ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ស្នើក្រុមការងារបច្ចេកទេសចម្រុះបន្តពង្រឹងគុណភាពវិស័យ TVET បន្ថែម ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ

 Thursday, 04 July 2019 11:15  |    Written by MLVT  |  278 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG-TVET) បានស្នើឱ្យក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បន្តពង្រឹងគុណភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ននេះ។

ការស្នើយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG on TVET) នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។ គោលបំណងនៃកិច្ចប្រជុំមានចំណុច៣សំខាន់ រួមមាន៖

   ១-ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រសកម្មភាពវិស័យ អ.ប.វ ២០១៩-២០២៣។

   ២-ពិភាក្សាសម្រេចយកសូចនាករវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ចូលទៅក្នុងសូចនាករតាមដានរួមគ្នារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

   ៣-បង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវ និងការបែងចែកផលនៃកំណើនប្រកបដោយសមធម៌ស្របតាមកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (២០១៩-២០២៣) ដែលបានកំណត់នូវយុទ្ធសាស្រ្តគន្លឹះចំនួន៥ ដែលក្នុងនោះ យុទ្ធសាស្រ្តទី២ គឺ «ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ»។

លោក Simon Junker នាយកប្រតិបត្តិស្តីទី នៃទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) និងជាអ្នកដឹកនាំសម្របសម្រួលដៃគូអភិវឌ្ឍន៍ក្រុម TWG-TVET បានលើកឡើងថា នាពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានសម្រេចនូវអាទិភាព ដែលមានចែងក្នុងយុទ្ធសាស្រ្ត និងផែនការជាតិតាមវិស័យជាមួយភាគីពាក់ព័ន្ធ រួមមាន៖ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជននានា ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គមសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន និងទៅអនាគតនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងថា នៅចំពោះមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានសម្រេចនូវលទ្ធផលសំខាន់ៗមួយចំនួន រួមមាន៖

   * បានរៀបចំ និងអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥។

   * បានធ្វើយុទ្ធនាការផ្សព្វផ្សាយបង្កើនការយល់ដឹង អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការតម្រង់ទិសវិជ្ជាជីវៈទាំងថ្នាក់ជាតិ និងក្រោមជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានស្នើដល់អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ត្រូវរួមកិច្ចសហប្រតិបត្តិការគ្នាយ៉ាងសកម្ម ដើម្បីសម្រេចគោលដៅសូចនាករតាមដានរួមគ្នា ឆ្នាំ២០១៩-២០២៣ ដែលបានឯកភាពគ្នានៅថ្ងៃនេះ។ ដើម្បីសម្រេចបាននូវធនធានមនុស្ស ឬកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការទីផ្សាការងារ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៉ិត សំហេង បានផ្តល់ជាអនុសាសន៍ដូចតទៅ៖

   ១-បន្តពង្រឹងគុណភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។

   ២-បន្តពង្រីកការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីគាំទ្រការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម។

   ៣-បន្តពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន និងដៃគូនានា ដើម្បីធានានិរន្តរភាពនៃការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។

   ៤-បន្តលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៕