ឯកឧត្តម អុិត សំហេង ដឹកនាំកិច្ចពិភាក្សានៃអង្គសន្និសីទ ថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣

 Tuesday, 17 September 2019 18:25  |    Written by MLVT  |  186 times  |   Print  |   Email

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅ សណ្ឋាគាររអប្សរាជាឡេស ខេត្តសៀមរាប ក្នុងនាមព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោមប្រធានបទ “ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV កិច្ចសហប្រតិបត្តិការវិស័យរបបសន្តិសុខសង្គម”។

សន្និសីទនេះ ត្រូវបានប្រារព្វពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចពិភាក្សានៃអង្គសន្និសីទ ថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣នេះ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើ វិស័យការងារ និងការឯកភាពគ្នាលើយន្តការរួមមួយ ឆ្ពោះទៅកាន់ការរៀបចំក្របខ័ណ្ឌរួមស្តីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេស CLMTV។

អង្គសន្និសីទសម្រេចបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖

   - បានឯកភាពគ្នាលើ ផែនទីបង្ហាញផ្លូវទីក្រុងសៀមរាបដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការងារ ស្ដីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV (Siem Reap Roadmap toward Labour Ministerial Declaration on the Portability of Social Security for Migrant Workers in the CLMTV Countries) ដែលជាត្រីវិស័យក្នុងការសម្រេចឱ្យបាននូវក្របខ័ណ្ឌរួមមួយដើម្បីធានាថាពលករទេសន្តរប្រវេសន៍ នឹងទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមនៅពេលធ្វើមាតុភូមិនិវត្តន៍ ឬផ្លាស់ទីកន្លែងធ្វើការនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម។

   - បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣នេះ ដោយសង្កត់ធ្ងន់ លើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ដើម្បីឈានទៅសម្រេចឱ្យបាននូវកិច្ចគាំពារពលករទេសន្តរប្រវេសន៍ក្នុងប្រទេស CLMTV តាមរយៈការដាក់ចេញនូវយន្តការចល័តភាពរបបសន្តិសុខសង្គម។

លទ្ធផលខាងលើនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ដើម្បីការពារ និងលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍របស់ពលករ ទេសន្តរប្រវេសន៍ដែលកំពុងធ្វើការនៅបរទេស បន្ថែមលើកិច្ចគាំពារសង្គម និងការលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិតនៅក្នុងប្រទេស ស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥), គោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ (២០១៥-២០២៥) និងគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា (២០១៩-២០២៣)៕