្ជកម្មអឺរ៉ុប

 Wednesday, 09 October 2019 11:41  |    Written by MLVT  |  340 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាត ឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុប ចូលជួបសម្តែងការគួរសម និងពិភាក្សាលម្អិតអំពីខ្លឹមសារនៃជំពូកស្តីពីធនធានមនុស្សនៃសៀវភៅ “ស” របស់សភាពាណិជ្ជកម្មអឺរ៉ុប ឆ្នាំ២០១៩ និងស្នើសុំអនុសាសន៍ណែនាំពីឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។

សៀវភៅ “ស” ឆ្នាំ២០១៩ របស់សភាពាណិជ្ជកម្មអឺរ៉ុបនេះ បានប្រមូលផ្តុំការឆ្លុះបញ្ចាំងទស្សនៈរួមរបស់ក្រុមហ៊ុនសមាជិកនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នៅលើទិដ្ឋភាពនានាជុំវិញបរិស្ថានធុរកិច្ចក្នុងប្រទេស ។

សៀវភៅនេះ បោះពុម្ភលើកទី៣ នៅកម្ពុជា ខែមិថុនា ឆ្នាំ២០១៩ មាន ២៨៧ទំព័រ និង ១០ជំពូក។ ដោយជំពូក ១ ស្តីពីធនធានមនុស្ស បានសរសេរពាក់ព័ន្ធវិស័យការងារ។ ជំពូកនេះមានចំនួន ៤ចំណុច ដូចខាងក្រោម៖ 

១. ការជួលនិយោជិតជាជនបរទេស 

២. គិលានដ្ឋាននៅតាមសហគ្រាស 

៣. ការពិនិត្យមើលឡើងវិញនូវលក្ខខណ្ឌតម្រូវសម្រាប់ការហ្វឹកហ្វឺនកូនជាង 

៤. ការប្រាស្រ័យទាក់ទងរវាងស្ថាប័នសាធារណៈ និងវិស័យឯកជន ។ និងពាក់ព័ន្ធនឹងការអនុវត្តច្បាប់ថ្មីៗមួយចនួនទៀត។

នៅក្នុងជំនួបនេះ ភាគីខាងសភាពាណិជ្ជកម្មអឺរ៉ុប បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានខិតខំដោះស្រាយនូវបញ្ហានានាកន្លងមក ដែលជាកង្វល់របស់អ្នកវិនិយោគទុន ដែលបានសម្រួលយ៉ាងខ្លាំងដល់ការធានាបាននូវភាព ប្រកួតប្រជែងរបស់កម្ពុជា បន្តធានាបាននូវភាពទាក់ទាញវិនិយោគទុនថែមទៀត។ 

លោកក៏បានសម្តែងនូវការពេញចិត្តជាខ្លាំងនូវចម្លើយជាវិជ្ជមានរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្នុងការបញ្ជាក់បន្ថែមទៀតនូវចម្ងល់មួយចំនួន សម្រាប់ជាមូលដ្ឋានក្នុងផ្តល់ព័ត៌មានដល់អ្នកវិនិយោគទុនអឺរ៉ុបយល់កាន់តែច្បាស់ពីច្បាប់ លិខិតបទដ្ឋាន និងគោលនយោបាយពាក់ព័ន្ធនិងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

ភាគីទាំងពីរបានប្តេជ្ញាបន្តភាពជាដៃគូ នេះបន្តទៀតក្នុងការដោះស្រាយនូវរាល់សំណូមពរ ឬកង្វល់នានា សំដៅធ្វើយ៉ាងណា ឱ្យបរិយាកាសវិនិយោគនៅកម្ពុជា បន្តបានភាពទាក់ទាញជាពិសេសដល់សហគមន៍អឺរ៉ុប៕