ឯកឧត្តម អ៊ិត សំហេង ដាក់ទិសដៅដល់គ្រឹះស្ថាន TVET ក្រោមឱវាទក្រសួងការងារ ត្រូវស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីៗយកមកបណ្ដុះបណ្ដាលដល់យុវជន

 Thursday, 08 August 2019 16:02  |    Written by MLVT  |  381 times  |   Print  |   Email

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាប់ផ្ដើមអនុវត្តយុទ្ធសាស្ត្រទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈ(TVET) និងដាក់ចេញអនុសាសន៍ជំរុញឱ្យគ្រឹះស្ថានអប់រំទាំងអស់ ដែលស្ថិតក្រោមឱវាទរបស់ខ្លួន ត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រនេះ ប្រកបដោយប្រសិទ្ធភាពទៅដល់សិក្ខាកាម ដើម្បីឆ្លើយតបនឹងការរីកចម្រើនបច្ចេកវិទ្យាទំនើប ឬហៅថាបដិវត្តឧស្សាហកម្ម ៤.០។

ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រខាងលើឱ្យបានផុសផុល ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកំណត់ថា នឹងចុះជំរុញផ្ទាល់នៅតាមគ្រឹះស្ថានអប់រំទាំងឡាយ ដែលចំណុះក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈម្ដងមួយៗ តួយ៉ាងនាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង ដែលមានការអមដំណើរដោយឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតផងនោះ បានចុះទៅដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

សកម្មភាពចុះត្រួតពិនិត្យផ្ទាល់ខាងលើនេះ ត្រូវបានធ្វើឡើងដើម្បីជំរុញលើកទឹកចិត្តក្នុងការអនុវត្ត នូវគោលនយោបាយ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងអនុវត្តទៅតាមអាទិភាពទី២ដែលបានដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រ ការអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ ដែលពង្រឹងបន្ថែមទៅលើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈ (TVET) ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានកំណត់ទិសដៅលើកកម្ពស់ឱ្យវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៅតែក្លាយជាវិទ្យាស្ថាននាំមុនគេ ក្នុងការសិក្សាស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ហើយត្រូវរកឱ្យឃើញនូវការអភិវឌ្ឍជំនាញថ្មីៗ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលដល់យុវជនកម្ពុជា សំដៅឆ្លើយតបនឹងបរិបទសាកលភាវូបនីយកម្ម និងដំណាក់កាលបដិវត្តឧស្សាហកម្ម ៤.០ ឬហៅថា ឌីជីថលណូបនីយកម្ម។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកទឹកចិត្តដល់សាស្រ្តាចារ្យ នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ត្រូវខិតខំបន្តការអប់រំ បណ្ដុះបណ្ដាល និងលើកទឹកចិត្តឱ្យសិស្ស និស្សិត ត្រូវខិតខំសិក្សារៀនសូត្រតាមជំនាញរបស់ខ្លួន ធ្វើយ៉ាងឱ្យវិទ្យាស្ថានជាតិមួយនេះក្លាយជាគ្រឹះស្ថាននាំមុខគ្រប់វិស័យ ក្នុងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងប្រព័ន្ធគ្រប់គ្រង សមត្ថភាពគ្រូបណ្ដុះបណ្ដាល និងគុណភាពរបស់សិស្ស-និស្សត សិក្ខាកាម។ នាឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានទាញការចាប់អារម្មណ៍ទៅដល់យុវជនកម្ពុជាទាំងឡាយ គប្បីងាកមកចាប់អារម្មណ៍ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលកំពុងមានភាពចាំបាច់ និងកំពុងមានតម្រូវការខ្លាំងក្នុងទីផ្សារការងារបច្ចុប្បន្ន និងអនាគត។

ដើមចមធំបំផុតដែលឯកឧត្តមបណ្ឌិត អ៊ិត សំហេង អំពាវនាវដល់យុវជនយ៉ាងដូច្នេះ ក៏ដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្រផ្ដល់អត្ថិភាពភាពទៅលើកត្តាធនធានមនុស្ស ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលធ្វើឱ្យតម្រូវការធនធានមនុស្សពិតជាមានការចាំបាច់ ពិសេសអ្នកដែលមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈនេះតែម្ដង។ ពិសេសលើសពីនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា ឯកឧត្តមនឹងជំរុញឱ្យវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នេះ សិក្សារៀបចំឱ្យមានមន្ទីរពិសោធន៍ និងបច្ចេកវិទ្យាដំឡើងប្រព័ន្ធអ៉ិនធើណេតកម្រិត 5G នាពេលឆាប់ៗខាងមុខទៀតផង៕