បើប្រៀបធៀបគ្នា ១៦ ប្រទេស ទើបដឹងថាកម្ពុជាយើងគ្រាន់បើជាងគេ ក្នុងការផ្តល់សេវាស្វែងរកទីផ្សារការងារនៅប្រទេសកូរ៉េ ជូនបងប្អូនខ្មែរយើង

 Tuesday, 10 September 2019 12:27  |    Written by MLVT  |  83 times  |   Print  |   Email

(សាធារណរដ្ឋកូរ៉េ)៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ បានតំណាងគណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅបរទេស ទៅចូលរួមសន្និសីទស្តីពី ប្រព័ន្ធអនុញ្ញាតិមុខរបរ (EPS) ប្រចាំ ឆ្នាំលើកទី១៥ នៅសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីតំណាងភ្នាក់ងារ បញ្ជូនចំនួន ១៦ប្រទេស។

តាមរយៈសន្និសីទនេះ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ (HRD KOREA) បានពិនិត្យនិងវាយតម្លៃផ្តល់ពិន្ទុល្អ ដល់ប្រទេសកម្ពុជា ដូចជា៖

១-រយៈពេលធ្លាក់កិច្ចសន្យា រហូតដល់ថ្ងៃចេញដំណើរដល់កូរ៉េ តិចជាងគេ គឺត្រឹម ៤១ថ្ងៃ ក្នុងខណៈពេលរយៈពេលមធ្យមនៃប្រទេសផ្សេងទៀតមានចំនួន ៤៨ថ្ងៃ។

២-អត្រាបងប្អូនពលករផ្លាស់ប្តូរថៅកែ ក្នុងរយៈពេល ៣ខែដំបូង ក្រោយពេលចូល ធ្វើការទាបជាងគេ។

៣-អត្រាពលកររស់នៅខុសច្បាប់មានចំនួនតិចជាងមធ្យមភាគ។

៤-មានសេវាចំណាយ គិតចាប់ពីពេលប្រឡងជាប់ រហូតដល់ពេលចេញដំណើរ (1057$) តិចជាងចំណាយមធ្យមភាគនៃប្រទេសផ្សេងទៀត (1097$) ជាពិសេស មិនមានការតម្រូវឲ្យបងប្អូនពលករ ឬក្រុមគ្រួសារពលករដាក់ប្រាក់តម្កល់ចំនួនពី 5000$ (ប្រាំពាន់ដុល្លារ ដូចនៅវៀតណាម និងទីម័រខាងកើត) ទៅ 36 000$ (បីម៉ឺនប្រាំមួយពាន់ដុល្លារ ដូចប្រទេសបង់ក្លាដេស) និងមានចំណាត់ការផ្នែកច្បាប់ ដោយហាមឃាត់គ្រួសារពលករមិនឲ្យចេញទៅក្រៅប្រទេស ប្រសិនជាពលករ រត់គេចរស់នៅខុសច្បាប់នៅកូរ៉េ។ នេះជាចំណុចដែលអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ (HRD KOREA) ចង់ឲ្យបណ្តាប្រទេស ផ្សេងទៀត ផ្តោតលើការអប់រំសតិអារម្មណ៍ដល់ពលករប្រសើរជាងការដាក់ប្រាក់តម្កល់ ឬការ គំរាមកំហែងផ្នែកច្បាប់ទៅលើសមាជិក ក្រុមគ្រួសារដែលមាន ពលកររត់គេច។

៥-មានប្រព័ន្ធប្រឡងតេស្តសមត្ថភាពភាសាកូរ៉េតាមកុំព្យូទ័រធំជាងគេ។

៦-មានសេវាអមពលកររហូតដល់និយោជកមកទទួលបានយ៉ាងល្អ ដែលជាហេតុ ធ្វើឲ្យនិយោជកមិនដែលអន់ចិត្តចំពោះការខកខានជើងយន្តហោះ ឬវង្វេង យន្តហោះដូចពលករប្រទេសមួយចំនួន។

៧-មានសេវាថែទាំពលករក្រោយពេលមកដល់កូរ៉េល្អជាងគេ គឺទី១. មានផ្ទះស្នាក់ នៅបណ្តោះអាសន្នចំនួន ៧កន្លែងនៅទូទាំងប្រទេសកូរ៉េ, ទី២. មានបង្កើតកម្មវិធី ប្រពៃណីច្រើនដើម្បីកាត់បន្ថយការនឹកស្រុកកំណើត និងផ្សព្វផ្សាយប្រពៃណីខ្មែរ ដល់និយោជកកូរ៉េ និងប្រជាជនកូរ៉េទាំងមូលឲ្យកាន់តែយល់វប្បធម៌ខ្មែរកាត់ បន្ថយជម្លោះឬការយល់ច្រឡំ ទី៣. មានវិធីសាស្ត្រក្នុងការបង្រៀនពលករឲ្យចេះ សន្សំថវិកា និងផ្តល់វគ្គសហគ្រិនភាពដល់ពលករ ទី៤. មានការស្នើសុំទៅ HRD Korea ចុះសួរសុខទុក្ខពលករញឹកជាងប្រទេសដទៃ (ជាមធ្យម១ខែ២ដង)។

៨-មានអត្រាជោគជ័យក្នុងជីវិតខ្ពស់ក្នុងចំណោមពលករដែលចប់កិច្ចសន្យាការងារ ហើយវិលត្រឡប់ទៅដល់កម្ពុជាវិញ។ ជោគជ័យ និងកិត្តិយសនាថ្ងៃនេះ គឺផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល និងបងប្អូនពលករខ្លួនឯងផង។ ការផ្តល់ឱកាសការងារដល់បងប្អូនពលករខ្មែរមកធ្វើការនៅសាធារណរដ្ឋកូរ៉េ ១នាក់ មានន័យថាបានជួយធ្វើឲ្យគ្រួសារទាំងមូលឱ្យមានឱកាសផ្លាស់ប្តូរជីវភាពរស់នៅកាន់តែរីកចំរើនបានលឿន!