Print this page

ឆ្នាំ២០១៩នេះ ក្រសួងការងារត្រូវការមន្ត្រីថ្មីចំនួន១៤នាក់

 Friday, 06 September 2019 11:04  |    Written by MLVT  |  4404 times

(ភ្នំពេញ)៖ តាមការកំណត់នៅព្រឹកថ្ងៃទី៦ កញ្ញា ឆ្នាំ២០១៩នេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌ"ក" ដោយមានបេក្ខជនចូលរួមប្រឡងសរុប ៧៥៨នាក់ ។

ការប្រឡងជ្រើសរើសមន្រ្តីរាជការ និងសិស្សនិស្សិតឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ឆ្នាំ២០១៩នេះ បានប្រព្រឹត្តទៅ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ លើជំនាញសំខាន់ៗចំនួន ៨ផ្សេងគ្នា មានដូចជា ព័តមានវិទ្យា, នីតិសាស្រ្ត, គ្រប់គ្រងទូទៅ, ធនាគារ និងហិរញ្ញវត្ថុ, អក្សរសាស្រ្តអង់គ្លេស, រដ្ឋបាលសាធារណៈ, គណនេយ្យ និងទំនាក់ទំនងអន្តរជាតិ។

  ក្នុងពេលបើកវិញ្ញាសារប្រឡង ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ដល់បេក្ខជនថា គណៈកម្មការ និងអនុគណៈកម្មការរៀបចំ នឹងទទួលខុសត្រូវការប្រឡងនេះ នៅតែពង្រឹងការងារត្រួតពិនិត្យ ក៏ដូចជាការកែសន្លឹកកិច្ចការយ៉ាងហ្មត់ចត់ជានិច្ច ដើម្បីចម្រាញ់យកមន្ត្រីថ្មីប្រកបដោយសមត្ថភាពពិតប្រាកដ ដែលនឹងក្លាយទៅជាកម្លាំងជួយជំរុញការអភិវឌ្ឍជាតិ។ ដោយឡែក សម្រាប់បេក្ខជនប្រឡង ត្រូវធ្វើយ៉ាងណាឱ្យការប្រឡងនេះ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌។

ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ២០១៩នេះ ត្រូវបានចែកចេញជា ២វិញ្ញាសា គឺចំណេះដឹងទូទៅ ដែលមានរយៈពេលប្រឡង ២ម៉ោង និងវិញ្ញាសាភាសាអង់គ្លេស ដែលមានរយៈពេល ១ម៉ោង ៣០នាទី។ ការប្រឡងនេះទៀតសោត ក៏មានការចូលរួមសហការរៀបចំពីក្រសួងមុខងារសាធារណៈ និងមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ផងដែរ៕