ឯកឧត្តមបណ្ឌិត អុិត សំហេង និងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ អញ្ជើញកាន់បិណ្ឌទី១៣ នៅវត្តលង្កាព្រះកុសុមារាម

 Thursday, 26 September 2019 12:56  |    Written by MLVT  |  226 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញក្នុងពិធីរាប់បាត្រ កាន់បិណ្ឌ ក្នុងថ្ងៃកាន់បិណ្ឌទី១៣ នៅវត្តលង្កា​ ស្ថិតក្នុងសង្កាត់បឹងកេងកង១​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បាននាំយកនូវទេយ្យវត្ថុ​ និងបច្ច័យដែលបានមកពីការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់​ និងពីក្រុមគ្រួសារឯកឧត្តមផ្ទាល់​ ប្រគេនដល់សម្ដេចព្រះចៅអធិការ វត្តលង្កាព្រះកុសុមារាម ដែលមានបច្ច័យចំនួន​ ១២​ លាន​​រៀល​ រួមនឹងក្រុមការងារ​ខណ្ឌបឹងកេងកង​ និងសង្កាត់​បឹងកេងកង១​ បច្ច័យចំនួន​ ១៤លាន​ ២សែនរៀល​ សរុបបច្ច័យទាំងអស់ចំនួន​ ២៦លាន​ ២សែនរៀល។

ឯកឧត្តមរដ្ឋមន្រ្តី​ បានឧទ្ទិសនូវមគ្គផលកុសលផលបុណ្យដែលបានរួបរួមគ្នាកសាងនៅថ្ងៃនេះ​ ជូនចំពោះបុព្វការីជន​ វីរៈជន និងញាតិការទាំង​អស់ ដែលបានចែកឋានទៅកាន់លោកខាងមុខ​ សូមបានទទួលនូវមគ្គផលកុសលផលបុណ្យនេះ​ និងបួងសួងសូមដល់ដួងវិញ្ញក្ខន្តអស់លោកទាំងអស់បានឈោងឆាប់កំណេីតទៅកាន់ទីឋានបរមសុខ​ ហេីយបែរក្រោយអោយពរជ័យដល់យេីងខ្ញុំទាំងអស់ទទួលបាននូវពរជ័យទាំង៥ប្រការកុំបីឃ្លៀងឃ្លាតឡេីយ៕